(ភ្នំពេញ)៖ ការបែកធ្លាយផែនការរបស់ ហូរ វ៉ាន់ អតីតតំណាងរាស្ត្រខ្មោចបក្សសង្គ្រោះជាតិ ដែលកំពុងរត់គេចខ្លួន នៅក្រៅប្រទេសអំពាវនាវឱ្យអ្នកគាំទ្ររបស់ខ្លួន ទៅប្រមូលផ្តុំនៅមុខផ្ទះរបស់ កឹម សុខា ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៥ ដល់ម៉ោង៧ល្ងាច ត្រូវបានគេមើលឃើញថា ជាការរៀបចំផែនការជាប្រព័ន្ធ ដើម្បីសម្លាប់នយោបាយ កឹម សុខា បន្ថែមពីលើទម្ងន់នៃបទល្មើសក្បត់ជាតិ ដែលជនជាប់ចោទរូបនេះ កំពុងប្រឈមផ្លូវច្បាប់ចំពោះមុខតុលាការ។
ការលេចធ្លាយផែនការដែល ហូរ វ៉ាន់ បានបញ្ជាតាមបណ្តាញទំនាក់ទំនងសង្គម គឺធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានយកជីវិត និងសេរីភាពរបស់កឹម សុខា ធ្វើជារឿងលេងសើច នយោបាយ និងបានបបួលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់ដោយដាក់លក្ខខណ្ឌថា បើ កឹម សុខា ត្រូវបានដោះលែងនៅ ថ្ងៃទី២៩ ខែធ្នូ ឬយ៉ាងយូរនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នោះសម្តេចតេជោ ហ៊ុន សែន ត្រូវចុះចេញពីតំណែង ហើយបើមិនមានការដោះលែងក្រោមសម្ពាធអន្តរជាតិទេ នោះ សម រង្ស៊ី ខ្លួនឯងដែលកំពុងតែរួមរឹត ដោយទោសជាប់ខ្លួន សុខចិត្តចូលមកក្នុងប្រទេសកម្ពុជា ឱ្យអាជ្ញាធរចាប់ខ្លួន ដើម្បីអនុវត្តទោសដែលខ្លួនកំពុងរត់គេច។
នេះគឺជាផែនការទុច្ចរិតរបស់ក្រុម សម រង្ស៊ី និយម ដើម្បីធ្វើឱ្យ កឹម សុខា ត្រូវបន្តជាប់ឃុំកាន់តែយូរបន្ថែមទៀត និងជាពិសេសរៀបចំផែនការរុញ កឹម សុខា ឱ្យបំពានបំរាម ហើយត្រូវអាជ្ញាធរចាប់ខ្លួនឃុំក្នុងពន្ធនាគារវិញ ជាជាងការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដូចសព្វថ្ងៃនេះ។ កឹម សុខា ជាប់ចោទនឹងអំពើ «សន្ទិដ្ឋិភាព (ត្រូវរ៉ូវគ្នា) ជាមួយបរទេស» មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ហើយតុលាការកំពុង តែចាត់ការតាមនីតិវិធីបន្តទៅមុខទៀត។ បញ្ហាសុខភាពរបស់ កឹម សុខា ត្រូវបានតុលាការលើកមកបញ្ជាក់ថា ជាហេតុផលមួយនៃការសម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ននេះ។ ប៉ុន្តែទន្ទឹមនេះ តុលាការបានសម្រេចដាក់ កឹម សុខា ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលជាវិធានការជំនួសឱ្យការឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីធានាថា កឹម សុខា នឹងមិនរត់គេចខ្លួនពីនីតិវិធីតុលាការ។
