(ភ្នំពេញ)៖ ពលរដ្ឋខ្មែរភាគច្រើនពិតជានៅចាំសម្តីរបស់សពបណ្ឌិត កែម ឡី ដែលបានហៅ សម រង្ស៊ី ថាជាអ្នកនយោបាយអង្ករកំប៉ុង អ្នកនយោបាយមាន់សម្ល ឬអ្នកនយោបាយជើង មិនជាប់ដី។ ការលើកឡើងនេះពិតជាត្រឹមត្រូវបំផុត ហើយឥឡូវនេះ ពលរដ្ឋខ្មែរទាំងមូលពិតជាបានដឹងច្បាស់នូវចរិតនយោបាយពិតរបស់សមរង្ស៊ី ដែលឆ្កួតនឹងជំងឺតួឯក និងជាមនុស្សទ្រុស្តមិត្ត។ ទ្រុស្តមិត្តក៏ព្រោះតែ សម រង្ស៊ី បានចាត់ទុកជីវិតនិងសេរីភាពរបស់ កឹម សុខា ដែលបានរកស៊ីចូលហ៊ុននយោបាយបង្កើតបក្សរួមគ្នាក្រោមការរៀបចំ របស់ចៅហ្វាយនាយ បរទេសរបស់ខ្លួនជា «របស់របរ និងជាល្បែងលេងភ្នាល់» របស់ខ្លួន។
នេះគឺជាទង្វើដ៏អសីលធម៌ គ្មានគុណធម៌ដោយប្រមាថជីវិត កឹម សុខា ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការក្នុងសំណុំរឿងក្បត់ជាតិឃុបឃិតជាមួយបរទេសរៀបចំ ផែនការបដិវត្តន៍ពណ៌បំផ្លាញកម្ពុជា។ សម រង្ស៊ី ត្រូវបានសពបណ្ឌិត កែម ឡី ចាត់ទុកថា អ្នកនយោបាយដែលគ្មានយុទ្ធសាស្ត្រច្បាស់លាស់ គ្មានចក្ខុវិស័យវែងឆ្ងាយគ្រាន់តែអ្នកនយោបាយ ធ្វើមួយថ្ងៃដើម្បីរស់មួយថ្ងៃ។ ដោយសារតែគ្មានទិសដៅច្បាស់លាស់ បានជាចុងក្រោយនេះ សម រង្ស៊ី បានធ្វើនយោបាយកំប៉ុងជើងធូប ដោយប្រើការទស្សន៍ទាយ និងការភ្នាល់មកប្រើប្រាស់ទៅវិញ។
នេះគឺជាភាពទ័លច្រកនយោបាយរបស់សម រង្ស៊ីដូចពាក្យចាស់ពោលថា «ឈ្នះមុខខ្លាញ់ ចាញ់មុខសេះ អស់តម្រិះ អង្គុយ ទាយ»។ សម រង្ស៊ី ពេលនេះពិតជាបាត់បង់អ្វីទាំងអស់ទាំងទីតាំងឈរជើងនយោបាយ និងក្តីសង្ឃឹមបានជាមកអង្គុយទាយ និងភ្នាល់នយោបាយទៅវិញ។ តើអាចជា អេង ឆៃអ៊ាង ដែលគេស្គាល់ថាជាអ្នកញៀនល្បែងដែរឬទេដែលជាអ្នកផ្តួចផ្តើមគំនិតនយោបាយបែបល្បែងនេះឱ្យសម រង្ស៊ី?
