(ភ្នំពេញ)៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា CUS ជារៀងរាល់ឆ្នាំបានរៀបចំសន្និសីទប្រចាំឆ្នាំ ដែលជាផ្នែកមួយ នៃយន្តការលើកកម្ពស់គុណភាព បណ្តុះបណ្តាល និងដើម្បីពង្រីកពង្រឹងចំណេះដឹងទូទៅ ព្រមទាំងសមត្ថភាពរបស់និស្សិត។
ជាក់ស្តែងកាលពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០១៨ សាកលវិទ្យាល័យ បានរៀបចំសន្និសីទស្តីពី «សិក្សានៅឧត្តមសិក្សា ដើម្បីអនាគតរុងរឿង និងជោគជ័យ» នៅសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ក្នុងគោលបំណង បង្ហាញនូវវិធីសាស្រ្តសិក្សា ឲ្យទទួលបានជោគជ័យ ការសិក្សាលើជំនាញទន់ ការរៀបចំអត្តចរិត និងការពង្រឹងសមត្ថភាព ដើម្បីទទួលបាននូវការងារល្អក្រោយពេលបញ្ចប់ការសិក្សា ដែលមានសិស្ស-និស្សិត និងសាស្រ្តាចារ្យប្រមាណជាង ៥០០នាក់បានចូលរួម។
អង្គពិធីទទួលបានការចូលរួមជាកិត្តិយសពីវាគ្មិន ដែលមានបទពិសោធន៍ ព្រមទាំងទ្រឹស្តីក្នុងជំនាញជាក់លាក់ មកពីអង្គការ និងស្ថាប័ន រួមនឹងថ្នាក់ដឹកនាំ របស់សាកលវិទ្យាល័យទីតាំងគោល និងសាខា។
វាគ្មិនលោក ក្លិន ខេមរិទ្ធ មន្រ្តីជាន់ខ្ពស់សម្របសម្រួលកិច្ចការធនធានមនុស្ស នៃគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុអម្រឹត, លោក មាស សំណាង ប្រធានមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ, លោក អយ លាងសេង នាយកប្រចាំប្រទេស នៃអង្គការ CCDO Cambodia និងលោក ភិន ច័ន្ទសំណាង ប្រធាន អភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន CamHR បានអះអាងរួមគ្នាថា ការសិក្សាកាន់តែខ្ពស់នៅកម្រិតឧត្តមសិក្សា ត្រូវតែជាជម្រើស ដោយសារវាជាលក្ខណសម្បត្តិ អប្បបរមាមួយសម្រាប់ការងារដ៏ល្អ ហើយវាបង្កើតនូវគំនិត និងបញ្ញា ដែលជាប្រទីប និងជាស្ពានឈានទៅរកភាពជោគជ័យកាន់តែប្រសើរឡើង។
ការសិក្សាក្នុងថ្នាក់ ត្រូវតែផ្តោតខ្លាំងទៅលើជំនាញ តាមរយៈការងារជាអាទិភាព គឺការស្រាវជ្រាវ ការអាន កាកត់ត្រាសង្ខេប ជាប្រចាំបំពេញបន្ថែម ដោយការចូលរួមសិក្ខាសាលា សន្និសីទវេទិកាផ្សេងៗ ព្រមទាំងការចុះកម្មសិក្សា ឬហាត់ការពាក់ព័ន្ធជំនាញដែលនិស្សិតជ្រើសរើស។ ទាំងអស់នេះ គឺជាទិសដៅការងារពាក់ព័ន្ធតូចៗ ធ្វើឡើងតាមដំណាក់ និងលំដាប់លំដោយឈានទៅសម្រេចគោលដៅធំយូរអង្វែង ហើយការសិក្សាបានជោគជ័យ ក៏ទាមទារឲ្យមាននូវការរៀបចំផែនការសកម្មភាព និងគោលដៅជាក់លាក់ផងដែរ។
វាគ្មិនទាំងអស់បានឯកភាពបន្ថែមទៀតថា សិស្ស-និស្សិត ត្រូវពង្រឹងជំនាញទន់បន្ថែមទៀត ដូចជាជំនាញទំនាក់ទំនង ជំនាញកំព្យូទ័រ ការផ្តល់សេវាកម្ម ភាពជាអ្នកដឹកនាំ ព្រមទាំងភាសា។ ភាសាអាចជា ភាសាណាមួយដែលមានតម្រូវការក្នុងទីផ្សារការងារ ដើម្បីជាយាន្តក្នុងការទំនាក់ទំនង ពង្រីក និងពង្រឹង សមត្ថភាពឲ្យកាន់តែពូកែ។