វិធានការថ្មីនេះ គឺតម្រូវឱ្យកឹម សុខា គោរពនូវកាតព្វកិច្ចច្បាប់មួយចំនួន ដែលតាមប្រភពពីតុលាការបានឱ្យដឹងថា កឹម សុខា ត្រូវបានហាមឃាត់លើ ៖(ទី១)-ហាមមិនចេញពីព្រំប្រទល់ដែនដីមួយដែលចៅក្រមកំណត់ (ទី២)-ហាមជួបអតីតថ្នាក់ដឹកនាំ នៃគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលសម្រេចរំលាយចោល និងជនបរទេសមួយចំនួន និង(ទី៣)-ហាមធ្វើសកម្មភាពជួបជុំក្នុងគោលដៅនយោបាយ ឬធ្វើសកម្មភាពនយោបាយ។ បើមើលលើជ្រុងផ្លូវច្បាប់ ការដាក់កាតព្វកិច្ចដោយចៅក្រមស៊ើបសួរឱ្យ កឹម សុខា គោរព គឺមានហេតុផលច្បាស់លាស់ ក្នុងនោះ បម្រាមទី១ គឺយោងលើហេតុផលសន្តិសុខ, បម្រាមទី២ គឺយោងលើហេតុផល នៃការពាកព័ន្ធរបស់បុគ្គលផ្សេងទៀត នៅក្នុងសំណុំរឿង ដែលចៅក្រមកំពុងស៊ើបសួរ ហើយដែលច្បាប់អនុញ្ញាតឱ្យចៅក្រមហាមបុគ្គលទាំងនេះមិនឱ្យជួបគ្នា និងបម្រាមទី៣ គឺដោយយោងលើបទចោទប្រកាន់លើលោក កឹម សុខា ក្នុងសំណុំរឿងបដិវត្តពណ៌ ដែលសកម្មភាពនយោបាយ គឺជាអង្គហេតុស្នូលដែលការហាមឃាត់ការធ្វើសកម្មភាព នៅក្នុងអំឡុងពេលនៅក្រៅឃុំ គឺជារឿងត្រឹមត្រូវតាមផ្លូវច្បាប់ ហើយជាសត្យានុម័ត គឺចៀសមិនផុត។
ការទទួលបានការសម្រេចឱ្យនៅក្រៅឃុំ ជាបណ្តោះអាសន្ននាពេលនេះ គឺជាលាភផង និងជាឱកាសផងរបស់ កឹម សុខា។ ជាលាភ ដោយសារម្យ៉ាង វាជារឿងនឹកស្មានមិនដល់ថា ត្រូវបាននៅក្រៅឃុំជាបណ្តោះអាសន្ន ខណៈដែលបានស្នើសុំជាច្រើនលើក ប៉ុន្តែ មិនបានសម្រេច ហើយម្យ៉ាងទៀត វាបានកើតឡើងចំពេលដែល សម រង្ស៊ី កំពុងរៀបចំដណ្តើមយកការដឹកនាំក្រុមប្រឆាំងឡើងវិញ ដោយលើកហេតុផលថា កឹម សុខា នៅក្នុងពន្ធនាគារ។ ជាឱកាសដោយសារ ម្យ៉ាងវា គឺជាបំណងប្រាថ្នារបស់លោក កឹម សុខា ផ្ទាល់ដែលចង់បាននៅក្រៅឃុំងាយស្រួលព្យាបាលជំងឺ និងមើលថែទាំសុខភាពរបស់ខ្លួន និងម្យ៉ាងទៀត មានឱកាសកាន់តែល្អ ដើម្បីតស៊ូខាងផ្លូវច្បាប់នៅចំពោះមុខតុលាការផង និងរកផ្លូវចរចានយោបាយផង ដើម្បីអាចឈានទៅដោះខ្លួន តាមច្រកនៃការលើកលែងទោស ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី ដូចដែលបានអនុវត្តសម្រាប់ករណីគាត់លើកមុន។ ប៉ុន្តែ ការនៅក្រៅឃុំជាបណ្តោះអាសន្ននេះ គឺមិនស្ថិតស្ថេរនោះទេ ដោយហេតុផលផ្លូវច្បាប់ចំនួនពីរ៖ (ទី១)-ប្រសិនបើមាន ការបំពានកាតព្វកិច្ច ដែលកំណត់ដោយចៅក្រមនោះ ការឃុំខ្លួន កឹម សុខា ឡើងវិញ គឺជារឿងចៀសមិនផុត និង (ទី២)-នៅពេលនីតិវិធីតុលាការបានដើរទៅមុខ ហើយប្រសិនបើតុលាការរកឃើញកំហុសរបស់ កឹម សុខា និងសម្រេចផ្តន្ទាទោស នោះ កឹម សុខា នឹងអាចត្រូវសម្រេចចាប់ខ្លួន ដាក់ពន្ធនាគារជាថ្មីឡើងវិញ។
