(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយករងខុទ្ធកាល័យ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកសម្របសម្រួល មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បាននាំយកថវិកាប្រមាណជាង ៤០លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសព វរសេនីយ៍ទោ អៀម ចេស្តា នាយផ្នែករដ្ឋបាល ការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលទើបតែទទួលមរណភាព ដោយរោគាពាធ។
ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី បាននាំនូវប្រសាសន៍សួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ របស់នាយឧត្តមសេនីយ៍ សៅ សុខា ទៅដល់ក្រុមគ្រួសារសព។ លោកថា ការបាត់បង់វរសេនីយ៍ទោ អៀម ចេស្តា គឺជាការបាត់បង់ស្វាមី ឪពុក និងជីតា ដ៏ល្អ និងជាទីកក់ក្តៅរបស់ក្រុមគ្រួសារទាំងមូល និងបានផ្តាំផ្ញើឲ្យក្រុមគ្រួសារសព ត្រូវធ្វើយ៉ាងណា បន្តខិតខំមើលថែក្រុមគ្រួសារទាំងមូល បានកាន់តែប្រសើរឡើង។
ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី បានបន្តទៀតថា អង្គភាពកងរាជអាវុធហត្ថទាំងមូល មានការសោកស្តាយយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ វរសេនីយ៍ទោ អៀម ចេស្តា ពីជួរអង្គភាពកងរាជអាវុធហត្ថ។
ក្នុងនោះផងដែរ លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត ក៏បានឲ្យដឹងដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ នាយឧត្តមសេនីយ៍ សៅ សុខា ដែលលោកតែងតែ គិតគូរអំពីសុខទុក្ខរបស់នាយទាហាន ទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ និងបានផ្តួចផ្តើមបង្កើតមូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថនេះឡើង ក្នុងគោលបំណងជួយសម្រួលទៅដល់ជីវភាព របស់ក្រុមគ្រួសារអាវុធហត្ថ ពលី មរណៈ ដែលបានបាត់បង់សមាជិកជាទីស្រលាញ់របស់ខ្លួន និងបន្សល់សមាជិកនៅក្នុងបន្ទុកជាច្រើននាក់។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានបន្តឲ្យដឹងទៀតថា ជានិច្ចជាកាល នាយឧត្តមសេនីយ៍ សៅ សុខា តែងតែដាស់តឿន និងក្រើនរំលឹក ទៅដល់មេបញ្ជាការ តាមបណ្តាអង្គភាព ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវយកចិត្តទុកដាក់ទៅលើការរស់នៅ ជីវភាព សុខមាលភាព របស់បងប្អូនដែលនៅក្រោមឱវាទទាំងអស់ ជាពិសេសពេលដែលបងប្អូន កំពុងជួបនូវទុក្ខលំបាក ដូចជាពេលនេះជាដើម៕