(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមហ៊ុន KrisEnergy ដែលទទួលបានសិទ្ធិវិនិយោគបូមប្រេងរបស់កម្ពុជា នៅអណ្តូងអប្សរា ប្លុក A ក្នុងដែនសមុទ្រកម្ពុជា បានប្រកាសថា ខ្លួនបានរកដៃគូជាក្រុមហ៊ុនផ្តល់សេវានាវាផលិតកម្ម ញែកប្រេងរួចហើយ ដែលកិច្ចសន្យានេះ មានទំហំទឹកប្រាក់ជិត២២លានដុល្លារ។
ចំពោះដំណឹងថ្មីនេះ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបង្ហាញនូវការសាទរចំពោះការរកបានដៃគូនេះ ដោយលោកចាត់ទុកថាជាការសម្រេចបានមួយជំហ៊ានថ្មីទៀត ក្នុងចំណោមជំហ៊ានបន្តបន្ទាប់ទៀត។
លោកអគ្គនាយកលើកឡើងថា «យើងសូមអបអរសាទរ ចំពោះការប្រកាសនេះ ដែលវាជាជំហ៊ានមួយក្នុងជំហ៊ានផ្សេងទៀត ដើម្បីឆ្ពោះទៅរកដំណក់ប្រេងនៅចុងឆ្នាំ២០១៩»។
លោកបញ្ជាក់ថា ជាជំហ៊ានបន្ទាប់ នៅពេលនេះក្រុមហ៊ុន KrisEngergy កំពុងរកអ្នកផ្តល់សេវាអភិវឌ្ឍន៍ផ្លាតហ្វមក្បាលអណ្តូង ដើម្បីដាក់ក្បាលខួង ហើយបន្ទាប់មកស្វែងរកអ្នកផ្តល់សេវាកម្មខួងអណ្ដូង ដែលប្រហែលជាត្រូវខួងចំនួន២០អណ្តូង។ បន្ទាប់ពីមានផ្លេតហ្វមក្បាលអណ្តូង និងសេវាកម្មខួង ហើយក្រុមហ៊ុននេះត្រូវរកអ្នកផ្តល់សេវានាវាផលិតកម្ម ដើម្បីធ្វើផលិតកម្មញែប្រេង ឧស្ម័ន ទឹក និងល្បាយផ្សេងៗចេញពីគ្នា ហើយនៅពេលនេះ KrisEnergy រកបានដៃគូនាវាផលិតកម្មរួចហើយ។ ជំហ៊ានបន្ទាប់មកទៀតនោះ គឺក្រុមហ៊ុននេះ ត្រូវរកកប៉ាល់ស្តុកប្រេង ដើម្បីស្តុកប្រេងដែលបូមបាន នឹងនាំចេញទៅលក់។
លោកអគ្គនាយករំពឹងថា នៅដើមឆ្នាំ២០១៩ ដ៏ខ្លីខាងមុខនេះ KrisEngergy នឹងរកបាននូវអ្នកផ្តល់សេវាអភិវឌ្ឍន៍ផ្លេតហ្វមក្បាលអណ្តូង, សេវាកម្មខួងអណ្តូង និងកប៉ាល់ស្តុកប្រេង ដើម្បីឈានទៅសម្រេចបាន ទៅតាមផែនការ ចុងឆ្នាំ២០១៩។
លោកអគ្គនាយកបញ្ជាក់ថា តាមពិតសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន KrisEnergy កាលពីពេលថ្មីៗនេះ មិនមែនប្រេងក្នុងអណ្តូងអប្សរា ប្លុក A អាចបូមចេញបាន៣ម៉ឺនបារ៉ែលក្នុងមួយថ្ងៃនោះទេ គឺគ្រាន់តែចង់បញ្ជាក់ថា នាវាផលិតកម្មរបស់ក្រុមហ៊ុនខ្លួន អាចមានសមត្ថភាពកែច្នៃប្រេងបាន៣ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ដោយបំពាក់នូវសម្ភារញែកឧស្ម័ន ប្រេង និងទឹក។
លោកពន្យល់ថា ការបូមបាន៣ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ គឺជាសមត្ថភាពរបស់នាវាផលិតកម្ម បានសេចក្តីថា ពេលខ្លះការបូមប្រេងពេលខ្លះបានច្រើន និងពេលខ្លះបានតិច ដែលពេលខ្លះអាចបូមបានជាង២ពាន់បារ៉ែលក្នុង១ថ្ងៃ ហើយថ្ងៃខ្លះវាអាចបានជិត៣ម៉ឺនបារ៉ែលក្នុង១ថ្ងៃ ប៉ុន្តែជាមធ្យមភាគប្រចាំឆ្នាំ ខ្ទង់ក្នុងរង្វង់៧ពាន់បារ៉ែលក្នុង១ថ្ងៃ។
សូមជម្រាបថា ក្រុមហ៊ុនរុករកប្រេង និងឧស្ម័នឯករាជ្យ KrisEnergy Ltd. របស់សិង្ហបុរី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានប្រកាសថាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ SJ Production Barge បានផ្តល់កិច្ចសន្យាដែលមានទំហំទឹកប្រាក់ជិត២២លានដុល្លារ ឲ្យក្រុមហ៊ុន Keppel Shipyard Ltd សម្រាប់ការកែលម្អ និងធ្វើឲ្យប្រសើរឡើងនូវនាវាផលិតកម្ម សម្រាប់ប្រើក្នុងគម្រោងអភិវឌ្ឍន៍អណ្តូងប្រេងកាតអប្សរា នៅតំបន់ប្លុក A ក្នុងដែនសមុទ្រកម្ពុជា ដែលជាគម្រោងអ៊ីដ្រូកាបូនដំបូងគេបង្អស់ នៅប្រទេសកម្ពុជា។
ទំហំទទួលខុសត្រូវការងាររបស់ក្រុមហ៊ុន Keppel Shipyard ទៅលើនាវាផលិតកម្មខាងលើ រួមមានការដំឡើងប្រព័ន្ធម៉ូឌុលផលិតថាមពល ដែលគេហៅថា Electrical House ក៏ដូចជាកន្លែងស្នាក់នៅថ្មី និងការងារជួសជុលកែលម្អដទៃៗទៀត។ នៅពេលឆ្លងកាត់ការកែលម្អហើយរួចរាល់ជាស្ថាពរប្រហែលនៅត្រីមាសទី៣ នៃឆ្នាំ២០១៩ នាវាផលិតកម្មនេះ នឹងមានសមត្ថភាពកែច្នៃប្រេងបានរហូតដល់៣ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ និងមានបំពាក់នូវគ្រឿងញែកឧស្ម័ន ប្រេង និងទឹកថែមទៀត។
តំបន់ប្លុក A របស់កម្ពុជា គ្របដណ្តប់លើផ្ទៃដីទំហំ ៣,០៨៣គីឡូម៉ែត្រការេនៃអាងសមុទ្រខ្មែរ ដែលស្ថិតក្នុងឈូតសមុទ្រថៃ ជាតំបន់មានជម្រៅចន្លោះពី៥០ ទៅ៨០ម៉ែត្រ៕