(ភ្នំពេញ)៖ នៅព្រឹកព្រលឹមស្រាងៗ ថ្ងែទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សមត្ថកិច្ចខណ្ឌ៧មករា បានបញ្ចេញកំលាំងរបស់ខ្លួន ប្រដេញតាមចាប់មុខសញ្ញាចោរឆក់ តាមផ្លូវក្នុងភូមិសាស្ត្រទឹកដីខណ្ឌ ដើម្បីបង្ការ ទប់ស្កាត់បទល្មើសឆក់ ដែលកើតស្ទើររាល់ថ្ងៃ ហើយនាំឱ្យពលរដ្ឋមានការព្រួយបារម្ភ។
នៅព្រឹកថ្ងៃនេះផងដែរ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ មកធ្វើការសាកសួរ ដោយមានការសង្ស័យជាមុខសញ្ញា ដែលទើបចេញពីគុក។
សូមជម្រាបថា កាលពីថ្ងៃទី៦៖០៥នាទីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានស្ត្រីម្នាក់ជិះម៉ូតូឌុប ក្នុងគោលបំណងទៅជិះរថយន្តក្រុងទៅខេត្តក្រចេះ ស្រាប់តែមកដល់មុខវិមានសន្តិភាព ក៏មានជនសង្ស័យម្នាក់ជិះម៉ូតូមកពីក្រោយ ធ្វើសកម្មភាពឆក់កាបូប បានសម្រេចគេចខ្លួនបាត់ទាំងព្រលឹម។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីខាងលើបានជិះម៉ូតូឌុប ធ្វើដំណើរទៅចំណតរថយន្តក្រុងនៅម្ដុំវត្តស្រះចក ដើម្បីធ្វើដំណើរទៅស្រុកកំណើតនៅឯខេត្តក្រចេះ លុះមកដល់ចំណុចផ្លូវសហព័ន្ធរុស្ស៊ីមុខវិមានសន្តិភាព ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូបានធ្វើសកម្មភាពឆក់យកកាបូបរបស់គាត់ ដែលដាក់នៅខាងមុខនោះ បានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ សម្ភារនៅក្នុងកាបូបដែលចោរឆក់យកទៅមានប័ណ្ណ ប.ស.ស កាបូបលុយមួយមានលុយប្រមាណជាង ១០ម៉ឺនរៀល និងកាតការងារ។
ក្រោយកើតហេតុស្ត្រីរងគ្រោះ ត្រូវបានលោកនាយប៉ុស្តិ៍សង្កាត់មិត្តភាពឌុប ទៅប៉ុស្តិ៍នគរបាលមិត្តភាព ដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងវែកមុខរកជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