តើ សម រង្ស៉ី ចំណេញអ្វីពីការណ៍ដែលលោក កឹម សុខា បានចេញមកនៅក្រៅឃុំ? មើលមួយភ្លែត, គេឃើញហាក់ដូចលោក សម រង្ស៉ី សប្បាយចិត្តណាស់ ប៉ុន្តែសម្រាប់អ្នកតាមដានស្ថានការណ៍ នយោបាយនៅកម្ពុជា ការលេចមុខជាថ្មីរបស់ កឹម សុខា គឺជាគ្រោះនយោបាយដ៏ធំរបស់ សម រង្ស៊ី។ ខណៈដែល សម រង្ស៉ី កំពុងខិតខំដំឡើងខ្លួន ធ្វើជាមេដឹកនាំក្រុមប្រឆាំងឡើងវិញ ដោយយកលេសថា កឹម សុខា ជាប់នៅក្នុងពន្ធនាគារបែរជា កឹម សុខា ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ។ បើមិនមែនជាគ្រោះនយោបាយ តើជាអ្វីទៅវិញ? មិនតែប៉ុណ្ណោះ ការចេញក្រៅឃុំរបស់លោក កឹម សុខា និងការលើកលែងទោស ដល់សកម្មជនអតីតគណបក្សសង្រ្គោះជាតិកន្លងមក គឺបានធ្វើឱ្យ សម រង្ស៉ី ខាតបង់ជាច្រើន ដោយសារបាត់បង់នូវហេតុផល សម្រាប់ធ្វើនយោបាយបញ្ចុះបញ្ចូលបរទេស ហើយបាត់បង់ឱកាស ដើម្បីឡើងធ្វើជាមេដឹកនាំក្រុមប្រឆាំងឡើងវិញ។ អញ្ចឹងហើយ ដើម្បីបង្វែងដានរឿងគ្រោះនយោបាយនេះ សម រង្ស៊ី ខំស្រែកអួតធ្វើជាតួឯកថា ការដោះលែង កឹម សុខា ឱ្យនៅក្រៅឃុំ គឺជាស្នាដៃគាត់ ហើយប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់នៅឡើយ សម រង្ស៊ី តាំងធ្វើជាស្រែកទាមទារដោយស្រមើលស្រម៉ៃ គណបក្សសង្រ្គោះជាតិរស់ឡើងវិញ ឬធ្វើការបោះឆ្នោតឡើងវិញជាដើម។ តើមួយឆាកជីវិតនយោបាយរបស់ សម រង្ស៊ី ដែលបានទាមទារ ឬធ្វើអ្វីបានជោគជ័យ ? បរាជ័យរបស់ សម រង្ស៊ី ដែលថ្មី និងចុងក្រោយគេ គឺទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦ នៃរដ្ឋសភា កាលពីថ្ងៃទី ២៩ ខែកក្កដា កន្លងទៅ។
នៅមុនថ្ងៃបោះឆ្នោត សម រង្ស៊ី បានប្រកាសចាត់ទុកការបោះឆ្នោតនេះ ជាទម្រង់មួយនៃប្រជាមតិ ហើយបានសម្រេចដាក់ចេញនូវ យុទ្ធសាស្រ្តមហាអស្ចារ្យ របស់គាត់ គឺ «យុទ្ធសាស្រ្ត៖ ដេកផ្ទះ ឈ្នះឯង» ឬ « យុទ្ធសាស្រ្ត ៖ ម្រាមដៃស្អាត» ដោយធ្វើពហិការចូលរួមក្នុងការបោះឆ្នោត និងអំពាវនាវប្រជាពលរដ្ឋកុំឱ្យចេញទៅបោះឆ្នោត។ ប៉ុន្តែ ជាលទ្ធផល ប្រជាពលរដ្ឋជាង ៨៣% បានចេញទៅបោះឆ្នោត ហើយ គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះទាំងស្រុង ដោយទទួលបានអាសនៈទាំង ១២៥ នៅរដ្ឋសភា។ ជាមួយបរាជ័យនេះ សម រង្ស៊ី