(រតនគិរី)៖ ដើម្បីលើកកម្ពស់ពីសុវត្ថិភាពចំណីអាហារ និងសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចុះអង្កេតត្រួតពិនិត្យទំនិញ នៅផ្សារបានលុង និងផ្សារកូនមុំ ដើម្បីពិនិត្យផលិតផលម្ហូបអាហារ និងគ្រឿងកំប៉ុង គោលបំណងស្វែងរកសារធាតុគីមី និងផលិតផលហួសកាលបរិច្ឆេទ។
មន្រ្តីកាំកុងត្រូលសាខាខេត្តរតនគិរី បានចុះត្រួតពិនិត្យទំនិញនៅផ្សារបានលុង និងផ្សារកូនមុំ គឺធ្វើតេស្តបឋមទៅលើមុខម្ហូបមួយចំនួនដូចជា៖ បន្លែ, ផ្លែឈើ, មីលឿង, សរសៃគុយទាវ, ជ្រក់ស្ពៃ ត្រីចំហុយ តែរកមិនឃើញផលិត ផលណាមួយមានជាតិគីមីនោះទេ តែបានដកហូតគ្រឿង ភេសជ្ជៈមួយចំនួន ខូចគុណភាព និងហួសកាលបរិច្ឆេទនៅផ្សារកូនមុំ និងផ្សារបានលុងដូចជា ៖ ទឹកក្រូច ស្ករគ្រាប់ និងតែសញ្ញាមេដាំ ដោយសរុបទាំងអស់ ជាង១១,៧១គីឡូក្រាម។ ក្រុមការងារបានធ្វើកិច្ចសន្យាត្រឹមត្រូវ ដោយដកហូតយកទុកដុតកម្ទេចចោលនាពេលខាងមុខ។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ នៅផ្សារបានលុង និងផ្សារកូនមុំ ដើម្បីឱ្យពួកគាត់បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូលខេត្តរតនគិរី ក៏បានធ្វើការណែនាំដល់អាជីវករលក់ដូរទាំងអស់អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឱ្យបានត្រឹមត្រូវស្រប ទៅតាមយថាប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់តេរីផ្សេងៗផងដែរ និងបានសំណូមពរដល់អាជីវករ នៅក្នុងផ្សារទាំងពីរ ឱ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃទំនិញ និងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះផងដែរ។
គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារទាំងពីរ បានសម្តែងនៅទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែង តែចុះពិនិត្យទំនិញផ្សេងៗ តាមបណ្តាផ្សារខាងលើ រកសារធាតគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