(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ប៊ូមីកុមារ ជេហ្គាណាថាន ទីប្រឹក្សាឯកទេសចិត្តរោគកុមារ នៃអង្គការការីតាស់ប្រចាំកម្ពុជា បានថ្លែងថា ជំងឺផ្លូវចិត្តភាគច្រើនកើតឡើងនៅលើយុវវ័យ ហើយនៅពេលដែលពួកគេបានដឹង និងយល់អំពីមូលហេតុ ឬសគល់ដែលនាំឱ្យមានបញ្ហាផ្លូវចិត្តនោះ ពួកគេអាចដឹង និងអាចស្វែងរកវិធីសាស្រ្តក្នុងការការពារ ព្យាបាល ឬជួយខ្លួនឯងខ្លួន នៅពេលដែលមានបញ្ហាផ្លូវចិត្តកើតឡើង។
អ្នកជំនាញផ្លូវចិត្តបានថ្លែងដូចនេះ ក្នុងឱកាសដែលលោកបានចូលរួមជាវាគ្មិន ក្នុងសិក្ខាសាលាដែលរៀបចំឡើងដោយក្រុមការងារស្ថានីយ៍វិទ្យុផ្កាឈូក ស្តីអំពី ជំងឺផ្លូវចិត្ត ក្រោមប្រធានបទ «ស្ថានភាពជំងឺផ្លូវចិត្តយុវវ័យនៅពេលបច្ចុប្បន្ន» ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលមានអ្នកចូលរួមជាង៥០០នាក់ នៅក្នុងសាលនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC)។
លោកវេជ្ជបណ្ឌិត ប៊ូមីកុមារ ជេហ្គាណាថាន បានថ្លែងថា «បើសិនជាយើងទទួលបានបទពិសោធន៍កាលពីវ័យកុមារភាព ដែលមានភាពអវិជ្ជមានច្រើន ហើយនៅពេលធំឡើង បានជួបនឹងបញ្ហា កាន់តែច្រើននោះ វាអាចធ្វើឱ្យងាយ និងទទួលរងបញ្ហាផ្លូវចិត្តកាន់តែច្រើន ហើយមូលហេតុនៃជំងឺផ្លូវចិត្ត មិនអាចធ្វើរោគវិនិច្ឆ័យបានដូចជំងឺផ្លូវកាយនោះទេ ព្រោះបញ្ហាផ្លូវចិត្តវាបានកើតឡើងដោយសារ តែកត្តារួមផ្សំជាច្រើន ទើបអាចឈានដល់បញ្ហាផ្លូវចិត្ត ដែលជារួមមានដូចជា ពាក់ព័ន្ធនឹងគ្រួសារ អំពើរហិង្សា និងការទទួលរងការរំលោភបំពានផ្សេងៗ។ កត្តាចិត្តសង្គមក៏អាចពាក់ព័ន្ធ ដល់ជំងឺផ្លូវចិត្តរបស់យុវវ័យដែរ ដូចជា៖ គាត់តែតែគិតទៅលើទំហំខ្លួនរបស់គាត់ បញ្ហាការរៀនសូត្រ និងមានការរំលោភបំពានផ្សេងៗ ហើយអាចទាក់ទងនឹងមជ្ឈដ្ឋាននៃការរស់នៅផងដែរ»។
លោកបានបញ្ជាក់ទៀតថា យោងតាមឯកសារ នៃសមាគមចិត្តសាស្រ្តសហរដ្ឋអាមេរិកបានឱ្យដឹងថា មានកត្តា៣យ៉ាងសំខាន់ៗ ដែលនាំឱ្យមនុស្សមានបញ្ហាផ្លូវចិត្ត មាន កត្តាសង្គម កត្តាជីវសាស្ត្រ និងកត្តាចិត្តសាស្ត្រ។ ទី១៖កត្តាសង្គម មានដូចជា បញ្ហាស្នេហា សេដ្ឋកិច្ច ជាដើម។ ទី២៖ កត្តាជីវសាស្ត្រ រួមមាន ការប្រើប្រាស់ថ្នាំគ្រឿងញៀន ការសេពគ្រឿងស្រវឹង និងទី៣៖ កត្តាចិត្តសាស្ត្រ គឺជាកត្តាដែលកំណត់ការធំលូតលាស់របស់មនុស្សម្នាក់ៗ របៀបរបបនៃការចិញ្ចឹមបីបាច់របស់គ្រួសារទៅលើកូនម្នាក់ៗ។
លោកបានបញ្ជាក់ទៀតថា ជំងឺផ្លូវចិត្តភាគច្រើនកើតឡើងនៅលើយុវវ័យ ហើយនៅពេលដែលយុវវ័យបានដឹង និងយល់អំពីមូលហេតុ ឬសគល់ដែលនាំឱ្យមានបញ្ហាផ្លូវចិត្ត នោះពួកគេអាចដឹង និងអាចស្វែងរកវិធីសាស្រ្តក្នុងការការពារ ព្យាបាល ឬជួយខ្លួនឯងខ្លួន នៅពេលដែលមានបញ្ហាផ្លូវចិត្តកើតឡើង។ ក្នុងចំណោមយុវវ័យដែលមានបញ្ហាផ្លូវចិត្ត មនុស្សស្រីអត្រានៃការសម្លាប់ខ្លួន គឺមានច្រើនជាងមនុស្សប្រុស ដោយសារតែមនុស្សស្រីនៅពេលដែលមានរឿងរ៉ាវ តែងតែព្យាយាមលាក់ទុក មិនបានព្យាយាមបញ្ចេញមកក្រៅនោះទេ ចំណែកមនុស្សប្រុសវិញ ពេលមានបញ្ហា តែងតែបានបញ្ចេញមកក្រៅតាមរយៈការលេងកីឡា ការបញ្ចេញកំហឹង ការជជែកជាមួយអ្នកនៅក្បែរខ្លួន និងតាមវិធីផ្សេងៗទៀតផងដែរ។
គួររំលឹកកផងដែរថា បើតាមកាអះអាងរបស់លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ប្រធានផ្នែកសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានឱ្យដឹងថា មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានផ្ដល់ការប្រឹក្សា និងព្យាបាលដល់អ្នកជំងឺប្រមាណ១ពាន់នាក់ ក្នុងនោះអ្នកជំងឺប្រមាណពាក់កណ្ដាល គឺចន្លោះពី៣៥០នាក់ទៅ៧០០នាក់ ទៅទទួលសេវាប្រឹក្សាពិគ្រោះនិងព្យាបាលជំងឺផ្លូវចិត្ត ហើយបញ្ហាផ្លូវចិត្តកើតច្រើនចំពោះយុវវ័យ ហើយភាគច្រើនគឺស្រ្តីតែម្តង៕