(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន និងជាប្រធានអនុគណៈកម្មាការៀបចំពិព័រណ៍ កីឡា ការរៀបចំពិធីឆ្លងឆ្នាំសកល នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបន្តបើកកិច្ចប្រជុំត្រួតពិនិត្យការងារររៀបចំកម្មវិធីនានា ដើម្បីអបអរសាទរក្នុងឱកាសពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយ ឈ្នះ ឈ្នះ និងពិធីអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ។
មហាព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ ពិសេសក៏ធ្វើឡើងរួមជាមួយថ្ងៃឆ្លងឆ្នាំសកលនៅថ្ងៃទី៣១ ធ្នូ ផងដែរ។
ក្នុងកិច្ចប្រជុំនាព្រឹកនេះដែរ លោករដ្ឋមន្ត្រីបានពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រុមការងារនីមួយៗ ដូចជា ស្ដង់ពិព័រណ៍សមិទ្ធផល២០ឆ្នាំ ពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម ម្ហូបអាហារ ការសម្តែងទស្សនីយភាពសិល្បៈ កីឡា និងពិធីឆ្លងឆ្នាំសកល។ ព្រមជាមួយការណែនាំអំពីការរៀបចំរាល់សកម្មភាព ពិព័រណ៍ សិល្បៈ កីឡាឲ្យបានសម្បូរបែបនិងប្រកបដោយភាពទាក់ទាញ។
លោករដ្ឋមន្ត្រីក៏បានរំលឹកថា គ្រប់ស្តង់ពិព័រណ៍ត្រូវមានធុងសំរាម និងបានរំលឹកអង្គប្រជុំឲ្យមានការយកចិត្តទុកដាក់ផងដែរ ដល់ការរៀបចំឱ្យមានបង្គន់អនាម័យចល័តឱ្យបានច្រើន មានទឹកគ្រប់គ្រាន់ និងត្រូវមានអ្នកប្រចាំការសម្អាតជាប់ជាប្រចាំ។
សូមជម្រាបថា ស្តង់ពិព័រណ៍មានចំនួនសរុបជាង ៥០០ស្ដង់ ដែលមានការចូលរួមតាំងបង្ហាញក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងស្ដង់ពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ ក្រុមហ៊ុនធំៗ និងមានការចូលរួមពីប្រទេសជាមិត្តមួយចំនួនផងដែរ។
ដោយឡែក ចំពោះកម្មវិធីឆ្លងឆ្នាំសកល ត្រូវខិតខំសហការ ពិគ្រោះយោបល់គ្នាឲ្យបានលម្អិតហ្មត់ចត់រវាងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ វិចិត្រសិល្បៈ ទូរទស្សន៍បាយ័ន និងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន តាំងពីការរៀបចំកម្មវិធីទស្សនីយភាពសិល្បៈ ការរៀបចំពិធីជប់លៀង ការបាញ់កាំជ្រួចឆ្លងឆ្នាំជាដើម។
ដោយសារពេលវេលាកាន់តែកៀកជិតហើយនោះ លោករដ្ឋមន្ត្រី ថោង ខុន បានជំរុញដល់ក្រុមការងារពាក់ព័ន្ធ ត្រូវពន្លឿនការងាររៀបចំកម្មវិធីទាំងឡាយ ដែលនៅសេសសល់ឱ្យបានចប់សព្វគ្រប់ ២សប្តាហ៍មុនពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយ ឈ្នះ ឈ្នះ និងពិធីអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ មកដល់ ដើម្បីងាយស្រួលដល់ការពិនិត្យកែសម្រួលឲ្យបានល្អទាន់ពេលវេលា។
លោកបានបញ្ជាក់ថា ពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយ ឈ្នះ ឈ្នះ និងពិធីអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំរបស់កម្ពុជា ដែលទាំងអស់គ្នាត្រូវខិតខំយកអស់ស្មារតីកម្លាំងកាយចិត្តចូលរួមឲ្យបានជោគជ័យ។
អង្គប្រជុំបានពិភាក្សា ពិគ្រោះយោបល់គ្នា និងទទួលបានអនុសាសន៍មួយចំនួនពីលោករដ្ឋមន្ត្រី ថោង ខុន ហើយបានប្តេជ្ញាថានឹងខិតខំបន្តអនុវត្តន៍ឲ្យបានជោគជ័យត្រចះត្រចង់៕