(រតនគិរី)៖ អង្គកឋិនទាន ដែលផ្តួចផ្តើមដោយឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្ត និងលោកស្រី គឹង ស្រីវ៉ាត ព្រមទាំងមន្ត្រីក្រោមឱវាទ, ពុទ្ធបរិស័ទជិតឆ្ងាយ ដង្ហែទៅកាន់វត្តសិរីមង្គលមុល្លមុនី ស្ថិតក្នុងភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវ៉ើនសៃ ខេត្តរតនគរីនា ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបច្ច័យចំនួន៦១លានរៀល និងសម្ភារផ្សេងៗជាច្រើនទៀត។
ឧត្តមសេនីយ៍ត្រី គឹម រស្មី បានលើកឡើងក្នុងអង្គកឋិនទាននេះថា បើទោះបីវត្តនេះឆ្ងាយ ពីក្រុងបានលុងដាច់ស្រយាល ផ្លូវមានការលំបាកធ្វើដំណើរ ត្រូវឆ្លងកាត់ជ្រោះដងអូរ ព្រៃប្រឹក្សាយ៉ាងណាក៏ដោយ រូបលោកនិងក្រុមគ្រួសារ, មន្ត្រីក្រោមឱវាទ, ពុទ្ធបរិស័ទជិតច្ងាយមានសទ្ធាជ្រះថ្លា ដង្ហែកឋិនទាននេះ មកទីអារាមខាងលើ ដោយទឹកចិត្តសប្បាយរីករាយ។ លោកបន្តថា លោកនឹងគៀរគរសប្បុរសជន មកធ្វើបុណ្យនៅទីនេះ ដើម្បីចូលរួមចំណែកកសាងសមិទ្ធផល ក្នុងទីអារាមឲ្យមានការរីកចំរើន ដូចទីអារាមនានាក្នុងខេត្តរតនគិរីផងដែរ។
សូមបញ្ជាក់ផងដែរថាបុណ្យកឋិនទាន ជាពិធីបុណ្យមួយចាប់ផ្តើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា ហើយបុណ្យកឋិនទាន តែងបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្តណាមួយ ត្រូវបានខកខានឡើយ។ ដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានបានដង្ហែ ទៅកាន់ទីអារាមរៀងៗខ្លួន ចាប់ពីថ្ងៃ១រោជខែអស្សុជ ដល់ថ្ងៃទី១៥កើតខែកក្តិក ហើយបើទីអារាមណាមួយ មិនមានកឋិនហែចូលទេ ក៏ត្រូវរៀបចំកឋិនជើងវត្តដែរ។
ព្រះចៅអធិការវត្តសិរីមង្គលមុល្លមុនីព្រះនាម ស៊ី ប៊ុនណា បានមានសង្ឈដីកាប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរី ឲ្យដឹងថា ទីអារាមនេះមានចំងាយប្រមាណ៤០គីឡូម៉ែត្រ ពីក្រុងបានលុង គឺស្ថិតនៅតំបន់ដាច់ស្រយាល។ ពុទ្ធបរិស័ទមកធ្វើបុណ្យ ត្រូវធ្វើដំណើរឆ្លងកាត់ជ្រលងដងអូរ, វាលខ្សាច់, ព្រៃប្រឹក្សាជាច្រើនកន្លែង ទំរាំដល់មានការលំបាក។
ពុទ្ធបរិស័ទខ្លះក្នុងខេត្តរតនគិរី មិនស្គាល់វត្តនេះទេ ហើយតំបន់នេះមានបងប្អូនជនជាតិឡាវ និងបងប្អូនជនជាតិផ្សេងៗរស់នៅជាច្រើនគ្រួសារ។ ដូច្នេះការកសាងទីអារាមមិនដូចនៅទីប្រជុំជននោះទេ។
លោកចៅអធិការអង្គនេះ មានសង្ឈដីកាបន្តថា សង្ឈគង់ក្នុងវត្តមានចំនួន៦អង្គ បច្ចុប្បន្នគណៈកម្មាការវត្ត ចាប់ផ្តើមកសាងសាលាធម្មភា។ ក្នុងនាមព្រះអង្គផ្ទាល់ សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ ចូលរួមជាបច្ច័យចាប់មគ្គផលដើម្បីកសាងសាលាធម្មភា ឲ្យឆាប់រួចរាល់ទុកជាកេរ្តិ៍ដំណែល សម្រាប់កូនចៅជំនាន់ក្រោយ៕