(ពោធិ៍សាត់)៖ មនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយអ្នកបើកបររថយន្ត បើកបុកឃឿនស្ពាន នៅចំណុចបង្គោលគីឡូម៉ែត្រលេខ១៧០-១៧១ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៤៖០០នាទីទាបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាក Nissan Frontier ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AV-8684 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ធ្វើចរាចរណ៍ពីលិចទៅកើត។ ពេលដល់ចំណុចខាងលើ រថយន្តបានបុកឃឿនស្ពាន បណ្តាលឲ្យក្រឡាប់កាប់ផ្ងារ ជាច្រើនត្រឡប់ ហើយជ្រុលទៅបុករបងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ អស់៦ម៉ែត្រ និងបុកបាក់បង្គោលទង់ជាតិ ទើបរថយន្តអស់ល្បឿន ធ្វើឲ្យអ្នករួមដំណើរក្នុងរថយន្តរងរបួសធ្ងន់ស្រាល៣នាក់ និងខូចរថយន្ត១គ្រឿង ធ្វើឲ្យមានការភ្ញាក់ផ្អើលអ្នកស្រុក និងសមត្ថកិច្ចទាំងព្រឹក។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ បានប្រាប់ឲ្យដឹងថា អ្នកបើកបររថយន្តត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះ ឌី យ៉ាម៉ង់ អាយុ៣២ឆ្នាំ របួសស្រាល និងអ្នករួមដំណើរ២នាក់ ឈ្មោះ ម៉ុក សាម៉ន អាយុ៣២ឆ្នាំ ភេទប្រុស របួសស្រាល និងឈ្មោះប្រាក់ ម៉ៅ អាយុ៣២ឆ្នាំ របួសធ្ងន់ អ្នកទាំង៣រស់នៅភូមិឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
បើតាមសមត្ថកិច្ច ក្រោយពេលកើតហេតុ ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំពោះរថយន្ត ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ៕