(ព្រៃវែង)៖ សហភាពអឺរ៉ុប គឺជាដៃគូដ៏សំខាន់មួយនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើគម្រោងលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងគ្រប់ជ្រុងជ្រោយ ក្នុងវិស័យកសិកម្ម វិស័យជលផល និងការចិញ្ចឹមសត្វដោយមានការគាំទ្រ និងឧបត្ថម្ភពីសហភាពអឺរ៉ុប ក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ បានធ្វើឱ្យពលរដ្ឋនៅក្នុងសហគមន៍នេសាទបាបោង នៅក្នុងភូមិបាបោង ស្រុកពាមរក៏ ខេត្តព្រៃវែង មានជីវភាពធូរធា ដោយសារទទួលបានចំណូលពីការលក់ទិន្នផលត្រីមានការកើនឡើង។
លោកស្រី ប៉ាន សូឌីវី ប្រធានអង្គការសកម្មភាពសង្គម បានឱ្យថា មូលនិធិរបស់សហភាពអឺរ៉ុប បានផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ជាច្រើនដូចជា៖ បង្កើតការល្បាតសហគមន៍ដើម្បីបញ្ឈប់ការនេសាទខុសច្បាប់ និងបង្រៀនពួកគេ ពីរបៀបដាំផ្សិតសម្រាប់ប្រាក់ចំណូលបន្ថែម។ ចំពោះចំណូលរបស់ពួកគាត់ពីការលក់ត្រី បន្ទាប់ពីទទួលបានជំនួយពីសហគមន៍អឺរ៉ុបនេះ ក៏មានការកើនឡើងផងដែរ ដោយសារតែទិន្នផលត្រីមានកើនឡើង។
លោកស្រីបានបន្ដថា ប្រាក់ចំណូលដែលពួកគេទទួលបាន ពីការនេសាទក៏នៅតែមានកម្រិតផងដែរ ដូច្នេះយើងក៏បានលើកទឹកចិត្តពួកគេ ឱ្យដាំបន្លែបន្ថែមទៀតផងដែរ។ សហភាពអឺរ៉ុបបានផ្តល់ ៨០% នៃមូលនិធិសម្រាប់សកម្មភាពទាំងនេះ ហើយយើងផ្តល់ឱ្យនូវចំនួនដែលនៅសល់។ លោកស្រីបានកត់សម្គាល់ថា ថវិកាប្រហែល៥០ម៉ឺនដុល្លារ ត្រូវបានចំណាយលើគម្រោងនេះចាប់តាំងពីឆ្នាំ ២០១៦មក ដែលក្នុងនោះមានទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារបានមកពីអង្គការ។
លោក ស្រេង លីមសុង នាយករងរដ្ឋបាលជលផល បានឱ្យដឹងថា «ជំនួយរបស់សហគមន៍អឺរ៉ុបនេះ ពិតមានសារសំខាន់ណាស់ ដើម្បីជួយទប់ស្កាត់ការនេសាទខុសច្បាប់ ហើយប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការរបស់សហគមន៍ទេ ឃុំនេះនឹងត្រូវបានញៀនដោយការនេសាទខុសច្បាប់ ហើយគម្រោងនេះ ក៏នាំផលប្រយោជន៍ដល់សហគមន៍នេសាទផងដែរ» ។
លោក គឹម ធឿន ជាអ្នកដឹកនាំសហគមន៍បាបោង បានថ្លែងថា លោកបានធ្វើល្បាតជាប្រចាំ ដើម្បីបង្ក្រាបអ្នកនេសាទខុសច្បាប់ និងអ្នកក្រៅ។ ក្រុមយាមល្បាតបានចាប់យកឧបករណ៍នេសាទខុសច្បាប់ ហើយអប់រំអ្នកទាំងនោះ ដែលមិនឱ្យប្រព្រឹត្តខុសច្បាប់។ ការល្បាតធ្វើឡើងបីទៅបួនដង ក្នុងមួយខែនៅពេលថ្ងៃ ព្រោះវាមានគ្រោះថ្នាក់ដល់យើងក្នុងការធ្វើនៅពេលយប់ ហើយនៅពេលធ្វើល្បាត បានជួយប្រទះបទល្មើសណាមួយនៅក្នុងសហគមន៍ ក្រុមការងារបានរាយការណ៍ ទៅនគរបាល និងក្រុមប្រឹក្សាឃុំ ហើយពួកគាត់តែតែមកគ្រប់ពេលវេលា នៅពេលដែលយើងបានប្រាប់។ ដោយសារតែកិច្ចសហប្រតិបត្តិការណ៍ដ៏ល្អនេះ យើងអាចបង្ក្រាបកានេសាទខុសច្បាស់ បានល្អប្រសើរនៅក្នុងសហគមន៍មួយនេះ។
