(ភ្នំពេញ)៖ ការបើកអាជីវកម្មហាងកាហ្វេម៉ាកល្បី (Brand) បាននិងកំពុងទាក់ទាញយ៉ាងខ្លាំង ពិសេសនៅក្នុងទីក្រុងរាជធានីភ្នំពេញ បេះដូងនៃប្រទេសកម្ពុជា។ ហាងកាហ្វេយ៉ាងច្រើន បានបើកស្ទើរគ្រប់ទីកន្លែង ពិសេសតាមដងផ្លូវ និងទីតាំងសំខាន់ៗ។
អ្នករកស៊ីរបបនេះមានស្រាវជ្រាវឃើញថា អាជីកម្មបើកហាងកាហ្វេ ជារបររកស៊ីដ៏ល្អមួយ នៅគ្រាដែលទំហំទីផ្សារកាម៉ាកល្បីរបស់កម្ពុជា មានទឹកប្រាក់ជាង៤០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ។ ប៉ុន្តែលោកក៏បង្ហាញអំពីការប្រកួតប្រជែងដ៏ស្រួចស្រាវផងដែរ ក្នុងវិស័យនេះ ក៏ព្រោះតែការហូរចូលនៃកាហ្វេម៉ាកល្បីពីបរទេស។
ដោយមើលឃើញឱកាសក្នុងអាជីវកម្មនេះ លោក ឃន ឈុនដារា បានបង្កើតនូវហាងកាហ្វេ Brand មួយឈ្មោះថា Tube Cafe ដោយមានអាយុកាលជិត២ឆ្នាំ។ បើទោះបីហាងកាហ្វេរបស់ខ្លួន ទើបមានវ័យក្មេងខ្ចីក្តី មកដល់បច្ចុប្បន្ននេះ Tube Cafe បានពង្រីកខ្លួនបាន៥ទីតាំងហើយ ក្នុងរាជធានីភ្នំពេញ ហើយបុរសវ័យទើប២៩ឆ្នាំរូបនេះ មានផែនការពង្រីកឲ្យបាន១៥ទីតាំង នៅដំណាច់ឆ្នាំ២០១៩។
លោក ឃន ឈុនដារា បានឲ្យដឹងថា «បច្ចុប្បន្ននេះទីផ្សារកាហ្វេនៅកម្ពុជា ស្ថិតក្នុងស្ថានភាពល្អប្រសើរ និងរីកលូតលាស់ជាលំដាប់។ បើតាមការព្យាករណ៍របស់ខ្ញុំទីផ្សារកាហ្វេប្រេន មានប្រមាណជាង៤០លានដុល្លារ ក្នុងមួយឆ្នាំ នេះជាការលូតលាសលើទំហំទីផ្សារមួយ ដែលមានភាពទាក់ទាញ»។
លោកបានបន្ដទៀតថា ជាមួយនឹងការរីកលូតលាស និងទាក់ទាញនេះទើបធ្វើឲ្យទាំងគេទាំងយើង សម្រុកចូលទីផ្សារកាហ្វេនេះ។ កត្តាទាំងនេះបណ្ដាលមកពីចំណង់ចំណូលចិត្ត, ជាមួយនឹងបទពិសោធន៍ និងឱការរកស៊ីលើវិស័យនេះផងដែរ។
លោកបញ្ជាក់ទៀតថា បច្ចុប្បន្ននេះមិនត្រឹមតែប្រេនបង្កើតមកពីបរទេសនោះទេ សូម្បីតែប្រេនបង្កើតនៅកម្ពុជា ក៏មានការប្រកួតប្រជែងខ្លាំងដែរ ទាំងប្រេននាំចូលពីបរទេស និងប្រេនបង្កើតឡើងដោយខ្លួនឯង ធ្វើឲ្យកំណើនកាហ្វេមានសន្ទុះខ្លាំងមែនទែន បើមើលតាមស្ថានភាពជាក់ស្ដែង ហាងកាហ្វេស្ទើរតែមានគ្រប់ជ្រុងទាំងអស់៕