(សៀមរាប)៖ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ដែលមានការិយាល័យកណ្តាល នៅក្នុងរាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលាថ្នាក់តំបន់មួយស្តីពី «ការពង្រឹងចំណេះដឹងផ្នែកសកម្មភាពមីន និងលើកកម្ពស់ឱ្យមានការរៀបចំវេទិកា សម្រាប់ការចែករំលែកចំណេះដឹងផ្នែកសកម្មភាពមីនបន្ថែមទៀត សម្រាប់ប្រទេសសមាជិកអាស៊ាន»។ សិក្ខាសាលានេះ ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខេត្តសៀមរាប។
សិក្ខាសាលា ត្រូវបានឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលកាណាដា និងមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិ ពីប្រទេសសមាជិកអាស៊ានទាំង១០ ពីសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសមាជិកអាស៊ាន ដៃគូអភិវឌ្ឍន៍ និងអង្គការផ្នែកសកម្មភាពមីននានា ក្នុងនោះក៏មានវត្តមានរបស់លោក ឯកអគ្គរាជទូតជប៉ុន លោក ហ៊ិដេហិសា ហូរីនូឈិ (Hidehisa HORINOUCHI) ប្រចាំកម្ពុជា, លោកស្រី ឯកអគ្គរាជទូតកាណាដា ដូនិកា ផូតទែ (Donica Pottie) ប្រចាំប្រទេសថៃ, លោកឯកអគ្គរដ្ឋទូត ម៉ៃឆែល តាន (Michael Tan) ឯកអគ្គរដ្ឋទូកសិង្ហបុរី ប្រចាំកម្ពុជា និងជាប្រធានគណៈកម្មការ ARMAC និងវត្តដមានអ្នកចូលរួមសរុបប្រមាណ១០០នាក់។
លោក លី បញ្ញារិទ្ធិ៍ នាយកប្រតិបត្តិរបស់ ARMAC បាននិយាយនៅក្នុងព្រឹត្តិការណ៍នេះថា ក្រៅពីផ្តល់ឱកាសដល់សិក្ខាកាមបានស្វែងយល់ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកសកម្មភាពមីន សិក្ខាសាលានេះ ក៏ជាវេទិកាមួយសម្រាប់ ARMAC វាយតម្លៃពីតម្រូវការទាំងឡាយ ក្នុងការដោះស្រាយបញ្ហាមីន ក្នុងតំបន់អាស៊ាន ដើម្បីអាចរៀបចំកម្មវិធីជួយគាំទ្រក្នុងការដោះស្រាយ។
សិក្ខាសាលាថ្នាក់តំបន់ ដែលមានរយៈពេលបីថ្ងៃនេះ មានវគ្គពិភាក្សាលើប្រធានបទសំខាន់មួយចំនួនដូចជា យុទ្ធសាស្ត្រក្នុងការពង្រឹង នូវជំនួយដល់ជនពិការដោយសារមីន និងវិធីសាស្ត្រ ក្នុងការអប់រំយល់ដឹង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន។ រួមនឹងវគ្គពិភាក្សាផ្សេងទៀត រួមមាន ផលប៉ះពាល់ជាវិជ្ជមាននៃការបោសសម្អាតមីន និងការជួយដល់ជនពិការ លើការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់ប្រទេសមួយ។ ក្នុងប្រទេសសមាជិកអាស៊ាន ដែលរងផលប៉ះពាល់ដោយសារមីនមួយចំនួន កិច្ចប្រឹងប្រែងទាំងនេះបានចូលរួមចំណែក ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។
