(ព្រះសីហនុ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការគាំទ្ររបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ (Manulife) នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចែកជូនជាមួកសុវត្ថិភាពចំនួនជាង១,០០០មួក ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សនៃសាលាបឋមសិក្សា ហ៊ុន សែន ក្រុង ដែលមានទីតាំងស្ថិតនៅក្នុងក្រុងព្រះសីហនុ។
ជាមួយគ្នានេះ មាតា បិតា អាណាព្យាបាលសិស្ស ជាង១០០នាក់ នឹងចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ ការពាក់មួកសុវត្ថិភាព ដែលកម្មវិធីមួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ បានផ្តោតលើការចូលរួមចំណែករបស់មាតាបិតា អាណាព្យាបាលសិស្ស ជាពិសេសអ្នកម្តាយ ដែលជាបុគ្គលគំរូដល់កូនៗ ជាកុមារក្នុងការពាក់មួកសុវត្ថិភាព។
កម្មវិធីនេះមានការចូលរួមពី លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក, អភិបាលរងខេត្តព្រះសីហនុ និងអ្នកពាក់ព័ន្ធផ្នែកសុវត្ថិភាពចរាចរណ៍ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន មាតាបិតា អាណាព្យាបាលសិស្ស សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិក និងក្រុមការងាររដ្ឋបាលនៃសាលាបឋមសិក្សា ហ៊ុន សែនក្រុង បុគ្គលិកនៃក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា និងបុគ្គលិក នៃមូលនិធិបង្ការរបួសអាស៊ី។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ដោយមានការផ្សារភ្ជាប់គ្នាជាវិជ្ជមានរវាងចំណេះដឹងរបស់មាតា បិតា អំពីការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងចំណេះដឹងរបស់កុមារ អំពីការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។
លោកស្រី មឹន ម៉ាណវី បានបន្ថែមថា រាជរដ្ឋាភិបាលពិតជាមានការគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសការពាក់មួកសុវត្ថិភាព ក្នុងចំណោមសិស្សានុសិស្សសំដៅកាត់បន្ថយ និងបង្កាការស្លាប់ និងការរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
ជាមួយគ្នានេះ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុ មានការកើនឡើងនូវចំនួនអ្នកប្រើប្រាស់ផ្លូវថ្នល់ ហើយជាលទ្ធផល មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាបន្តបន្ទាប់ ដែលក្នុងចំណោមជនរងគ្រោះទាំងនោះមួយចំនួនជាកុមារ។ ដូច្នេះត្រូវប្តេជ្ញាចិត្ត កាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ ដោយគាំទ្រដល់កិច្ចសហការពីសំណាក់អាជ្ញាធរខេត្ត និងដៃគូពាក់ព័ន្ធដូចជា អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនដែលផ្តោតលើការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍សម្រាប់កុមារ។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បានថ្លែងថា «យើងទាំងអស់គ្នាប្តេជ្ញាធ្វើការជាមួយអង្គការ មូលនិធិបង្ការរបួសអាស៊ី និងរាជរដ្ឋាភិបាលកម្ពុជាដើម្បី ផ្តល់នូវអនាគតល្អប្រសើរសម្រាប់ក្រុមគ្រួសារនៅក្នុងសហគមន៍ដែលយើងប្រតិបត្តិការអាជីវកម្ម។ ចាប់តាំងពី ឆ្នាំ២០១២មក កម្មវិធី មួកសុវត្ថិភាពសម្រាប់គ្រួសារ បានផ្តល់នូវការអប់រំ និងជំនាញអំពីសុវត្ថិភាពចរាចរណ៍ ដល់សិស្សានុសិស្សចំនួនជាង ៤,០០០នាក់ និងមាតាបិតាសិស្សចំនួនជាង ៨,០០០នាក់។ តាមរយៈការអប់រំនេះ យើងបានជួយដល់ក្រុមគ្រួសាររាប់ពាន់គ្រួសារឲ្យមានជម្រើសសុវត្ថិភាពល្អៗ និងបានចូលរួមកសាងសហគមន៍ឲ្យកាន់តែមានសុវត្ថិភាពជាងមុន»។
ស្រដៀងគ្នានេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានបញ្ជាក់ថា សាលាបឋមសិក្សា ហ៊ុន សែន ក្រុងព្រះសីហនុ ត្រូវបានជ្រើសរើសមកអនុវត្តកម្មវិធី ដោយសារតែទីតាំងជាតំបន់ដែលមានការប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ហើយសិស្សានុសិស្សត្រូវធ្វើដំណើរទៅ មកសាលារៀនតាមផ្លូវដែលមានចរាចរណ៍មមាញឹកនៅក្នុងខេត្ដ ខណៈសិស្សានុសិស្សរបស់សាលារៀននេះប្រមាណ ៩០ភាគរយធ្វើដំណើរទៅមកដោយជិះកង់ ឬតាមម៉ូតូជាមួយអាណាព្យាបាល។
លោកបានបញ្ជាក់ទៀតថា កាលពីឆ្នាំកន្លងមកនេះ មានសិស្សម្នាក់បានស្លាប់បាត់បង់ជីវិត ហើយយ៉ាងហោចណាស់មានសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូចំនួនប្រាំពីរនាក់ទទួលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ហើយកម្មវិធីមួកសុវត្ថិភាពសម្រាប់គ្រួសារ នឹងផ្តល់នូវមួកសុវត្ថិភាពដែលមានគុណភាព និងការបណ្តុះបណ្តាលសុវត្ថិភាពចរាចរណ៍ដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតាបិតាអាណាព្យាសិស្ស ដែលរស់នៅក្នុងសហគមន៍ ដែលងាយរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។
សូមជម្រាបថា កម្មវិធីមួកសុវត្ថិភាពសម្រាប់គ្រួសារ នឹងត្រូវបានអនុវត្តនៅខេត្តព្រះសីហនុពេញមួយឆ្នាំសិក្សា២០១៨ ដល់ឆ្នាំ២០១៩៕