(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនដែលចេញដោយ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ចំនួន៣នាក់ ដែលសុទ្ធតែពាក់ព័ន្ធករណីគ្រឿងញៀន។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ការចាប់ខ្លួននេះ បានធ្វើឡើងនៅចំណុចភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបូក សហការជាមួយកម្លាំងជំនាញស្រុកស្រីសន្ធរ បានអនុវត្តដីកាចំនួន០៣។
ទី១៖ ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ២៨១៤ ត.ព្រ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ចេញដោយលោកស្រី លី ម៉ារីណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិព្រែកដំបូកលើ ឃុំព្រែកព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ទី២៖ ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ១៥៩៦ ចេញដោយលោក ប៉ុក សុវណ្ណមុន្នី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ត្រូវចោទពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
ទី៣៖ ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២២៦៥ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ ចេញដោយលោក សោ សុតា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ត្រូវចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិស្វាយតានាន់ (ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ កាលពីខែមករា ឆ្នាំ២០១៨។
របាយការណ៍បញ្ជាក់ថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនតាមដីកានេះ ឈ្មោះ យី សុភ័ក្ត ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រែកដំបូលលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