(ភ្នំពេញ)៖ ដោយមានការចាប់អារម្មណ៍ពីទេពកោសល្យរបស់កុមារាពីរនាក់បងប្អូន ដែលអាចនិយាយបានច្រើនភាសាក្នុងពេលលក់វត្ថុអនុស្សាវរីយ៍នាខេត្តសៀមរាប នៅថ្ងៃចន្ទ ទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់កុមារា ធុច សាលីក អាយុ ១៤ឆ្នាំ និងកុមារា ធុច ទិត្យា អាយុ ១១ឆ្នាំ សម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពរស់នៅ និងបន្តការសិក្សារហូតដល់ចប់ចុងចប់ដើម ក្លាយជាធនធានមនុស្សដ៏ពូកែរបស់សង្គមជាតិ។
តាមរយៈ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ ដែលប្រគល់អំណោយនាពេលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានកោតសរសើរដល់ទេពកោសល្យពូកែចងចាំភាសារបស់ក្មួយៗ ទាំងពីរនាក់ និងផ្តាំផ្ញើឱ្យយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្រឱ្យចេះច្បាស់លាស់ទាំងការនិយាយ និងការសរសេរ លើភាសាខ្មែរ និងភាសាបរទេស។
បន្ថែមពីនេះ ត្រូវចាប់យកជំនាញ ឬឯកទេសអ្វីមួយឱ្យបានច្បាស់លាស់ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីអនាគតភ្លឺស្វាងព្រោះការចេះភាសានិយាយតែមួយមុខមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តាំផ្ញើថ្លែងអំណរគុណដល់ឪពុកដែលប្រកបរបរជាជាងគំនូរ និងម្តាយជាអ្នកលក់វត្ថុអនុស្សាវរីយ៍ ដែលបានអប់រំប្រៀនប្រដៅ បណ្តុះបណ្តាលកូនៗ ឱ្យបានរៀនសូត្រគ្រប់គ្នា។ បន្ថែមពីនេះ សូមថ្លែងអំណរគុណដល់ ឧកញ៉ា ឌួង ឆាយ ដែលនឹងជួយឧបត្ថម្ភដល់ការរៀនសូត្ររបស់កុមាររហូតដល់ចប់មហាវិទ្យាល័យ ក៏ដូចជាសប្បុរសជនទាំងអស់ដែលជួយឧបត្ថម្ភ ជាបន្តបន្ទាប់ដើម្បីលើកទឹកចិត្ត និងជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅរបស់កុមារទាំងពីរនាក់នេះផងដែរ។
ទន្ទឹមនឹងនេះ កុមារាទាំងពីរនាក់បងប្អូន បានសម្តែងក្តីរំភើបរីករាយឥតឧបមាដោយទទួលបានការលើកទឹកចិត្តយ៉ាងកក់ក្តៅ ពីលោកយាយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយចៅៗសូមប្តេជ្ញាខិតខំសិក្សារៀនសូត្រឱ្យបានពូកែចាប់យកជំនាញច្បាស់លាស់ ធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អនៅក្នុងសង្គម។
សូមបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា នៅបានឧបត្ថម្ភថវិកាមួយចំនួន ដល់ឪពុកម្តាយរបស់កុមារាទាំងពីរនាក់ សម្រាប់ផ្គត់ផ្គង់ដល់ជីវភាពរស់នៅ និងចិញ្ចឹមបីបាច់ដល់កូនៗផងដែរ៕