ជោគជ័យក្នុងការសិក្សាក្នុងអាជីពក្តី ទាមទារនូវការរៀបចំខ្លួនប្រាណ និងអត្តចរិតសមរម្យ ភាពខិតខំធ្វើការងារលើការរំពឹង (Go Extra Miles)។ សិស្ស-និស្សិត គ្រប់រូបទោះបីជា កូនអ្នកក្រ ឬកូនអ្នកមាន សិក្សានៅក្នុងខេត្ត ឬក្រុងនឹងអាចទទួលជោគជ័យគ្រប់ៗគ្នា ឲ្យតែមានការខិតខំ ធ្វើសកម្មភាព តស៊ូ ព្យាយាម មិនបោះបង់គោលដៅ ( (towards success, you must not quit)។
វាគ្មិនកត្តិយស បានបង្ហាញជូនអំពីស្ថាប័នរបស់ខ្លួន លក្ខណសម្បត្តិ នៃបុគ្គលិកដែលត្រូវមាន ដើម្បីឲ្យអ្នកចូលរួមបានដឹង ត្រៀមលក្ខណៈឲ្យបានសមស្របជាស្រេច ក្នុងការទទួលបានការងារក្នុង អំឡុងពេលសិក្សា ឬក្រោយពេលបញ្ចប់ការសិក្សា។
ក្នុងនោះដែរវាគ្មិន ដែលជាតំណាងស្ថាប័ន បានប្តេជ្ញាសហការតាមរយៈការចុះអនុស្សរណៈ ដើម្បីផ្តល់ឱកាសឲ្យនិស្សិតបានចុះធ្វើកម្មសិក្សា ហាត់ការ ឬស្រាវ ជ្រាវ ក្នុងគោលបំណងជួយពង្រឹងធនធានបញ្ញាឲ្យកាន់តែប្រសើរដើម្បីទទួលបានជោគជ័យក្នុងការសិក្សា ការងារ និងសម្រាប់ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
ក្នុងពិធីបើក និងបិទតំណាងសាកលវិទ្យាល័យទីតាំងគោល និងសាខា រួមមាន លោកសាស្រ្តាចារ្យ បណ្ទិត មាស បូរ៉ា សាកលវិទ្យាធិការ, លោកសាស្រ្តាចារ្យបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង, លោក ណន ធី នាយកសាខាខេត្តបាត់ដំបង, លោក វ័ន វឿ នាយកសាខាខេត្តបន្ទាយមានជ័យ និងលោក ឃី វណ្ណេត នាយកសាខាខេត្តសៀមរាប បានឲ្យដឹងថា ក្នុងឆ្នាំសិក្សាថ្មីនេះ CUS ទទួលបានកំណើននិស្សិត ថ្មីច្រើនគួរឲ្យកត់សម្គាល់។
បច្ចុប្បន្ននិស្សិតមានប្រមាណជិត២០,០០០នាក់ កំពុងសិក្សានៅក្នុងទីតាំងគោល និងសាខាទាំង៨ ដែលមាន២ទីតាំងនៅរាជធានីភ្នំពេញ និងសាខាខេត្តចំនួន៦ រួមមាន ខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត ព្រមទាំងបាននិងកំពុងមានការនិយមខ្ពស់ ពីសំណាក់អ្នកសិក្សា ខណៈនិស្សិតដែលបានបញ្ចប់ការសិក្សា មានជាង៣០,០០០នាក់។
គុណភាពនៃការបណ្តុះបណ្តាលត្រូវបានលើកកម្ពស់ជាប្រចាំ ពោលរយៈពេលជាង១៧ឆ្នាំកន្លងមកនេះ CUS បានខិតខំប្រឹងប្រែង គ្រប់សកម្មភាពទាំងការកសាង ហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ ផ្នែករឹង សេវាកម្មគាំទ្រ បរិស្ថានសិក្សា គុណភាពបង្រៀន និងគុណភាពរៀន ដែលបង្ហាញពីភាពរឹងមាំ និងភាពម្ចាស់ការរបស់ខ្លួន ក្នុងគោលបំណងសម្រេចឲ្យបាន នូវគោលគំនិត «ទាំងអស់គ្នាដើម្បីគុណភាព គុណភាពដើម្បីទាំងអស់គ្នា»។ CUS នឹងប្តេជ្ញាអនុវត្តឲ្យបានកាន់តែល្អថែមទៀត ចំពោះគោលការណ៍គ្រប់គ្រងគុណភាពសរុប (TQM) និងសកម្មភាពសរុប (TAS) សំដៅធ្វើឲ្យនិស្សិតមានសមត្ថភាពវិជ្ជាជីវខ្ពស់ និងបុគ្គលិកលក្ខណសម្បត្តិល្អប្រពៃ៕