Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មុនបុណ្យអុំទូកចូលមកដល់! មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ បន្តចុះពង្រឹងសុវត្ថិភាពម្ហូបអាហារ រកឃើញអំបិលអ៊ីយ៉ូដ តែគ្មានជាតិអ៊ីយ៉ូដ ក្នុងផ្សារមេមត់

12-11-2018 15:29

(ត្បូងឃ្មុំ)៖ មុនឱកាសពិធីបុណ្យបុណ្យអុំទូក ដែលខិតជិតមកដល់ ដើម្បីធានាសុខភាពជូន ប្រជាពលរដ្ឋជាអ្នកទទួលទាននោះ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើការត្រួតពិនិត្យពង្រឹងគុណភាព និងសុវត្ថិភាពទំនិញ ដោយធ្វើតេស្តឃីតលើ ម្ហូបអាហារមួយចំនួន នៅផ្សារមេមត់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោក មាស មោរ៉ា បានឱ្យដឹងថា ក្រោមការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានឱ្យសាខាកាំកុងត្រូលទាំងអស់ទូទាំងប្រទេស អនុវត្តតាមផែនការសកម្មភាពរបស់ខ្លួន ដើម្បីធានាគុណភាពសុវត្ថិភាពចំណីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួលទាន ជាពិសេសក្នុឳកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនោះ លោករួមទាំងមន្ត្រីកាំកុងត្រូលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ។

ជាក់ស្តែងនៅថ្ងៃនេះ បានបន្តចុះត្រួតពិនិត្យដោយធ្វើតេស្តឃីតភ្លាមៗ លើម្ហូបអាហារមួយចំនួនមានដូចជា៖ ប្រហុក ផ្អក និងមមាញជ្រក់ គឺមិនឃើញមានផ្ទុកនូវសារធាតុគីមី ដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាព អ្នកទទួលទាននោះឡើយ។

ជាមួយគ្នានោះ ក៏បានធ្វើតេស្តទៅលើប្រភេទអំបិលអ៊ីយ៉ូដ ២ប្រភេទ មានប្រភេទគ្រួស និងម៉ត់ ដែលវិចខ្ចប់នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ថាមានផ្ទុកជាតិអ៊ីយ៉ូដពិតប្រាកដនោះទេ។ ក្រោយធ្វើតេស្តឃើញថា អំបិលអ៊ីយ៉ូដប្រភេទម៉ត់ ដែលវិចខ្ចប់នៅរាជធានីភ្នំពេញ សរុបចំនួន១០កញ្ចប់ មិនមានផ្ទុកនូវជាតិអ៊ីយ៉ូដ ដូចទៅតាមការបញ្ជាក់នៅលើសំបកវិចខ្ចប់របស់ខ្លួននោះឡើយ។

ទន្ទឹមនឹងនេះ មន្ត្រីកាំកុងត្រូលបានណែនាំ អាជីវករលក់ដូរ មុននឹងទិញអំបិលអ៊ីយ៉ូដ ពីភ្នាក់ងារចែកចាយ ត្រូវពិសោធន៍ថាក្នុងអំបិលពិត ជាមានជាតិអ៊ីយ៉ូដ ពិតប្រាកដដែររឺទេ ព្រមទាំងចាត់វិធានការ បន្តស្វែងរកប្រភពផលិត ដើម្បីអោយបញ្ជាក់ចំពោះបញ្ហានេះ។

សូមបញ្ជាក់ថា ជាតិអ៊ីយ៉ូដ នៅលើអំបិល មានសារសំខាន់បង្ការពីជំងឺផ្សេងៗ ពិសេសគឺជំងឺពក ក ដែលរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងសុខាភិបាល តែងតែអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ពិសារអំបិលដែលមានជាតិអ៊ីយ៉ូដនេះ៕