(ភ្នំពេញ)៖ ការប្រើប្រាស់គ្រឿងសំអាង លក់តាមអនឡាញ និងប្រើតាមតៗគ្នា មានលាប លេប ចាក់ ព្យួរសេរ៉ូមជាដើម ដោយគ្មានរូបមន្ដពីអ្នកឯកទេស និងប្រភពត្រឹមត្រូវ នឹងប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ នៅពេលមានបញ្ហា ដោយគ្មានអ្នកទទួលខុសត្រូវ, មិនអាចព្យាបាលបានឲ្យជាសះស្បើយ និងប្រឈមខ្ពស់នឹងការបាត់បង់ជីវិត។
នេះបើតាមការលើកឡើងរបស់ប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា និងជាអនុប្រធានមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ។
លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ថ្លែងបន្ដថា បច្ចុប្បន្ននេះ ឃើញថាប្រជាពលរដ្ឋ គឺនិយមប្រើប្រាស់ផលិតគ្រឿងសំអាង តាមអនឡាញ ដើម្បីឲ្យស្បែកសររលោងស្អាត គ្មានមុន ក្មេងជាងវ័យ តាមវិធីសាស្ដ្រផ្សេងៗ ដែលធ្វើឲ្យជនឆក់ឱកាស បានលាយលក់ ដោយប្រើប្រាស់នូវផលិត ឬឱសថ ដែលក្រសួងហាមឃាត់ និងមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាល ។
គ្រូពេទ្យឯកទេសរូបនេះ បានលើកឡើងថា «សម្រាប់ផលិតផលលាប លេប ចាញ់ បកស្បែក ដោយគ្មានរូបមន្ដច្បាស់លាស់ គ្មានការពិគ្រោះពិនិត្យជាមួយគ្រូពេទ្យជំនាញ ចឹងការប្រើប្រាស់របស់យើង អាចមានផលល្អ និងផលអាក្រក់ តែផលល្អគឺតិចណាស់ ព្រោះការមិនមានការឆ្លងកាត់ការពិគ្រោះពីគ្រូពេទ្យឯកទេស និងក្រសួងមិនអនុញ្ញាតឲ្យគាត់ផ្សព្វផ្សាយហើយ មានន័យផលិតផលនោះ លាយគ្មានរូបមន្ដច្បាស់លាស់ ផ្សំដោយសារជាតិគីមី បារ៉ត ទឹកអាស៊ីត ឬជាលាយជាមួយឱសថហាមឃាត់»។
លោកវេជ្ជបណ្ឌិត បញ្ជាក់ទៀតថា «គ្រូពេទ្យជំនាញមានបទពិសោធន៍យូរឆ្នាំហើយ ក៏គ្មានសមត្ថភាពលាយបានដែរ ចង់ហេតុអី បានជាគាត់ គ្រាន់តែជាអ្នកលក់ផលិតផល អាចលាយរបស់នោះកើត!»។
ផលប៉ះពាល់នៃការលាប លេប ចាក់ បកស្បែក៖
* ប្រើដំបូង សរស្អាត គ្មានមុន ប្រើយូរៗរមាស់ ស្ដើងស្បែកមុខ, មុខឡើងមុនពេញមុខ ដោយសារប្រតិកម្មផលិតផល
*រលាក ឬសឹក, ស្បែកចេញសរសៃក្រហម និងជាំមុខ
*លើរាងកាយឡើងសង្វារ មិនអាចព្យាបាលបាន
*បង្កឲ្យអ្នកប្រើប្រាស់ញៀន ដោយសារពេលបញ្ឈប់ការប្រើប្រាស់ផលិតផលនោះ គឺបណ្ដាឲ្យរមាស់,ឡើងមុន, ស្បែកខ្មៅស្អាប់, ស្ងួតគ្មានសំណើម និងឆាប់ជ្រីវជ្រួញ
និងផលប៉ះពាល់ខ្លាំងជាងគេ គឺការបកស្បែក ដែលអាចប្រឈមនឹងការសង្គ្រោះបន្ទាន់ និងអាចឈានដល់ការស្លាប់ ដូចកន្លងមក ៕