(បុរីរាំម)៖ ក្នុងបរិយាកាសរីករាយស្វាគមន៍ រាក់ទាក់ពីសំណាក់ប្រជាពលរដ្ឋខេត្តសូរិន លោកឧកញ៉ា ហ៊ួត ចាន់ថូ ទីប្រឹក្សាលោកបណ្ឌិត ងួន ញិល អនុប្រធានទី១នៃរដ្ឋសភា, លោកស្រី កង សុមនា និងព្រះគ្រូចៅអធិការវត្ត ព្រះមហារិថន ហៅលោកតា ស៊ុច ព្រមទាំងប្រតិភូរួមដំណើរ បានមូលមតិគ្នាប្រារព្ធពិធីដង្ហែអង្គកឋិនទាន ទៅកាន់ទីអារាមព្រៃគោកគ្រឹះ ស្ថិតក្នុងភូមិមិមាំង ឃុំព្រៃជល់ ស្រុកផ្លាប់ផ្លាជ័យ ខេត្តបុរីរាំម។
គួរបញ្ជាក់ដែរថា កឋិនទានគឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ។ រយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។
កឋិនទាន គឺជាបុណ្យមួយដែលមានអត្ថន័យ ដូចជា៖
*ទី១៖ មានសេចក្ដីសទ្ធាជ្រះថ្លាជឿលើ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។
*ទី២៖ ធ្វើឲ្យមានសេចក្ដីសុខសប្បាយ និងសុភមង្គល។
*ទី៣៖ ស្អាតស្អំដោយកាយវិកាចិត្ត មិនធ្វើអំពើបាប មិនកាប់សម្លាប់ មិនលួច មិនប្លន់ មិនចេះភរកុហក បោកប្រាស់គេ និងមិនចងគំនុំ។
ឧកញ៉ា ហ៊ួត ចាន់ថូ បាននាំការសួរសុខទុក្ខ ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តបុរីរាំម។
ឧកញ៉ា ហ៊ួត ចាន់ថូ បានបន្តថា រាជរដ្ឋាភិបាលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សង្គម បូរណភាពទឹកដី ធ្វើឲ្យប្រជាពលរដ្ឋ មានឱកាសកសាងជីវភាពរីកចម្រើន ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ដែលមកដល់បច្ចុប្បន្ននេះ បានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ដំឡើងប្រាក់បៀវត្សដល់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ កម្មករជាបន្តបន្ទាប់ ដែលនេះជាស្នាដៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ។
ឧកញ៉ា ហ៊ួត ចាន់ថូ និងលោកស្រី កង សុមនា បាននាំនូវបច្ច័យចំនួន ១ម៉ឺនដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភកសាងវត្តព្រៃគោកគ្រឹះ និងចែកជូនដល់ប្រជាពលរដ្ឋ និងព្រះសង្ឈ និងសរុបការចំណាយប្រមាណ២៨០០០ដុល្លាអាមេរិក៕