នៅលើបបូរមាត់របស់ សម រង្ស៊ីថាស្រឡាញ់ កឹម សុខា ណាស់ គឺជាដៃគូស្លាប់រស់ ប៉ុន្តែនៅពេលដែល សម រង្ស៊ី ទំនេរអត់ការងារធ្វើ បែរជាសុំយកជីវិតនយោបាយ កឹម សុខា ដែលជាដៃគូទៅធ្វើជាកម្មវត្ថុនៃល្បែងភ្នាល់ ហើយរុញឱ្យ កឹម សុខា ចុះនរកតែម្តងដោយសម្លាប់ជីវិតនយោបាយ កឹម សុខា តាមរយៈការ ប្រើយុទ្ធសាស្ត្រ «កឹម សុខា ជាប់គុកកាន់តែយូរ កាន់តែប្រសើរ» ព្រោះសម រង្ស៊ី ជឿថាវាអាចផ្តល់ឱកាសដល់ខ្លួន ក្នុងការស្តារឡើងវិញនូវជំនឿទុកចិត្តពីក្រុមប្រឆាំង និងកសាងទីតាំងឈរជើងនយោបាយមួយឡើងវិញ បន្ទាប់ពីខ្លួនបានបាត់បង់តម្លៃនយោបាយស្ទើរតែទាំងស្រុងទៅហើយទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស។ ចៅហ្វាយនាយបរទេសដែលធ្លាប់ប្រើប្រាស់ សម រង្ស៊ី ជាកូនអុក ក៏បានបោះបង់ខ្លួនចោល និងត្រូវបានគេបំភ្លេចឈ្មោះ ចាត់ទុកថាជាមនុស្សមិនមានប្រយោជន៍តទៅទៀត។ គេនាំគ្នានិយាយតែ កឹម សុខា តែមិនរំឭកពីឈ្មោះ សម រង្ស៊ី ឡើយព្រោះសម រង្ស៊ី ក្នុងក្រសែភ្នែកបរទេស គឺជាអ្នកនយោបាយកំសាក ញី និងជាអ្នកនយោបាយគ្មានយុទ្ធសាស្ត្រក្នុងខ្លួន ធ្វើឱ្យផែនការបំផ្លាញកម្ពុជាដែលចៅហ្វាយនាយខ្លួនដាក់ឱ្យ អនុវត្តគឺត្រូវបរាជ័យជារៀងរហូតមក និងបានក្លាយជាមនុស្សគ្មានតម្លៃសម្រាប់នយោបាយកម្ពុជាពេលនេះ។
សម រង្ស៊ី ពិតជាយល់ច្បាស់ថាដើម្បីអាចជួយសង្គ្រោះជីវិតនយោបាយខ្លួនបានគឺមានតែវិធីសាស្ត្រតែម្យ៉ាងគត់ គឺធ្វើឱ្យ កឹម សុខា ជាប់គុក កាន់តែយូរប៉ុណ្ណា ឱកាសនៃការស្តារមុខមាត់ និងស្តារអំណាចរបស់ខ្លួនឡើងវិញក្នុងចំណោមក្រុមអ្នកប្រឆាំងកាន់តែល្អពេលនោះ ទោះបីជាប្រឈមមុខនឹងការតិះដៀលរិះគន់វាយប្រហារពីសំណាក់អ្នកគាំទ្រ ខ្មោចបក្សសង្គ្រោះជាតិមកលើខ្លួនក៏ដោយ។
នេះហៅថាអ្នកនយោបាយដែលមានកំរិតបទពិសោធទាបបំផុត គ្មានសមត្ថភាពនឹងដឹកនាំបក្សនិងប្រ ទេសជាតិឡើយ។ ការយកជីវិតនិងសេរីភាពរបស់ កឹម សុខា ទៅដាក់ភ្នាល់ជាល្បិច កិច្ចកលឆ្ពិនភ្នែក ធ្វើយ៉ាងណាឲ្យ កឹម សុខា ជាប់ឃុំកាន់តែយូរ ឥតថ្ងៃចេញ ប៉ុន្តែសម្តីរបស់ សម រង្ស៊ី ខំស្រែកបិទបាំងប្រាប់គេឯងថា កឹម សុខា និង សម រង្ស៊ី ជាមនុស្សតែមួយ។ តាមពិតគឺគ្រាន់តែជារូបភាពបោកប្រាស់តែប៉ុណ្ណោះ ហើយសម រង្ស៊ីខំប្រឹងបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់នៅពេលនេះដើម្បីច្បាស់ថាកឹម សុខា មិនអាចរួចខ្លួនពីអំពើ ក្បត់ជាតិរបស់ខ្លួនបាន។ សម រង្ស៊ី ចង់បង្ហាញថា មានតែខ្លួនម្នាក់ប៉ុណ្ណោះដែលមានទម្ងន់នយោបាយ និងមានឥទ្ធិពលនៅក្នុងការប្រកួតប្រជែងជាមួយសម្តេចតេជោ ហ៊ុន សែន បាន ហើយនៅក្នុងគំនិតរបស់ សម រង្ស៊ី គឺ កឹម សុខា គ្រាន់តែជារបស់ឧបករណ៍នយោបាយរបស់ខ្លួន មិនអាចធ្វើអ្វីបានទាំងអស់។ ច្បាស់ជាងនេះទៅទៀតគឺនៅក្នុងបទសម្ភាសន៍របស់ខ្លួន ជាច្រើនលើកច្រើនសា សម រង្ស៊ី បានសង្កត់ធ្ងន់ថាមានតែខ្លួនម្នាក់គិត ដែលអាចប្រកួតប្រជែងនយោបាយជាមួយសម្តេចនាយករដ្ឋមន្ត្រីបាននិងមានតែខ្លួនម្នាក់គតដែលអាចដឹកនាំ កម្លាំងនយោបាយប្រឆាំងបាន។