សូមបញ្ជាក់ថា សហគមន៍នេសាទបាបោង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ និងបានចុះបញ្ជីជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទក្នុងឆ្នាំ ២០១៣។ សហគមន៍នេសាទនេះមានសមាជិកចំនួន ៣៥៥នាក់ មកពីភូមិចំនួនបួន ក្នុងភូមិបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។ សហគមន៍នេសាទនេះ គ្រប់គ្រងតំបន់នេសាទសហគមន៍ដែលមានទំហំ២៦២៣ហិចតា។ មុនពេលមានការអនុវត្តគម្រោងនេះការនេសាទខុសច្បាប់កើតមាន ជាទូទៅក្នុងតំបន់នេះសមាជិក នៃគណៈកម្មាធិការសហគមន៍នេសាទ ខ្វះជំនាញដឹកនាំ និងគ្រប់គ្រង ហើយសហគមន៍នេសាទមានសមត្ថភាពទាប ក្នុងការបំពេញមុខងាររបស់ខ្លួន។
សហភាពអឺរ៉ុប បានគាំទ្រដល់រដ្ឋបាលជលផលកម្ពុជា រៀបចំការបោះឆ្នោតក្នុងសហគមន៍នេះ កាលពីបីឆ្នាំមុន ដែលនេះជាផ្នែកមួយ នៃការបន្តផ្តល់ការគាំទ្រដល់ការងាររបស់រដ្ឋបាលជលផល ក្នុងការការពារបរិមាណត្រី។ រដ្ឋបាលជលផល បានប្រើប្រាស់ថវិការបស់សហភាពអឺរ៉ុប ទិញកាណូតមួយគ្រឿង ជូនសហគមន៍នេះដើម្បី ឱ្យសមាជិកអាចធ្វើដំណើរទៅកណ្តាលបឹងនៅរដូវទឹកជំនន់ ព្រោះនៅពេលដែលការប្រើប្រាស់ទូកតូចៗ អាចបង្កឱ្យមានគ្រោះថ្នាក់ ដោយសារខ្យល់ព្យុះបោកបក់ខ្លាំង។ សហគមន៍នេសាទនេះ ក៏ត្រូវបានអនុញ្ញាតនេសាទត្រីក្នុងលក្ខណៈជាសមូហភាព និងរកចំណូល ដើម្បីប្រយោជន៍រួម សម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងធានានិរន្តរភាពយូរអង្វែងផងដែរ។
សកម្មភាពសំខាន់ នៃគម្រោងដែលអនុវត្តក្នុងឃុំបាបោង គឺបង្កើនជំនាញដឹកនាំ និងគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការសហគមន៍នេសាទ ក៏ដូចជា បង្កើនការយល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់ពួកគេ ក្នុងគោលបំណងលើកកម្ពស់ការអភិរក្សធនធានជលផល និងប្រយុទ្ធប្រឆាំងនឹងការធ្វើនេសាទខុសច្បាប់ ព្រមទាំងបង្កើនចំណូលពីការលក់ត្រីដែលនៅសល់ពីការបរិភោគ។
អន្តរាគមន៍នៃគម្រោងនេះ បង្ហាញឱ្យឃើញពីលទ្ធផលជាវិជ្ជមាននៃការសហការ និងកិច្ចសហប្រតិបត្តិការរវាងសហគមន៍នេសាទ អាជ្ញាធរឃុំ និងខណ្ឌរដ្ឋបាលជលផល ក្នុងការប្រយុទ្ធប្រឆាំងនឹងការធ្វើនេសាទខុសច្បាប់។ ឃុំនេះ កាន់តែដឹងពីតួនាទីរបស់ខ្លួន ក្នុងការផ្តល់ការគាំទ្រដល់សហគមន៍នេសាទដើម្បីការពារធនធានជលផល។ ឱកាសរកចំណូលច្រើនជាងមុន ក៏ផ្តល់លទ្ធភាពឱ្យសហគមន៍ទទួលបានចំណូលឋិតថេរ ដើម្បីទ្រទ្រង់ជីវភាពរស់នៅសម្រាប់គ្រួសារ និងកូនៗ របស់ពួកគេ និងជួយទប់ស្កាត់មិនឱ្យមានការធ្វើចំណាកស្រុកទៅខាងក្រៅសហគមន៍ផងដែរ៕