(ភ្នំពេញ)៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយតម្លើងឋានៈលោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានឋានៈស្មើ រដ្ឋលេខាធិការ។
ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា «តម្លើងឋានៈឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ មានឋានៈស្មើ រដ្ឋលេខាធិការនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា»។
លោក ឯម ច័ន្ទមករា តាំងពីវ័យ១៣ឆ្នាំមកម៉្លេះ បានចូលរួមធ្វើការងារយ៉ាងសកម្មជាច្រើន ដើម្បីលើកស្ទួយសិទ្ធិកុមារ និងជនពិការនៅទូទាំង ប្រទេសកម្ពុជា ដោយឈរលើហេតុផលនេះទើប អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលពោពេញដោយសមត្ថភាពរូបនេះបានតស៊ូ និងពុះពារគ្រប់ឧបសគ្គ គ្រប់កាលៈទេសៈដើម្បីបុព្វហេតុកុមារ និងជនពិការនៅកម្ពុជាផងដែរ៕