បានបាត់បង់ភាពជាមេដឹកនាំក្រុមប្រឆាំង ហើយចលនាពីខាងក្នុងក្រុមប្រឆាំង បានទាមទារឱ្យ សម រង្ស៊ី ចុះចេញពីមេដឹកនាំក្រុមប្រឆាំង និងទុកឱកាសឱ្យកូនស្រីលោក កឹម សុខា ដឹកនាំវិញម្តង។ បន្ថែមពីនេះ ឥឡូវ កឹម សុខា បានចេញនៅក្រៅឃុំជាបណ្តោះអាសន្ន ហើយអាចកំពុងសម្ងំរកឱកាស ដើម្បីធ្វើកិច្ចសន្ទនានយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក៏មិនដឹង។ ដូច្នេះ វត្តមានរបស់ កឹម សុខា គឺជាគ្រោះនយោបាយយ៉ាងពិតប្រាកដរបស់ សម រង្ស៊ី ដែលមិនអាចសម្រេចមហិច្ឆិតាទាមទារឡើងធ្វើ ជាមេដឹកនាំក្រុមប្រឆាំងឡើងវិញ។
ការចេញក្រៅឃុំរបស់ កឹម សុខា អាចចាត់ថា ជារឿងល្អមួយ ប៉ុន្តែរឿងអាក្រក់ គឺអាចកើតមានក្នុងពេលមួយប៉ព្រិចភ្នែក។ គន្លឹះផ្លូវច្បាប់ដើម្បី កឹម សុខា ចូលពន្ធនាគារវិញបាន គឺធ្វើម៉េចឱ្យ កឹម សុខា បំពានកាតព្វកិច្ចដែលកំណត់ដោយចៅក្រម។ ការពពាក់ពពូនគ្នាមកជួបលោក កឹម សុខា នៅផ្ទះគឺជាសញ្ញាផ្តល់គ្រោះថ្នាក់ កឹម សុខា។ ហេតុដូច្នេះហើយបានជាទាំង សម រង្ស៊ី និងក្រុមបក្ខពួករបស់ខ្លួន ខិតខំព្យាយាមរុញច្រាន កឹម សុខា ឱ្យបំពានបំរាមច្បាប់ និងធ្វើយ៉ាងណាឱ្យ កឹម សុខា ជាប់ឃុំ ឬរងការបំរាមកាន់តែយូរតាមតែ អាចធ្វើបាន។
សម្រាប់អ្នកដែលស្រឡាញ់ កឹម សុខា ប្រហែលជាមិនធ្វើរឿងដោយគ្មានការគិតពិចារណាដូចនេះទេ ហើយក៏ប្រហែលជាមិនចង់នាំទុក្ខដល់កឹម សុខា ដែរ។ សំណួរសួរថា ចៅក្រមបានដាក់បម្រាមមិនឱ្យ កឹម សុខា ជួបជាមួយអតីតថ្នាក់ដឹកនាំរបស់អតីតគណបក្សសង្រ្គោះជាតិ ចុះហេតុអ្វីបានជាអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ជំរុញឱ្យសកម្មជន និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ទៅខែងរែងនៅមុខផ្ទះ កឹម សុខា ទៅវិញ? គ្រោះធំមួយទៀតរបស់ កឹម សុខា ក្នុងស្ថានភាពនេះ គឺបញ្ហាសន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួន។ ដូច្នេះ ការណ៍ដែល កឹម សុខា សម្ងំនៅក្នុងផ្ទះ ក៏ជាផ្នែកមួយ ដើម្បីធានាសុវត្ថិភាពខ្លួនគាត់ផងដែរ ដើម្បីចៀសវាង ក្រុមបាតដៃទីបី និងល្បិច «ស្វាស៊ីបាយ លាបមាត់ពពែ»។ ចំណុចគួរឱ្យចាប់អារម្មណ៍ គឺកឹម សុខា បានស្នើសុំសមត្ថកិច្ច ដើម្បីការពារសន្តិសុខរបស់គាត់ ព្រោះបារម្ភរឿងបាតដៃទីបី ។ ដូចនេះ ការប្រមូលផ្តុំគ្នានៅមុខផ្ទះ កឹម សុខា គឺមានតែ «រឿងគ្រោះ» ច្រើនជាង «រឿងលាភ» តែប៉ុណ្ណោះ ហើយអ្នកដែលនឹងចំណេញពីរឿងនេះ គឺមានតែ សម រង្ស៊ី និងបក្ខពួករបស់ខ្លួនតែប៉ុណ្ណោះ ព្រោះចង់ឱ្យ កឹម សុខា នៅក្នុងឃុំកាន់ តែយូរកាន់តែប្រសើរ នឹងបានឱកាសរៀបចំសន្និបាតសាខាគណបក្សសង្គ្រោះជាតិ ដែលគ្រោងនឹងធ្វើឡើងនៅដើមខែធ្នូ នៅសហរដ្ឋអាមេរិកដើម្បីឱ្យ សម រង្ស៊ី អាចឡើងកាន់តំណែងជាប្រធានខ្មោចបក្សសង្គ្រោះ ជាតិឡើងវិញដោយលើកហេតុផលថា មានតែខ្លួនទេដែលអាចមានទម្ងន់ធ្ងន់ប្រកួត ឬនិយាយជាមួយសម្តេច តេជោ ហ៊ុន សែន បាន។
ប៉ុន្តែល្បិចកលនេះ ត្រូវបានបកអាក្រាតតាមរយៈការដើរយុទ្ធសាស្ត្រខុសរបស់ សម រង្ស៊ី គូប្រកួតនយោបាយក្នុងក្រុមប្រឆាំងគ្នាឯង ដោយបានការយកជីវិត និងសេរី ភាព កឹម សុខា មកលេងសើច និងធ្វើជាឡប់ឡែបិទបាំងទង្វើទុច្ចរិតរបស់ខ្លួន ក្នុងការឡើងដណ្តើមយកខ្មោចបក្ស ព្រោះចលនាឧទ្ទាមខុសច្បាប់ដែល សម រង្ស៊ី បានបង្កើតបានស្លាប់បាត់ ព្រោះគ្មានការទទួលស្គាល់ជាផ្លូវការ។ កំហុសធ្ងន់ជាងនេះគឺ សម រង្ស៊ី មិនយល់ពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលនិយាយថាដោះលែង កឹម សុខា ពេលនេះទាល់តែសេះដុះស្នែង។ សម រង្ស៊ី រៀនដល់ថ្នាក់បណ្ឌិតនៅបរទេស ប៉ុន្តែបែរជាមិនយល់ភាសាសាមញ្ញៗ ឬក៏សម រង្ស៊ី ពិតជាឡឺកឺមិនដឹងខ្យល់មែនបានជា ចេះតែដើរបកស្រាយខុស និងយល់ខុសយ៉ាងដូច្នេះ?
ប្រសិនបើសំណុំរឿង នៅក្នុងដៃតុលាការ ហើយមិនទាន់មានសាលដីកាស្ថាពរទេ នោះនាយករដ្ឋមន្ត្រីមិនអាចថ្វាយបង្គុំ ទូលថ្វាយព្រះមហាក្សត្រខ្មែរ ឱ្យមានការលើកលែងទោស ឬបន្ធូរបន្ថយទោសបាននោះទេ ហើយកាលដែល សម រង្ស៊ី និយាយថា កឹម សុខា នឹងត្រូវដោះលែងក្រោមសម្ពាធអន្តរជាតិ ក៏កាន់តែមិនអាចទៅរួចឡើយ ព្រោះកម្ពុជាជារដ្ឋឯករាជ្យ ប្រព័ន្ធតុលាការកម្ពុជាស្ថិតនៅក្នុងរដ្ឋអធិបតេយ្យ និងមានភាពឯករាជ្យ មិនអាចបរទេសណាមួយមកបញ្ជាប្រព័ន្ធតុលាការកម្ពុជាទេ ហើយថាខ្មោចគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ក៏កាន់តែជាការយល់សប្តិទាំងកណ្តាលថ្ងៃដែរ។ ដូច្នេះកាលដែល សម រង្ស៊ី ប្រព្រឹត្តទង្វើអសីលធម៌ និងគ្មានគុណធម៌ គ្មានតម្លៃជាមនុស្សដោយប្រមាថជីវិត កឹម សុខា និងសេរីកឹម សុខាជារបស់របរសម្រាប់សំណើច នយោបាយរបស់ខ្លួន គឺដើម្បីធ្វើឱ្យកឹម សុខា ជាប់ឃុំកាន់តែយូរ បញ្ចប់ជីវិតនយោបាយ កឹម សុខា ហើយខ្លួននឹងក្លាយជាតួឯកក្នុងហ្វូងអ្នកនយោបាយប្រឆាំងក្បត់ជាតិរត់ចោលស្រុក៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៨