លោកបានបញ្ជាក់ថា សម្រាបសិក្ខាសាលានេះផងដែរ គឺមានវត្តមានរបស់វាគ្មិនប្រកបដោយជំនាញ និងបទពិសោធន៍មួយចំនួនទៀត បានបង្ហាញពីសុវត្ថិភាព និងប្រសិទ្ធភាព ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដូចជា៖ សុនខ និងកណ្តុរ ក្នុងប្រតិបត្តិការបោសសម្អាតមីន។ តម្រូវការក្នុងការ បញ្ជ្រាបយេនឌ័រ ក្នុងសកម្មភាពមីនក៏ត្រូវបានលើកយកមកពិភាក្សា ដោយផ្តោតលើផលប៉ះពាល់ខុសគ្នានៃគ្រោះថ្នាក់ ដោយសារមីនលើបុរស និងស្ត្រី ដូចជាផ្នែកថែទាំវេជ្ជសាស្ត្រ និងការបំពេញការងារជាដើម។ សិក្ខាសាលានេះក៏បានចែករំលែក នូវចំណេះដឹងពាក់ព័ន្ធនឹងការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងសកម្មភាពមីន និងការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម និងមនុស្សវិទ្យាលើផលប៉ះពាល់ដោយសារមីន។
ក្រៅពីប្រធានបទសំខាន់ៗស្តីពីសកម្មភាពមីនក្នុងតំបន់អាស៊ាន កិច្ចពិភាក្សាក៏បានបង្ហាញពីសារៈសំខាន់ នៃក្របខណ្ឌសហប្រតិបត្តិការអន្តរជាតិនានា ក្នុងការបង្កើនភាពជាដៃគូលើឆាកអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាមីនជាសកល។
ក្នុងនាមកម្ពុជាជាប្រទេសម្ចាស់ផ្ទះ នៃ ARMAC ក៏ដូចជាប្រទេសម្ចាស់ផ្ទះនៃសិក្ខាសាលានេះ វគ្គពិភាក្សាមួយត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីការគាំទ្រ របស់កម្ពុជាដល់កិច្ចដំណើរការប្រកបដោយប្រសិទ្ធភាពរបស់ ARMAC និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសកម្ពុជា និង ARMAC ក្នុងសកម្មភាពមីន ទាំងក្នុងពេលកន្លងមក និងផែនការបន្ទាប់ទៀត។
សិក្ខាកាមក៏បានធ្វើទស្សនកិច្ចសិក្សា នៅសារៈមន្ទីរសន្តិភាព របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីស្វែងយល់ពីប្រវត្តិ របស់ប្រទេសកម្ពុជា ពាក់ព័ន្ធនឹងមីន និងកិច្ចប្រឹងប្រែងរបស់ប្រទេសមួយនេះ ក្នុងការកាត់បន្ថយផលប៉ះពាល់ដោយសារមីន។ មជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា ក៏បានរៀបចំនូវការបង្ហាញពីការហ្វឹកហាត់ សុនខ និងកណ្តុរ និងការប្រើប្រាស់ឧបករណ៍ផ្សេងៗ ងកិច្ចប្រតិបត្តិការបោសសម្អាតមីន ជូនដល់សិក្ខាកាមផងដែរ។
លោកក៏បានរំលឹកផងដែថា គំនិតក្នុងការបង្កើតមជ្ឈមណ្ឌលនេះ ត្រូវបានផ្តួចផ្តើមឡើង និងអនុម័តដោយថ្នាក់ដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូល អាស៊ាន លើកទី២១ ក្នុងគោលបំណងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន ក្នុងការដោះស្រាយបញ្ហារួមដោយសារមីន។ ក្នុងនាមជាស្ថាប័នអាស៊ានមួយ និងមានភារកិច្ចក្នុងការបង្កើនការយល់ដឹង កាត់បន្ថយគ្រោះថ្នាក់ដោយសារមីន ការសម្របសម្រួលកិច្ចសង្គ្រោះ ជនពិការដោយសារមីន និងការជួយគាំទ្រដល់ការចែករំលែកចំណេះដឹង និងការស្រាវជ្រាវ ARMAC ស្ថិតក្នុងស្ថានភាពអំណោយផល ក្នុងការគាំទ្រ ដល់ប្រទេសសមាជិកអាស៊ាន ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន៕