(សៀមរាប)៖ ស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជួយធ្វើឱ្យជីវភាពរស់នៅក្នុងសហគមន៍ងាយរងគ្រោះក្នុងអាស៊ី មូលនិធិព្រូដិនស៍ ជាមួយនឹងក្រុមហ៊ុនព្រូដិនសលកម្ពុជា បានចូលរួមសហការជាមួយ អង្គការលំនៅឋានមនុស្សជាតិកម្ពុជា ដើម្បីសាងសង់ផ្ទះចំនួនប្រាំមួយខ្នង និងជួសជុលអគារសិក្សាមួយខ្នង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្រុមការងារស្ម័គ្រចិត្ត ប្រហែល៨០នាក់ មកពីទីផ្សារចំនួន១៤ របស់ក្រុមហ៊ុនព្រូដិនសលអាស៊ី បានចូលរួមក្នុងកម្មវិធីនេះ។ ដោយកម្មវិធីស្ម័គ្រចិត្តរយៈពេលពេញមួយសប្តាហ៍នេះ ចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែវិច្ឆិកា បានធ្វើឡើងក្នុងភូមិរុន ដែលជាភូមិដាច់ស្រយាលមួយ ចង្ងាយប្រហែល៤០គីឡូម៉ែត្រពីក្រុងសៀមរាប។
លោក ម៉ាក ហ្វ៊ែនស៊ី (Marc Fancy) នាយកប្រតិបត្តិ នៃមូលនិធិព្រូដិនស៍ ដែលជាមូលនិធិអភិវឌ្ឍសហគមន៍ប្រចាំតំបន់អាស៊ីរបស់ ក្រុមហ៊ុនព្រូដិនសលអាស៊ី បានថ្លែងថា បេសកកម្មរបស់មូលនិធិ គឺដើម្បីវិនិយោគលើសហគមន៍នៅទូទាំងតំបន់អាស៊ី តាមវិធីដែលមានប្រសិទ្ធភាព និងមានអត្ថន័យ។
លោកបានថ្លែងថា «ក្រុមហ៊ុនព្រូដិនសល ប្តេជ្ញាផ្តល់ការការពារនិងសុវត្ថិភាពដល់ក្រុមគ្រួសារ ទូទាំងទ្វីបអាស៊ី។ លំនៅឋានសមរម្យ និងការអប់រំប្រកបដោយគុណភាព គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍរបស់ប្រជាពលរដ្ឋ ដូច្នេះយើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូជាមួយ អង្គការលំនៅឋានមនុស្សជាតិ ដើម្បីជួយផ្តល់ហេដ្ឋារចនាសម្ព័ន្ធ ជាទីជម្រក និងការអប់រំដល់សហគមន៍ ភូមិរុន ក្នុងខេត្តសៀមរាប» ។
លោក ហ្វ៊ែនស៊ី បានបន្ថែមទៀតថា «នេះជាលើកដំបូងបំផុតដែលយើងបានរៀបចំកម្មវិធី PRUVolunteer នៅកម្ពុជា ហើយវាពិតជាអស្ចារ្យមែន។ ការសាងសង់ផ្ទះ គឺជាវិធីដ៏ល្អមួយដើម្បីជួយគ្រួសារដែលត្រូវការវា។ តាមរយៈកម្មវិធីស្ម័គ្រចិត្ត យើងកំពុងតែផ្លាស់ប្តូរជីវភាពរស់នៅសម្រាប់បុគ្គលម្នាក់ ក្រុមគ្រួសារ ឬសហគមន៍ ហើយនេះជារឿងដ៏រីករាយមួយ»។
លោក អ៊ុ ភឿន តំណាងរបស់អង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានថ្លែងថា «ដោយស្របតាមចក្ខុវិស័យរបស់យើង ក្នុងការជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ កម្មវិធី PRUVolunteer ធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងសហគមន៍ក្នុងខេត្តសៀមរាប ដោយក្រុមអ្នកស្ម័គ្រចិត្តជួយបង្កើនជីវភាពរស់នៅ តាមរយៈការសាងសង់ផ្ទះ គាំទ្រដោយអង្គការលំនៅឋានមនុស្សជាតិកម្ពុជា»។
កម្មវិធីស្ម័គ្រចិត្តនេះ គឺជាផ្នែកមួយនៃកម្មវិធី PRUVolunteer ប្រចាំតំបន់របស់ មូលនិធិព្រូដិនស៍។ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០១២ កម្មវិធី PRUVolunteer ប្រចាំតំបន់នេះ បានជួយផ្តល់ការគាំទ្រយូរអង្វែងដល់សហគមន៍នៅទូទាំងតំបន់អាស៊ី ដែលមានក្រុមហ៊ុនព្រូដិនសលធ្វើអាជីវកម្ម ៕