(សៀងហៃ)៖ ក្រុមហ៊ុន អាលីបាបា (Alibaba) បានឲ្យដឹងនាថ្ងៃចន្ទនេះថា ចំណូលបានពីកម្មវិធីលក់ទំនិញបញ្ចុះតម្លៃ Singles' Day Sales លើវែបសាយរបស់ខ្លួនបានកើនដល់កំណត់ត្រាថ្មី ២១៣.៥ពាន់លានយ័ន ដែលស្មើនឹង ៣០.៧ពាន់លានដុល្លារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រុមហ៊ុន Alibaba បានចាប់ផ្តើមកម្មវិធីលក់បញ្ចុះតម្លៃទំនិញ តាមអនឡាញខាងលើនេះ ជាលើកដំបូងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៩ ជាថ្ងៃដែលយុវវ័យចិនយ៉ាងច្រើនកុះក បានចាត់ទុកក៏ដូចជាប្រារព្ធឡើងនៃទិវាជនដែលមានខ្លួនមួយ ពោលគឺអ្នកមិនមានដៃគូនឹងគេ។
គួរជម្រាបថា បើតាមការបញ្ជាក់ពី Alibaba ចំណូលដែលបានពី Singles' Day Sales នាឆ្នាំនេះមានការកើនឡើងរហូតដល់ទៅ ២៧ភាគរយ បើធៀបនឹងពេលដូចគ្នានៅឆ្នាំមុន ខណៈក្នុងពេលត្រឹមតែ ១ម៉ោងដំបូងប៉ុណ្ណោះ ពេលកម្មវិធីបញ្ចុះតម្លៃពិសេសនេះចាប់ផ្តើមកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ក្រុមហ៊ុន Alibaba អាចលក់ទំនិញបានដល់ទៅ ៩.៩២ពាន់ដុល្លារ បាត់ទៅហើយ៕