(កំពង់ឆ្នាំង)៖ ខ្យែភាពយន្តរឿង «ព្រលឹងល្បុក្កតោ» ដែលសម្តែងដោយសិស្សក្បាច់គុនល្បុក្កតោនៅក្លឹបក្បាច់គុនល្បុក្កតោខ្មែរ ស្ថិតនៅក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បានចាប់ផ្តើមថតនៅថ្ងៃនេះហើយ បន្ទាប់ពីបានប្រារព្ធពិធីក្រុងពាលី កាលរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការផលិតខ្សែភាពយន្តរឿង «ព្រលឹងល្បុកតោ» ដឹកនាំរឿងដោយ លោកគ្រូ សាន គឹមស៊ាន ដែលបានជាកីឡាករចេះក្បាច់ល្បុក្កតោ ដែលបានហាត់រៀនពីដូនតា ពីគ្រូឧបជ្ឈាយ៍ តាំងពីអាយុ១៣ ឆ្នាំមកម៉្លេះ។
លោកគ្រូសាន គឹមស៊ាន បានថ្លែងថា សាច់រឿង «ព្រលឹងក្បាច់ល្បុក្កតោ» លោកបាននិពន្ធរៀបរៀងឡើង បន្ទាប់ពីលោកបានចំណាយពេលជាង២០ឆ្នាំ ក្នុងការចងក្រងស្រាវជ្រាវក្បាច់គុនល្បុក្កតោ នេះនៅមានឆ្លាក់ជាប់ជញ្ជាំងប្រាសាទបុរាណ ក្នុងព្រះរាជាណាចក្រកម្ពុជាយើង។
លោកគ្រូ សាន គឹមស៊ាន បានលើកឡើងថា មូលហេតុដែលលោកនិពន្ធ និងដឹកនាំរឿងថតខ្សែភាពយន្តរឿង «ព្រលឹងល្បុក្កតោខ្មែរ» គឺដើម្បីថែរក្សាព្រលឹងជាតិរបស់យើងមួយនេះ ដែលបានបាត់បង់ ជាច្រើនឆ្នាំណាស់មកហើយ ដោយសារតែយើងមិនបាននឹកគិតគូរ ឬក៏យើងភ្លេច ធ្វើមិនដឹងមិនឮ នូវមរតកដូនតាដ៏មានតម្លៃមួយនេះ។
លោកបន្ត ហេតុនេះគឺដល់ពេលវេលា ដែលយើងទាំងអស់គ្នាជាខ្មែរ ត្រូវបង្ហាញពិភពលោកឲ្យបានស្គាល់ ឲ្យបានយល់ដឹងកាន់តែច្បាស់ អំពីប្រទេសខ្មែរ គឺជាអច្ឆរិយៈលើសកលលោកនាសម័យ ជំនាន់ដើម។
លោកបន្ថែមថា «ភាពអស្ចារ្យរបស់មហាបុរសយើង ដែលបានបន្សល់ទុកមកពីមួយជំនាន់ទៅមួយជំនាន់ដើម មានឯកសារបានបន្សល់ទុក នៅតាមជញ្ជាំងប្រាសាទអង្គរតូច ប្រាសាទបាយ័ន និងប្រាសាទនានាក្នុងព្រះរាជាណាចក្រកម្ពុជា»។
លោកគ្រូ សាន គឹមស៊ាន គ្រូបង្ហាត់ក្បាច់គុនល្បុក្កតោ និងជាអ្នកដឹកនាំរឿង ក៏បានឲ្យដឹងផងដែរថា អ្នកឧកញ៉ា តឹក ង៉ូយ គឺជាអ្នកឧបត្ថម្ភដល់ការផលិតខ្សែភាពយន្តរឿង ព្រលឹងក្បាច់គុនល្បុក្កតោ។ មូលហេតុដែលអ្នកឧកញ៉ាជួយឧបត្ថម្ភថវិកាដល់ការថតខ្សែភាពយន្តនេះឡើង ដើម្បីឆ្លើយតបទៅនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ដែលបានស្នើសុំទៅអង្គការយូណេស្កូ ដើម្បីដាក់បញ្ចូលក្បាច់គុនល្បុក្កតោខ្មែរ ឲ្យទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយរំពឹងថា នៅឆ្នាំ២០២០ខាងមុខនេះ ក្បាច់គុនល្បុក្កត្តោខ្មែរ នឹងក្លាយជាមរតកវប្បធម៌ពិភពលោកជាមិនខាន។
ជាមួយគ្នានេះ ដើម្បីឲ្យសម្រេចបាននូវកត្តាខាងលើ អ្នកឧកញ៉ា សូមអំពាវនាវប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ នៅពេលខ្សែភាពយន្តថតសម្រេចបានដាក់បញ្ចាំង សូមចូលរួមគាំទ្រទាំងអស់គ្នា៕