(ភ្នំពេញ)៖ អេសស៊ីជី (SCG) ដែលជាពហុសាជីវកម្មឈានមុខគេមួយ នៅក្នុងតំបន់អាស៊ាន បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជួយគាំទ្រដល់ការលើកកម្ពស់ចំណេះដឹង នៃការបណ្ដុះបណ្ដាលផ្នែកបើកបរ សម្រាប់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ ក្នុងរាជធានីភ្នំពេញ ដែលនឹងដើរតួនាទីសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹង អំពីច្បាប់ចរាចរណ៍ និងការបើកបរឲ្យមានសុវត្ថិភាព។
ស្របពេលដែលការប្រើប្រាស់ដងផ្លូវចេះ តែកើនឡើងជារៀងរាល់ថ្ងៃ ដូច្នេះ ក្រុមហ៊ុន អេសស៊ីជី មានក្ដីបារម្ភចំពោះសុវត្ថិភាពអាយុជីវិតរបស់ប្រជាជនកម្ពជា ជាពិសេសទាក់ទិននឹងការបើកបរ និងការប្រើប្រាស់ដងផ្លូវ។ ដូច្នេះ អេសស៊ីជី និងក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតកម្មវិធីបណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់ជំនាញបើកបរយានយន្ត ជាពិសេសសម្រាប់ប្រភេទយានយន្តធុនធ្ងន់។
ការបណ្ដុះបណ្ដាល នឹងប្រើប្រាស់នូវជំនាញ និងចំណេះដឹងរបស់អេសស៊ីជី តាមរយៈមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការបើកបរយានយន្តធុនធ្ងន់របស់ខ្លួន ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសថៃ។ កម្មវិធីបណ្ដុះបណ្ដាលនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់អ្នកបើកបរ ទាំងការចៀសវាងកុំឲ្យមានគ្រោះថ្នាក់ និងការប្រតិបត្តិបានត្រឹមត្រូវក្នុងការគ្រប់គ្រងយានយន្តរបស់ខ្លួន។
លោក ស៊ុមវ៉ាង ម៉ាន់ពីមុនឆៃ (Somwang Manpimonchai) នាយកក្រុមហ៊ុន SCG ប្រចាំកម្ពុជា បានថ្លែងថា «នៅឯក្រុមហ៊ុនអេសស៊ីជី យើងមានបទពិសោធន៍ និងចំណេះដឹង ទាក់ទិននឹងការបើកបរដោយសុវត្ថិភាព ពីព្រោះយើងមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការបើកបរដែលទំនើប ដែលមានដំណើរការជាច្រើនឆ្នាំមកហើយ ។យើងជឿថា ចំណេះដឹងទាំងអស់នេះ អាចយកទៅកែសម្រួល និងប្រើប្រាស់សម្រាប់ការអប់រំដល់ប្រជាជនកម្ពុជា»។
លោកបន្ដថា «ជាមួយនឹងជំនាញល្អក្នុងការបើកបរ ដូច្នេះ ដងផ្លូវនៅកម្ពុជាអាចមានសុវត្ថិភាពជាងមុន។យើងខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានផ្ដល់ឱកាសឲ្យយើងខ្ញុំ បានចូលរួមជាផ្នែកមួយនៃវគ្គបណ្ដុះបណ្ដាល តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាថ្ងៃនេះ។ កិច្ចព្រមព្រៀងនេះ នឹងធ្វើឲ្យយើងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់បទដ្ឋាននៃការបើកបរនៅក្នុងប្រទេសកម្ពុជា»។
ទន្ទឹមនឹងនោះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ការបណ្ដុះបណ្ដាល នឹងប្រព្រឹត្តទៅ នៅឯមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ ស្ថិតក្នុងខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។មជ្ឈមណ្ឌលបណ្ដុះបណ្ដាលនេះ នឹងដើរតួនាទីសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់អ្នកបើកបរជុំវិញច្បាប់ចរាចរណ៍ ដូច្នេះនឹងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ថ្លែងបន្ដថា «ខ្ញុំសូមអរគុណជាទៅក្រុមហ៊ុន អេសស៊ីជី ដែលបានបណ្ដុះបណ្ដាលគ្រូបង្គោលរបស់យើងនៅប្រទេសថៃ ហើយគ្រូបង្គោល នឹងមកបង្រៀនថែមទៀតទៅមន្ត្រីរបស់យើង ដើម្បីចូលរួមបង្រៀនអ្នកបើកបររថយន្តធុនធ្ងន់»។
កាលពីឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តដឹកទំនិញធុនធ្ងន់ បានឆក់យកជីវិតមនុស្សជិត២០០នាក់នៅកម្ពុជា។ បើតាមលោកទេសរដ្ឋមន្ត្រី បានឲ្យដឹងថា បច្ចុប្បន្ន រថយន្តធុនធ្ងន់ចំនួន២៣ម៉ឺនគ្រឿង ត្រូវបានចុះបញ្ជី ប៉ុន្តែការបណ្ដុះបណ្ដាល និងកម្រិតនៃអ្នកមានប័ណ្ណបើកបរ នៅមានចំនួនទាបនៅឡើយ ដែលក្នុងនោះ អ្នកបើកបរយានយន្តធុនធ្ងន់ មានតែ៦០%ប៉ុណ្ណោះ ដែលមានប័ណ្ណបើកបរត្រឹមត្រូវ ។
គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា សម្លាប់មនុស្សប្រមាណ៥នាក់ និងបង្ករបួសស្នាមដល់មនុស្សចន្លោះពី១៥ទៅ២០នាក់ ជារៀងរាល់ថ្ងៃ ដោយធ្វើឲ្យកម្ពុជាខាតបង់ទឹកប្រាក់ រាប់រយលានដុល្លារ លើការខូចបង់ទ្រព្យសម្បត្តិ ការព្យាបាល និងការខាតបង់ផលិតភាពការងារ ។ដូច្នេះ កម្មវិធីបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយនៃដំណោះស្រាយ ដែលនឹងកាត់បន្ថយអត្រាគ្រោះថ្នាក់ និងធ្វើឲ្យការបើកបរនៅតាមដងផ្លូវកាន់តែមានសុវត្ថិភាព ៕