(ស្វាយរៀង)៖ ក្រោយពេលផឹកស្រាស្រវឹងជោក បុរសចិត្តកំណាចម្នាក់ បានបង្កការទាស់ពាក្យសម្ដីគ្នា ជាមួយប្រពន្ធខ្លួនឯង ហើយបានទាញស្នប់សប់កង់វាយប្រពន្ធ​ បណ្ដាលឲ្យ​សន្លប់ស្ដូកស្ដឹង។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨៖២០នាទីយប់​ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុង​ភូមិព្រៃទទឹង ឃុំប្រសត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ស៉ីវ ស្រី អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកប្ដីកំហូចឈ្មោះ ញ៉ែម មករា អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ​ជាមួយគ្នា។

បើតាមសមត្ថកិច្ច ប្តីបានស្រវឹងស្រា​ ហើយបានយកស្នប់សប់កង់ វាយមកលើប្រពន្ធ ត្រូវត្រង់ថ្គាមខាងឆ្វេង និងកន្លែងមួយចំនួនទៀត បណ្ដាលឱ្យសន្លប់នៅនឹងកន្លែងតែម្តង។ បន្ទាប់ពីកើតហេតុ​ ប្ដីបានរត់​គេចខ្លួនបាត់។

បច្ចុ​ប្បន្នស្រ្តីរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូ​នទៅសម្រាកនៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយទាប៕