(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត នាព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញប្រគល់ថវិកាឧបត្ថម្ភដល់ទូកដែលទទួលបានជ័លាភី និងទូកដែលមិនទទួលបានជ័យលាភី ក្នុងការប្រកួតនៅខេត្តកំពង់ស្ពឺ។ រយៈពេល២ថ្ងៃ នៃពិធីប្រណាំងទូកខេត្តកំពង់ស្ពឺនេះ មានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាកំសាន្តប្រមាណជាង៦ម៉ឺននាក់។
លទ្ធផលនៃការប្រណាំរយៈពេល២ថ្ងៃ បានទៅលើ ទូកខ្នាតផ្កាចារបុរស មានចំនួន៣០ទូក ទូកដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ «ព្រះធរណីសែនជ័យ» របស់មន្ទីរដែនដី ទូកដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ «អធិរាជវង្សា» របស់ស្រុកសំរោងទង ទូកដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះ «ខ្យងស័ង្ខមានឬទ្ធិ»។ នេះបើតាមរបាយការណ៍របស់ប្រធានគណកម្មការវាយតម្លៃលើពិន្ទុទូក «ង» លោក ថន ថារិន ប្រធានមន្ទីរអប់រំខេត្តកំពង់ស្ពឺ។
ចំណែកទូកខ្នាតអន្តរជាតិផ្នែកបុរស មានចំនួន៤ទូក ទូកដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ «ស្វាយរំពារព្រះច័ន្ទសែនជ័យ» ទូកខ្នាតផ្កាចារផ្នែកនារី មានចំនួន៣ទូក ទូកដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ «មហាតេជ២ធ្នូ៧៨ បារមីលោកយាយម៉ៅពេជ្យនិល» ទូកដែលទទួលបានជ័យលាភីផ្នែកសោភ័ណ គឺទូកឈ្មោះ «រាជសីហ៍មានរឹទ្ធ»។ ចំពោះទូក ដែលទទួលបានជ័យលាភី ចំណាត់លេខ១ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២លានរៀល លេខ២ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ចំនួន១លាន ៥០ម៉ឺនរៀល ជ័យលាភីលេខ៣ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន១លានរៀល ហើយទូកដែលមិនទទួលបានជ័យលាភី ចំណាត់ថ្នាក់ ក៏ទទួលបាននៅប្រាក់រង្វាន់លើកទឹកចិត្តផងដែរ។
លោក វ៉ី សំណាង បានអះអាងថានេះជាឆ្នាំទី៣ ហើយដែលរដ្ឋបាលសាលាខេត្តបានរៀបចំពិធីប្រណាំទូក «ង» ដើម្បីអបអរសាទរ នៃព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិ ហើយរដ្ឋបាលខេត្ត បន្តធ្វើពិធីនេះជូនពលរដ្ឋកំសាន្តសប្បាយ ជាមួយគ្នានេះដោយសារតែប្រទេសមាន សុខសន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យខេត្តកំពង់ស្ពឺ ក្លាយពីខេត្តខ្វះខាតទឹក មកមានទឹកប្រណាំងទូក «ង» បានថែមទៀត។
ហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងបានកំពង់អភិវិឌ្ឍន៍យ៉ាងសន្សឹមៗ ក្នុងពេលដែលកំណែទម្រង់របស់រាជរដ្ឋាភិបាល គឺយកវិស័យអប់រំជាអទិភាព យើងមើលឃើញសព្វថ្ងៃសាលារៀនគឺមានដល់មុខផ្ទះ។ ចំពោះការអភិវឌ្ឍន៍ពិសម័យដើមនៅខេត្តកំពង់ស្ពឺយើងនេះ មានរោងចក្រត្រឹម តែមួយរោងចក្រប៉ុណ្ណោះ តែមកដល់សព្វថ្ងៃខេត្តកំពង់ស្ពឺ មានរោងចក្រប្រមាណ៥០រោងចក្រ ដែលចំណូលពលរដ្ឋរាប់លានដុល្លារក្នុងមួយខែៗ។
លោកអភិបាលខេត្តអំពាវនាវ ឱ្យពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវឱ្យគោរពច្បាប់ចរាចរ កាត់បន្ថយគ្រួសារក្រីក្រ កុមារកំព្រា ស្រ្តីមេម៉ាយ ជាពិសេសបញ្ហាគ្រឿងញៀន ត្រូវរាយការណ៍មកដល់អាជ្ញាធរដើម្បីចាត់ការឱ្យទាន់ពេលវេលាហើយទន្ទឹមគ្នានេះ ត្រូវយកចិត្តទុកដាក់ចំពោះសំរាមផងដែរ៕