(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ រួមជាមួយមន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន០១ខ្សែ ប្រវែង៥៤៤ម៉ែត្រ ទទឹង០៥ម៉ែត្រ ក្នុងភូមិ២៤ សង្កាត់ព្រៃស។
លោកអភិបាលខណ្ឌដង្កោ បានធ្វើការលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងបានគិតគូរ អំពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយផ្លូវបេតុងថ្មី០១ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្តល់សោភណ្ឌភាពនៃការរស់នៅផងដែរ។
លោកអភិបាលខណ្ឌ បានធ្វើការថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងសង្កាត់ព្រៃស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះ យ៉ាងភ្លូកទឹកភ្លូកដី ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព ការអភិវឌ្ឍ និងសុខសន្តិភាព។
លោក នុត ពុធដារ៉ា ក៏បានណែនាំ ដល់ក្រុមហ៊ុនសូមយកចិត្តទុកដាក់អនុវត្តគម្រោងរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយត្រូវធ្វើឲ្យបានឆាប់ ដើម្បីជូនប្រជាពលរដ្ឋបានប្រើប្រាស់ និងផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្ថាបនាផ្លូវ ដើម្បីឲ្យផ្លូវនេះបានឆាប់រួចរាល់ និងមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងគិតគូអំពីការលំបាក របស់ពួកគាត់ ហើយផ្លូវទាំង០១ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់យ៉ាងច្រើន៕