(ត្បូងឃ្មុំ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់កន្លងមក ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាសុខភាព ពេលទឹកជំនន់ស្រកទៅវិញ និងក្នុងរដូវធ្លាក់ខ្យល់(រងារ) នឹងអាចមានជំងឺរាតត្បាតមួយចំនួនកើតឡើង ដូចជា ជំងឺរាក ជំងឺគ្រុនឈាម ជំងឺកមរមាស់ ជំងឺព្រូន ផ្ដាសាយ និងផ្លូវដង្ហើមជាដើម។
ការថ្លែងបែបនេះ ក្នុងឱកាសលោករដ្ឋមន្ត្រី អមដំណើរដោយមន្ត្រីមន្ទីរសុខាភិបាលខេត្ត និងគណៈអភិបាលរងខេត្ដ និងស្រុក អញ្ជើញចុះចែកអំណោយឱសថ សម្ភារបរិក្ខារអនាម័យ មុង ដែលមានការសហឧបត្ថម្ភ ពីអង្គការ Direct Relief និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្រោយរងគ្រោះផលប៉ះពាល់ ដោយទឹកជំនន់សរុបចំនួន ៦៤៧គ្រួសារ នៅភូមិកោះត្រែង ក្នុងឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ ចំនួន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ។
រដ្ឋមន្ត្រីថ្លែងបញ្ជាក់ថា ដើម្បីទប់ស្កាត់បញ្ហាសុខភាពទាំងអស់នេះ បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តន៍វិធានការការពារសុខភាព ឲ្យបានខ្ជាប់ខ្ជួន។ វិធានការការពារសុខភាពនោះរួមមានដូចជា៖
* ត្រូវបន្តបរិភោគចំណីអាហារស្អាត-ឆ្អិនល្អ ពិសា និងប្រើប្រាស់ទឹកស្អាត ព្រមទាំងអនាម័យខ្លួនប្រាណ និងឧស្សាហ៍សំអាតដៃនឹងសាប៊ូ រាល់ពេលចំអិនអាហារ មុនពេលបរិភោគ និងក្រោយពេលបន្ទោរបង់
* ត្រូវសំរាន្តក្នុងមុង ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗដែលឆ្លងដោយសារមូសទោះ ជំងឺមិនសូមជាកើតមាននៅក្នុងរដូវនេះក្ដី
* ត្រូវពិនិត្យមើលផ្ទះសម្បែង ប្រុងប្រយ័ត្នក្រែងមានសត្វពស់ ឬសត្វអសិរពិសផ្សេងៗនៅទីនោះ ដែលអាចចឹកឬខាំ
* ត្រូវសំអាតបរិស្ថានជុំវិញផ្ទះ និងក្នុងផ្ទះ ព្រោះក្រោយពេលទឹកស្រកទៅ បានបន្សល់នូវភាពកខ្វក់ កាកសំនល់ និងមេរោគជាច្រើន។
* ត្រូវលុបថ្លុក ឬកន្លែងដែលមានទឹកដក់ជុំវិញផ្ទះនាំឱ្យមានដង្កូវទឹក នាំឱ្យកើតមូសខ្លា និងមូសដែកគោល ដែលបង្កឱ្យមានជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗ
* ចាំបាច់ត្រូវស្តារ និងសំអាតអណ្តូងទឹកឡើងវិញមុននឹងប្រើប្រាស់
* ជួសជុល និងសង់បង្គន់ឡើងវិញ ដោយជានិច្ចកាល ត្រូវបន្ទោរបង់ក្នុងបង្គន់គ្រប់ពេល
* ហាលកំរាល ឬសម្ភារៈប្រើប្រាស់ដែលសើម និងបើកទ្វារ បើកបង្អួចទាំងអស់ ឱ្យមានលំហូរខ្យល់ចេញចូលគ្រប់គ្រាន់ក្នុងផ្ទះ ដើម្បីកុំឱ្យដុះផ្សិតដែលបង្កឲ្យមានជំងឺរាករូស និងជំងឺផ្លូវដង្ហើម
លោករដ្ឋមន្ត្រី បានថ្លែងផងដែរថា ប្រសិនបើមានបញ្ហាសុខភាព ប្រជាពលរដ្ឋត្រូវទៅពិនិត្យនិងព្យាបាល នៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតផ្ទះ។ លើសពីនោះ ក្រសួងសុខាភិបាល ក៏លើកទឹកចិត្តឱ្យសាធារណជនទូទៅ អនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ដើម្បីការពារអ្នក និងក្រុមគ្រួសារអ្នក ពីជំងឺដង្កាត់ផ្សេងៗ៕