(ព្រះវិហារ)៖ ក្នុងទិសដៅឱ្យការចុះបញ្ជីដីធ្លី នៅទូទាំងខេត្តព្រះវិហារ ឱ្យទទួលបានជោគជ័យ និងបញ្ចប់ជាស្ថាពរ នៅឆ្នាំ២០២១ ខាងមុខនេះ លោក សំ សារឿន ប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ បានជំរុញដល់មន្ត្រីសុរិយោដីគ្រប់ក្រុង-ស្រុក ត្រូវខិតខំទ្វេរដង ធ្វើការចុះបញ្ជីដីធ្លីឱ្យរួចជាស្ថាពរ និងទទួលបានជោគជ័យ នៅឆ្នាំ២០២១ ខាងមុខនេះ។
ការលើកឡើងបែបនេះរបស់ លោក សំ សារឿន បានធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក៏ដូចជាការប្រជុំតាមដានវឌ្ឍនភាពការងារ របស់មន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ និងសុរិយោដីខេត្តព្រះវិហារ ប្រចាំខែតុលា និងលើកទិសដៅអនុវត្តន៍បន្តខែវិច្ឆិកា។
លោក សំ សារឿន បានបន្តថា ដើម្បីអនុវត្តតាមផែនរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការដាក់ផែនការ ឱ្យការចុះបញ្ជីដីធ្លីជាលក្ខណះប្រព័ន្ធ និងដាច់ដោយដុំត្រូវបញ្ចប់នៅឆ្នាំ២០២១ ក្នុងនោះមន្ត្រីសុរិយោដី នៅតាមក្រុង-ស្រុកទាំងអស់ ត្រូវតែខិតខំទ្វេរដងបំពេញភារកិច្ចនេះ ដោយការទទួលខុសត្រូវ និងឱ្យចប់តាមផែនការកំណត់ ក្នុងគោលបំណងលុបបំបាត់ នូវទំនាស់ និងការគ្រប់គ្រងដី ប្រកបដោយនិរន្តភាព។
ដើម្បីឱ្យការអនុវត្តការងារទទួលបានជោគជ័យ និងត្រឹមត្រូវតាមលក្ខណច្បាប់នោះ លោក សំ សារឿន បានផ្តល់នូវអនុសាសន៍ និងចេញគោលការណ៍ណែនាំអនុវត្តការបំពេញការងារចុះបញ្ជីដីធ្លីដំបូង តាមលក្ខណះជាប្រព័ន្ធ ដាច់ដោយដុំ និងការងារចុះបញ្ជីបន្ត ដល់លោកប្រធានការិយាល័យដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលទាំង៨ ក្រុង-ស្រុក និងក្រុមការងារវាលទាំង២ក្រម មន្ត្រីទទួលបន្ទុកធ្វើការវិនិច្ឆ័យទៅលើឯកសារ នៃការចុះបញ្ជីដីធ្លី ដែលមានខ្លឹមសារ ចំនួន២៥ចំណុច ដើម្បីមន្ត្រីយើងយកទៅពិនិត្យ ក្នុងការបំពេញការងារ។
លោកប្រធានមន្ទីរដែនដី បានបន្តទៀតថា ចំណុចទាំង២៥ ដែលលោកណែនាំឱ្យមន្ត្រីយើងយកទៅអនុវត្តន៍នោះ គឺចំណុចទាំងនេះ បានមកពីកំហុសឆ្គងបន្តុចបន្តួចរបស់មន្ត្រីរបស់យើងដែលបានអនុវត្តន៍កន្លងមក ដូច្នេះយើងយកចំនុចទាំងនេះមកធ្វើការកែតម្រូវឡើងវិញ បើយើងអនុវត្តន៍ តាមចំណុចទាំង២៥នេះ មានន័យថាយើងបំពេញការងារលែងមានការខុសឆ្គងទៀតហើយ៕