(ភ្នំពេញ)៖ ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ កម្ពុជាបានក្លាយជាប្រទេសមួយ ដែលមានការរីកចម្រើនលឿនក្នុងតំបន់អាស៊ាន, ដោយលើវិស័យឧស្សាហកម្មសំណង់ ក៏បានកើនឡើងយ៉ាងខ្លាំង ដែលមានទំហំទឹកប្រាក់វិនិយោគកើនឡើងដល់៣,៥០០លានដុល្លារ ក្នុងឆ្នាំ២០១៥ ដែលចំនួននេះ មានការកើនឡើង៤០% ធៀបទៅនឹងឆ្នាំ២០១៣។
ការរីកចម្រើននេះ ក៏ជាចំណែកមួយរបស់ក្រុមហ៊ុនភ្នំពេញព្រីខាសផ្លេន (Phnom Penh Precast Plants) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ហើយជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជាក្នុងការផលិតសសរគ្រឹះ បង្គោលភ្លើង និងលូធ្វើពីស៊ីម៉ង់ត៍ ដែលមានគុណភាពតាមស្តង់ដារអន្តរជាតិ ជាមួយនឹងការ
បំពាក់នូវបច្ចេកវិទ្យា ពីប្រទេសអាល្លឺម៉ង់ និងកូរ៉េ ដែលបានឆ្លើយតបទៅតាមតំរូវការគ្រប់ទីផ្សារ ក្នុងវិស័យសំណង់ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។
ដោយផ្អែកលើគុណភាពខ្ពស់ និងការឆ្លើយតបយ៉ាងវិជ្ជមានពីសំណាក់អតិថិជន ព្រមទាំងការទទួលបាននូវចំណែកទីផ្សារលើសគេក្នុងវិស័យនេះ ក្រុមហ៊ុនភ្នំពេញព្រីខាសផ្លេន ត្រូវបានគណៈកម្មាការវាយតម្លៃគុណភាព ផ្តល់នូវវិញ្ញាបនបត្រ័កម្រិតពិភពលោក ISO 9001:2015 នៅក្នុងខែកញ្ញា ឆ្នាំ២០១៨ ។
ការវាយតម្លៃគុណភាពអន្តរជាតិ ISO 9001:2015 គឺជាស្តង់ដារកម្រិតចុងក្រោយបង្អស់ លើការគ្រប់គ្រងគុណភាព និងប្រតិបត្តិការផលិតកម្ម។ ក្នុងការទទួលបានការវាយតម្លៃនេះ ក្រុមហ៊ុនភ្នំពេញព្រីខាសផ្លេន ត្រូវចំណាយថវិកា និងពេលវេលាយ៉ាងច្រើន ដើម្បីចម្រាញ់យកផលិតផល ដែលមានគុណភាព និងធានាឱ្យបាននូវសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់។
ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ និងរួមជាមួយការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមក្រមសីលធម៌វិជ្ជាជីវៈក្នុងសង្វាក់ផលិតកម្ម ក៏ដូចជាការគ្រប់គ្រងបុគ្គលិក គណៈកម្មាការវាយតម្លៃគុណភាព បានឯកភាពប្រគល់វិញ្ញាបនបត្រ័ ISO 9001:2015 ជូនក្រុមហ៊ុនភ្នំពេញព្រីខាសផ្លេន។
លោក កេត សុន្ធរៈ នាយកគ្រប់គ្រងពាណិជ្ជកម្ម ក្រុមហ៊ុន ភ្នំពេញព្រីខាសផ្លេន បានឲ្យដឹងថា «យើងពិតជារំភើបណាស់ ដែលក្រុមហ៊ុនយើង បានក្លាយជាក្រុមហ៊ុនផលិតសសរគ្រឹះ បង្គោលភ្លើង និងលូធ្វើពីស៊ីម៉ង់ត៍ដំបូងគេ ដែលបានទទួលការវាយតម្លៃកម្រិត ISO 9001:2015។ ហើយជាលទ្ធផល វាធ្វើឱ្យអតិថិជនរបស់យើង កាន់តែមានទំនុកចិត្តថែមទៀត លើផលិតផលរបស់យើង» ។
លោកបន្ដថា «មុននឹងឈានដល់ការទទួលបានវិញ្ញាបនបត្រ័ ISO 9001:2015 យើងត្រូវអនុវត្តយ៉ាងម៉ត់ចត់តាមបទដ្ឋានបច្ចេកទេសការពិសោធន៍ លើគុណភាពវត្ថុធាតុដើម ដែលប្រើប្រាស់ក្នុងផលិតកម្ម ក៏ដូចជាការវាយតម្លៃលើវិជ្ជាជីវៈ និងការគ្រប់គ្រងបុគ្គលិក។ វាជាកត្តាសំខាន់ណាស់ ដែលយើងត្រូវផ្គត់ផ្គង់ផលិតផល ប្រកបដោយគុណភាពខ្ពស់ ស្របតាមបច្ចេកវិជ្ជា និងស្តង់ដារក្នុងវិស័យឧស្សាហកម្មសំណង់របស់យើង» ៕