(ពោធិ៍សាត់)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួត ពិនិត្យទំនិញ នៅផ្សារសាមគ្គីក្រគរ ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យផលិតផលម្ហូបអាហារ និងគ្រឿងកំប៉ុង គោលបំណងស្វែងរកសារធាតុគីមី និងផលិតផលហួសកាលបរិច្ឆេទ។
មន្រ្តីកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា បានចុះត្រួតពិនិត្យទំនិញនៅផ្សារសាមគ្គីក្រគរ ក្រុមការងារបានធ្វើតេស្តបឋម ទៅលើមុខម្ហូបមួយចំនួនដូចជា ត្រីងៀត ប្រហុក ផ្អក បង្គា មឹគ គុយទាវ បាញ់កាញ់ មី នំបញ្ចុក លត ទឹកក្បុង ទឹកខ្មេះ និងម្ហូបអាហារវេចខ្ចប់រួចមួយចំនួនទៀត។
ជាលទ្ធផល ក្រុមការងាររកពុំឃើញមានសារធាតុគីមីហាមឃាត់ នៅក្នុងម្ហូបអាហារនោះទេ។ ជាមួយគ្នានោះ ក្រុមការងារជំនាញបានរកឃើញទំនិញហួស កាលបរិច្ឆេទប្រើប្រាស់ចំនួន ៣ មុខស្មើនឹង៤១៥,៨គីឡូក្រាម យកមកដុតកំទេច ចោលភ្លាមៗ នៅទីលានរបស់សាលាស្រុកតែម្តង។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ នៅផ្សារសាមគ្គីក្រគរ ដើម្បីឱ្យពួកគាត់ បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូលខេត្តពោធិ៍សាត់ ក៏បានធ្វើការណែនាំដល់អាជីវករលក់ដូរទាំងអស់អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឱ្យបានត្រឹមត្រូវស្រប ទៅតាមយថាប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់តេរីផ្សេងៗផងដែរ និងបានសំណូមពរដល់អាជីវករ នៅក្នុងផ្សារទាំងពីរ ឱ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃទំនិញ និងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះ ផងដែរ៕