(ភ្នំពេញ)៖ កំណើនសេដ្ឋកិច្ចខ្ពស់ក្នុងកម្រិត៧ភាគរយ ហើយមានលំនឹងថេរជាច្រើនទសវត្ស បានផ្ដល់ផលជាក់ស្ដែង ដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗគ្នា ហើយវាក៏ជាកត្ដាជំរុញឲ្យមនុស្សថ្នាក់កណ្ដាលដែលមានមធ្យមលេចត្រដែតឡើង នៅក្នុងប្រទេសកម្ពុជា។

តាមរបាយការណ៍សិក្សារបស់ស្ថាប័នជំនាញ អត្រានៃភាពក្រីក្ររបស់ប្រជាជនកម្ពុជា បានធ្លាក់ចុះយ៉ាងលឿន ពោលគឺធ្លាក់ចុះពី៥៣.២ភាគរយ នៅឆ្នាំ២០០៤ មកនៅក្រោមប្រមាណ១៣ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ២០១៤ ហើយអត្រានេះក៏អាចចុះមកនៅទាបជាង១០ភាគរយ បើគិតមកដល់បច្ចុប្បន្ន។

តាមរយៈវីដេអូប្រមាណ១៣៖៤១នាទី ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា កម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានអត្រានៃភាពក្រីក្រ ធ្លាក់ចុះលឿនបំផុតមួយ នៅក្នុងពិភពលោក។

ដោយសារកំណើនសេដ្ឋកិច្ចខ្ពស់ កម្ពុជាបានឆ្លងផុតពីប្រទេសដែលចំណូលទាប មកជាប្រទេសដែលមានចំណូលមធ្យមកម្រិងទាប។ តាមការព្យាករណ៍របស់អ្នកជំនាញ នៅផុតអាណត្តិទី៦នេះ ប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់ៗ នឹងកើនដល់ជាង២,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ៕

សូមទស្សនាវីដេអូទាំងស្រុងដែលមាននៅខាងក្រោមនេះ៖