នេះជាយុទ្ធសាស្ត្ររកភាពស្របច្បាប់សម្រាប់ខ្លួនក្នុងការឡើងគ្រប់គ្រងខ្មោចបក្សសង្គ្រោះជាតិ ដែលក្រុមចលនាសង្គ្រោះជាតិគ្រោងនឹងរៀបចំសន្និសីទពិភពលោកនៃ សាខាខ្មោចបក្សសង្គ្រោះជាតិ នៅដើមខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនៅសហរដ្ឋអាមេរិក។ ប៉ុន្តែ សម រង្ស៊ី មិនបានទទួលស្គាល់ខ្លួនឯងថាជាអ្នកដែលបានរុញច្រានឱ្យគណ បក្សសង្គ្រោះជាតិរលត់រលាយ និងធ្វើឱ្យ កឹម សុខា ដែលកំពុងមានទុក្ខ រងទុក្ខវេទនាគ្រាំគ្រាផ្លូវចិត្តកាន់តែខ្លាំងដែលត្រូវបានខ្លួន ប្រមាថជីវិត និងសេរីភាពឡើយ។ អ្វីដែល សម រង្ស៊ី ខំប្រឹងធ្វើពេលនេះគឺមានចេតនាពិតប្រាកដមួយនៅពីក្រោយ ប៉ុន្តែមិនមែនចេតនាចង់ឱ្យ កឹម សុខា មានសេរីភាពឱ្យបានឆាប់ដូចខ្លួនលើកឡើងនោះទេ គឺដើម្បីគ្រាន់តែស្វែងរកតម្លៃ នយោបាយរបស់ខ្លួនមកវិញ និងបានព្យាយាមចូលទៅក្នុងកញ្ចប់បញ្ហារបស់ កឹម សុខា ដោយរំពឹងថាប្រសិនបើមានការដោះលែង កឹម សុខា ជាយថាហេតុណាមួយនោះខ្លួនមានសង្ឃឹមថា ក៏អាចនឹងត្រូវបានលើកលែងទោសផងដែរ។ ជាក្តីសង្ឃឹមនៅក្នុងភាពអស់សង្ឃឹមព្រោះថាសម្តេចតេជោបានប្រកាសហើ យថានឹងមិនស្នើសុំឱ្យមានការលើកលែងទោសឱ្យទណ្ឌិត សម រង្ស៊ី ជាលើកទី៣ ឡើយ។
មនុស្សទាំងឡាយជាពិសេសអ្នកគាំទ្រ កឹម សុខា ពិតជាហួសចិត្តជាទីបំផុតនៅពេលដែល សម រង្ស៊ី បានយកជីវិតនិងសេរីភាពរបស់ កឹម សុខា មកបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់នយោបាយហើយអះអាងថាដើម្បីជួយឱ្យកឹម សុខា មានសេរីភាព។ សម រង្ស៊ី ថាសម្តេចតេជោ ហ៊ុន សែន បានដើរក្នុងយុទ្ធសាស្ត្ររបស់ខ្លួន ប៉ុន្តែតាមពិត សម រង្ស៊ី កំពុងតែចាញ់នៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួនឯង ព្រោះថា តាមរយៈការយក កឹម សុខាមកភ្នាល់នេះគឺបានបង្ហាញរួចជាស្រេចទៅហើយថា សម រង្ស៊ី គឺជាមនុស្សអាត្មានិយម គ្មាន
សីលធម៌ គ្មានគុណធម៌ ជាមនុស្សទ្រុស្តមិត្ត គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានខ្វល់ពីការឈឺចាប់របស់ កឹម សុខា។ សេរីភាពរបស់ កឹម សុខា ត្រូវបានសម រង្ស៊ី យកមកលេងសើចសម្រាប់កំដរដំណើរជីវិតនយោបាយចុងក្រោយដ៏គ្មានតម្លៃរបស់ខ្លួន។ សម រង្ស៊ី គ្រាន់តែជាអ្នកនយោបាយចិត្តជាទេវទត្តសម្រាប់ កឹម សុខា តែប៉ុណ្ណោះ មាត់ស្រែកថាល្អ សម រង្ស៊ី កឹម សុខាគឺតែមួយ ប៉ុន្តែតាមពិតគឺផលប្រយោជន៍សម្រាប់ តែខ្លួន សម រង្ស៊ី តែម្នាក់ឯងគត់ដោយមិនខ្វល់នឹងការឈឺចាប់របស់ កឹម សុខា ឡើយ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