(ភ្នំពេញ)៖ លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា បានលើកឡើងថា វិទ្យាស្ថានបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ឱ្យប្រកបដោយគុណភាពខ្ពស់ ដើម្បីបម្រើនៃភាពរីកចម្រើនរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។
ការលើកឡើងរបស់លោកបណ្ឌិត ផុន ណារិន បានធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញបើក បវេសនកាលថ្មី ឆ្នាំ២០១៨-២០១៩ ជំនាន់ទី០៣ ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានការចែករំលែកបទពិសោធន៍ការសិក្សាពីសំណាក់និស្សិត អ៉ិន ច័ន្ទសោភាវឌ្ឍន: មកពីសាកលវិទ្យាល័យ ម៉ូណាស្ស ប្រទេសអូស្ត្រាលី និងមានការអញ្ជើញចូលរួមពីសំណាក់សាស្ត្រចារ្យ និងនិស្សិតយ៉ាងច្រើនកុះករផងដែរ។
នាយកវិទ្យាស្ថានរូបនេះ បានបន្តថា វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានវិនិយោគទិញដីជាកម្មសិទ្ធិផ្ទាល់ទំហំ៧,៥៧ហិចតា អគារសិក្សាមានផាសុកភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ និងជាអគារដែលផ្តោតការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់បរិស្ថាន និងការសន្សំសំចៃថាមពល (Green Building)។
លោកបណ្ឌិត ផុន ណារិន បានបន្ថែមទៀតថា វិទ្យាស្ថាននេះ នឹងធ្វើឱ្យអាណាព្យាបាល ព្រមទាំងនិស្សិតដែលកំពុងសិក្សា កាន់តែមានទំនុកចិត្តខ្ពស់មកលើវិទ្យាស្ថានថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្ររបស់វិទ្យាស្ថាន ក្នុងការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើដេប៉ាតឺម៉ងគ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញហិរញ្ញវត្ថុ និងធនាគារ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈលើវិស័យធនាគារ និងហិរញ្ញវត្ថុ ដល់សិស្ស-និស្សិត អង្គការជាតិ និងអន្តរជាតិទាំងក្នុង និងក្រៅប្រទេស ប្រកបដោយគុណភាពខ្ពស់ស្តង់ដារអន្តរជាតិ។
វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា មានអគារចំនួន៦ រួមមាន ៖ អគារសិក្សាកម្ពស់ ៥ជាន់ ចំនួន២ អគាររដ្ឋបាល (រួមមានទាំងអាហារដ្ឋាន និងបណ្ណាគារ) កម្ពស់ ៣ជាន់ ចំនួន១, អគារបណ្ណាល័យកម្ពស់ ៣ជាន់ ចំនួន១, អគារអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្នាក់នៅ កម្ពស់៤ជាន់ ចំនួន១, អគារសម្ភារបរិក្ខារ កម្ពស់០១ជាន់ ចំនួន១, ព្រមទាំងទីលានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅក្នុងបរិវេណវិទ្យាស្ថានទាំងមូល។
សូមជម្រាបថា វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបច្ចុប្បន្ន គឺជាធនាគារស្ថិតក្នុងលំដាប់កំពូលទាំង១០០ របស់អាស៊ាន។ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា គឺជាគ្រឹះស្ថានឧត្តមសិក្សាដែល ទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈអនុក្រឹត្យ លេខ ១៣ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ដើម្បីផ្តល់នូវសេវាកម្មអប់រំកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងការបណ្តុះបណ្តាលជំនាញហិរញ្ញវត្ថុ ធនាគារ និងមីក្រូហិរញ្ញវត្ថុ ដល់និស្សិត-សិក្ខាកាមជាតិ និងអន្តរជាតិ៕