Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសចូលកាន់តំណែងអភិបាលក្រុងសៀមរាប និងអភិបាលស្រុកប្រាសាទបាគង​, អភិបាលខេត្តសៀមរាប ផ្ដាំផ្ញើឲ្យបង្កើនប្រសិទ្ធភាពការងារ និងរក្សាសាមគ្គី

12-11-2018 16:28

(​សៀមរាប​)​៖ ផ្អែកតាមអនុក្រឹត្យលេខ ១០២៣ អនក្រ.តត ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ដីពីការផ្ទេរភារកិច្ច និង​តែងតាំងមន្ត្រីរាជការ ដែលចុះហត្ថលេខា ដោយសម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨​នេះ លោក នួន ពុទ្ធារ៉ា អតីតនាយករដ្ឋបាលខេត្តសៀមរាប ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាអភិបាលក្រុងសៀមរាប ខណៈដែលលោក លោក សូរ ប្លាតុង អតីតអភិបាលក្រុងសៀមរាប ត្រូវបានផ្ទេរ និងប្រកាសឲ្យចូលកាន់តំណែងជាអភិបាលស្រុកប្រាសាទបាគង ជំនួសលោក ម៉ក់ សំភារ អតីតអភិបាលស្រុកប្រាសាទបាគង ដែលត្រូវបានចូលនិវត្តន៍ ដែលពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា ការផ្លាស់ប្ដូរលោក សូរ ប្លាតុង ពីក្រុងសៀមរាប ទៅស្រុកប្រាសាទបាគងនេះ មិនមែនលោកមានកំហុស ក្នុងអាណត្តិលោកឡើយ ផ្ទុយទៅវិញ លោក សូរ ប្លាតុង បានបំពេញការងារយ៉ាងល្អ និងគួរយកគំរូតាម ខណៈដែលស្រុកប្រាសាទបាគងនេះ ជាក្រុងរណប រ​បស់ខេត្តសៀមរាប ហើយត្រូវការបុគ្គលដែលមានសមត្ថភាព និងបទពិសោធន៍ទៅគ្រប់គ្រងដើម្បីចូលរួមអភិវឌ្ឍន៍តំបន់នេះឲ្យកាន់តែខ្លាំងឡើង។

ដូច្នេះតាមរយៈនេះ អភិបាលខេត្តសៀមរាប បានសង្ឃឹមថា លោកអភិបាលស្រុកប្រាសាទបាគងថ្មីនេះ នឹងខិតខំយកចិត្តទុកដាក់កសាងប្លង់គោល ប្រើប្រាស់ដីធ្លីឲ្យបានឆាប់រហ័ស សម្រាប់ប្រើប្រាស់នៅ ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុងសៀមរាប ដែលបច្ចុប្បន្ននេះបានកសាងប្លង់គោលប្រើប្រាស់ដី រួចរាល់ហើយ ដែលនឹងត្រូវអនុវត្តនៅឆ្នាំ២០១៩ខាងមុខ និង​ជំហានបន្ទាប់នៅក្នុងផែនការពង្រីកទីក្រុង ឲ្យក្លាយជាទីក្រុងទេសចរណ៍មួយដែលមានសោភ័ណ្ឌភាព ដូចនេះស្រុកប្រាសាទបាគង គឺស័ក្ដិសមជាទីបំផុត។

ជាការឆ្លើយតប លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និង​លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានថ្លែងនូវការប្តេជ្ញាចិត្ត ចំពោះការងារថ្មី ដែលថ្នាក់ដឹកនាំបានផ្តល់សេចក្តីទុកចិត្ត និងប្រគល់ឲ្យនៅពេលនេះ ហើយសន្យាខិតខំធ្វើកិច្ចការថ្មីនេះឲ្យបានល្អ តាមបទពិសោធន៍ការងារ ដែលធ្លាប់ឆ្លងកាត់រាប់មិនអស់ និងគ្រប់បែបបទ​នាពេលកន្លងមក៕​