(កំពង់ចាម)៖ ក្រោយពីទទួលបានព័ត៌មាន អំពីបទល្មើសនេសាទខុសច្បាប់ និងមានការឯកភាពពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានចាត់កម្លាំងចុះសហការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកកងមាស។
របាយការណ៍បានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងដោយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ និងកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ដឹកនាំដោយ លោក ខេង ម៉េងឈុន អភិបាលរងស្រុកកងមាស ដោយមានការចង្អុលបង្ហាញពីលោក មឿន ផា អភិបាលស្រុកកងមាស បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចបឹងទាមលៀង ឃុំកងតាណឹង និងបឹងB៦ ឃុំស្តៅ ស្រុកកងមាស។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចដកហូតបាន លូស្បៃមុង ចំនួន៧៧មាត់, របាំងស្បៃមុង ប្រវែង២,២២៥ម៉ែត្រ, បង្គោលចម្រុះ ចំនួន៨៣៥ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិ ចំនួន៦៩៧គីឡូក្រាម។ ចំពោះសម្ភារវត្ថុតាង បានសហការដុត និងកាប់បំផ្លាញចោលនៅនឹងកន្លែង ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