(ប៉ារីស)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១០០ឆ្នាំ នៃថ្ងៃបញ្ចប់សង្គ្រាមលោកលើកទី១ និងវេទិកាទីក្រុងប៉ារីស ស្តីពីសន្តិភាព ដើម្បីជាការរំលឹក និងការគោរពដល់វិញ្ញាណក្ខន្ធវីរបុរសខ្មែរ ដែលបានពលីជីវិត នៅក្នុងបុព្វហេតុនៃការតស៊ូជាមួយកងទ័ព និងប្រជាជនបារាំង ដើម្បីការបញ្ចប់សង្គ្រាមលោកលើកទី១ នៅឆ្នាំ១៩១៨។
ក្រោយកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ច នៃព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ប្រទេសកម្ពុជាធ្លាប់ទទួលបាននូវសន្តិភាព ប៉ុន្តែបានបាត់បង់ទៅវិញដោយសារសង្គ្រាមស៊ីវិល ចាប់ពីឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៩ របបកម្ពុជាប្រជាធិបតេយ្យបានដួលរលំ ប៉ុន្តែអង្គការចាត់តាំងនយោបាយ និងយោធារបស់ក្រុមខ្មែរក្រហម នៅពុំទាន់ត្រូវបានកម្ទេចដល់ប្ញសគល់ទាំងស្រុងនៅឡើយ។
កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ បាននាំទៅដល់ការបោះឆ្នោតសាកលរៀបចំដោយអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៣ ប៉ុន្តែសង្គ្រាមស៊ីវិលនៅតែបន្តអូសបន្លាយ។ ក្នុងដំណាក់កាលនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុវត្តនយោបាយឈ្នះ ឈ្នះ រហូតឈានដល់ការបង្កើតព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលអង្គការចាត់តាំងនយោបាយ និងយោធាចុងក្រោយរបស់ខ្មែរក្រហម ត្រូវបានរំលាយទាំងស្រុង។
ប្រទេសកម្ពុជាទទួលបានមកវិញ នូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី និងសន្តិភាពពេញបរិបូរ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដែលមាតុភូមិដ៏កំសត់នេះបានបាត់បង់ជាង៤០០ ឆ្នាំមកហើយ។ សន្តិភាពនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជាតិកម្ពុជា ធ្វើដំណើរលើមាគ៌ាឆ្ពោះទៅរកការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបេតយ្យ ការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងវិបុលភាព ចូលរួមចំណែកយ៉ាងធំធេងក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។
មាតុភូមិ និងប្រជាជនកម្ពុជា បាននិងកំពុងរីករាយសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលកំពុងថែរក្សា និងការពារបានយ៉ាងគត់មត់នូវសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅប្រកបដោយភាពសុខដុមរបស់ប្រជាជនកម្ពុជា៕