(ភ្នំពេញ)៖ មន្ត្រីរាជការដែលជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋាន មកពីតាមក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមស្តីពី «ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន» ដោយយកបទពិសោធន៍តាមប្រទេសចិន។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកបណ្ឌិត Liu Qin អនុប្រធានវិទ្យាស្ថានជាតិគណនេយ្យសៀងហៃ និង លោក Sie Fei នាយកមជ្ឈមណ្ឌលភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃសាធារណរដ្ឋប្រជាមានិតុចិន។
បណ្ឌិត Liu Qin អនុប្រធានវិទ្យាស្ថានជាតិគណនេយ្យសៀងហៃ បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលនេះ គឺសំដៅចែករំលែកនិងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍រវាងកម្ពុជានិងចិន ក្នុងក្របខណ្ឌនៃភាពជាដៃគូរវាងរដ្ឋនិងវិស័យ ឯកជន ។
បណ្ឌិត Liu Qin បានលើកឡើងទៀតថា «ការរីកចម្រើនទីក្រុងសៀងហៃសព្វថ្ងៃនេះ គឺមានការចូលរួមចំណែកដ៏សំខាន់ពីទំនាក់ទំនងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ដែលតាមរយៈយន្តការនេះ គឺបានបង្កើតឱ្យមានប្រភពមូលនិធិសម្រាប់អភិវឌ្ឍទីក្រុងខ្នាតធំ, មានស្ថាប័នវិនិយោគ អភិវឌ្ឍ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ, មានការប្រកួតប្រជែងក្នុងវិស័យថាមពលនៅតំបន់ទីក្រុង, មានយន្តការកិច្ចលទ្ធកម្មសាធារណៈដ៏មានប្រសិទ្ធភាពក្នុងសេវាសាធារណៈ, មានយន្តការកែសម្រួលតម្លៃក្នុងការផ្តល់សេវាសាធារណៈ និងយន្តការគ្រប់គ្រងជំនាញប្រកបដោយវិជ្ជាជីវៈនិងបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីបង្កើនគុណភាពសេវាសាធារណៈ»។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានថ្លែងអំណរគុណ និង កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានហិរញ្ញវត្ថុ និងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក និងមជ្ឈមណ្ឌលភាពជាដៃគូរវាងរដ្ឋនិងឯកជនប្រទេសចិន ដែលបានសហការជាមួយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ក្នុងការរៀបចំការបណ្តុះបណ្តាលដ៏មានសារសំខាន់នេះជូនដល់មន្ត្រីរាជការកម្ពុជា។
លោកបណ្ឌិតសភាចារ្យ បានរំលឹកថា ប្រទេសកម្ពុជា និងប្រទេសចិន មានចំណងមិត្តភាព និង សាមគ្គីភាពជាប្រពៃណីល្អប្រសើរយូរអង្វែង ហើយប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការឈានដល់ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ លើគ្រប់វិស័យថែមទៀត ។
បណ្ឌិតសភាចារ្យរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ដែរថា «ក្នុងទំនាក់ទំនងសហប្រតិបត្តិការលើការបណ្តុះបណ្តាល និង អភិវឌ្ឍធនធានមនុស្ស ប្រទេសចិនបាន និងកំពុងផ្តល់ការគាំទ្រយ៉ាងសកម្ម តាមរយៈការផ្តល់អាហារូបករណ៍ និងកម្មវិធី ផ្តាស់ប្តូរទស្សនកិច្ចសិក្សា ឱ្យសិស្ស និស្សិត សាស្រ្តាចារ្យ និងមន្ត្រីរាជការកម្ពុជាជាច្រើន បានទៅសិក្សារៀនសូត្រ និង ស្វែងយល់ ព្រមទាំងដកស្រង់បទពិសោធន៍នៅប្រទេសចិន»។
«រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តដាក់ឱ្យប្រើប្រាស់ឯកសារគោលនយោបាយស្តីពី [ការអភិវឌ្ឍបន្តយន្តការភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន (PPP) សម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ២០១៦-២០២០] ហើយបានបង្កើត [អង្គភាពនៃភាពជាដៃគូរវាងរដ្ឋនិងឯកជនថ្នាក់កណ្តាល] នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួចហើយ សម្រាប់សម្របសម្រួលការអនុវត្តគម្រោងវិនិយោគក្នុងក្របខណ្ឌភាពជាដៃគូរវាងរដ្ឋនិងឯកជន ។ ការណ៍នេះ, ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សំដៅជំរុញការចូលរួមការវិនិយោគពីវិស័យឯកជន ចូលរួម ស្ថាប័នហិរញ្ញវត្ថុ ដើម្បីរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង និង បង្កើនសមត្ថភាពប្រកួតប្រជែងកម្ពុជា, ទាំងក្នុងតំបន់ និង អន្តរជាតិ»។ លោកបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់បន្ថែម។
លោបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ទៀតថា កម្ពុជាត្រូវការស្វែងយល់បន្ថែមទៀត នូវបទពិសោធន៍ និង ឧត្តមានុវត្តន៍អន្តរជាតិ ពាក់ព័ន្ធនឹងភាពជាដៃគូរវាងរដ្ឋ និងឯកជននេះ ។ ដូច្នេះការបណ្តុះបណ្តាល «ភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន៖ បទពិសោធន៍ប្រទេសចិន» នៅពេលនេះ គឺឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងសម្រាប់ការអនុវត្តនៅកម្ពុជា ជាពិសេស ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលកំពុងស្ថិតក្នុងដំណាក់កាលទី ៣ ក្នុងគោលដៅបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។
លោកបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវចូលរួមពិភាក្សាឱ្យបានសកម្ម និងផុលផុស ប្រមូលផ្តុំបទពិសោធន៍និងមេរៀនល្អៗពីវគ្គបណ្តុះបណ្តាល សំដៅពូតផ្តុំជាធាតុចូល ដើម្បី តម្រង់ទិសអនុវត្តការងារឱ្យមានប្រសិទ្ធភាព តាមភារកិច្ចរៀងៗខ្លួន និង ឈានទៅចូលរួមសម្រេចគោលដៅយុទ្ធសាស្ត្រ ចតុកោណ- ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព និង កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៥០៕