(កំពង់ធំ)៖ ដោយសារប្រទេសជាតិមានសុខសន្តិភាព សេដ្ឋកិច្ចជាតិមានការរីកចម្រើន ធ្វើឱ្យប្រជាពលរដ្ឋមានឱកាសបានធ្វើបុណ្យទាន នាថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំផ្តួចផ្តើមធ្វើអង្គកឋិនទានសាមគ្គីក្រោមការដឹកនាំាដោយលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានប្រមូលបច្ច័យជាង២៦០លានរៀល សម្រាប់កសាងសមិទ្ធផលក្នុងវត្តឥន្ទ្រីសំវរៈ (ហៅវត្តកំពង់ធំ) អង្គកឋិនទាននេះ គឺជាការកើតចេញពីទឹកចិត្តជ្រះថ្លារបស់បងប្អូន ប្រជាពលរដ្ឋ អាជីវករ មន្រ្តីរាជការ កងកម្លាំង និងបងប្អូនតាមបណ្តាខេត្តមួយចំនួន។
ជាមួយគ្នានេះដែរគ្នាលោក សុខ លូ បានថ្លែងអំណរគុណ លោកឧកញ៉ា លោក លោកស្រី មន្រ្តីរាជការ កងកម្លាំង មន្ទីរអង្គភាពគ្រប់ស្ថាប័ន និងលោកយាយ លោកតា និងពុទ្ធបរិស័ទ ដែលអញ្ជើញមកពីបណ្តាខេត្តក្រុង និងទាំងអស់ ដែលបានចូលរួមក្នុងអង្គកឋិនទានសាមគ្គីនេះ ដើម្បីនាំយកបច្ច័យមកកសាង នូវសមិទ្ធផលនានា ក្នុងវត្តកំពង់ធំនេះ។
លោកបានបន្តថា យើងបានសុខមកដល់ថ្ងៃនេះ ក៏ដោយសារតែកក្តាសុខសន្តិភាព ដូច្នេះបងប្អូនទាំងអស់ត្រុវនាំគ្នារក្សាសន្តិភាពឱ្យបានយូអង្វែង ជាមួយនឹងរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យប្រទេសរបស់យើង មានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ លោកក៏បានបន្តទៀតថាអង្គកឋិននទាននេះ គឺជាការរួមចំណែកមួយ ដើម្បីលើកស្ទួយក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បើទោះបីជាបច្ច័យទាំងនេះនៅមានកម្រិតនៅឡើយ ក៏ជាការបង្ហាញឱ្យកូនចៅជំនាន់ក្រោយមើលឃើញ នូវការប្រារព្ធពិធីពុទ្ធសាសនា ដែលជាទំនៀមទំលាប់ព្រៃណីដ៏ល្អរបស់ខ្មែរយើង។
លោក សុខ លូ ក៏បានប្រសិទ្ធពរជ័យដល់មន្ត្រីរាជការ ពុទ្ធបរិស័ទ ដែលបានចូលបច្ច័យតាមសទ្ធាជ្រះថ្លាចូលរួមថវិកា ក្នុងអង្គកឋិនទានសាមគ្គី ដើម្បីចូលរួមកសាងសមិទ្ធផលនានា នៅវត្តឥន្ទ្រីសំវៈ ដើម្បីតម្កល់ មហាកុសលផលបុណ្យទៅអនាគតជាតិ ពិសេសសូមឱ្យវត្ថុសក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាប្រមុខដឹកនាំប្រទេស និងប្រជាជនខ្មែរទូទាំងប្រទេសជួបតែសុខសន្តិភាព និងមានការអភិវឌ្ឍជានិរន្តផងដែរ៕