(សិង្ហបុរី)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមក្នុងអាហារការងារពេលល្ងាច ថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានដឹកនាំដោយ លោក Chan Chun Sing រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងគណៈប្រតិភូជាសមាជិក អគ្គលេខាធិការអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។
រដ្ឋមន្រ្តីទាំងអស់បានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងការត្រៀមរៀបចំ កិច្ចប្រជុំកំពូល RCEP លើកទី២ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយផ្តោតសំខាន់លើការបញ្ចប់ជំពូកដែលនៅសេសសល់ ជាពិសេសជំពូកស្តីពីអនាម័យ និងភូតគាមអនាម័យ (SPS) ជំពូកស្តីពីស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព (STRACAP) និងជំពូកស្តីពីការប្រកួតប្រជែង (Competition) ដែលគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០១៨៕