(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ដោយចាប់អារម្មណ៍និងចាត់ទុកថា ចំពោះទង្វើថ្មីៗនេះរបស់លោក សម រង្ស៊ី ដែលបានលើកយកករណីជាប់ទោសលោក កឹម សុខា មកធ្វើជាល្បែងភ្នាល់ជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងកម្មវត្ថុយ៉ាងច្បាស់លាស់ថា «ក្រោមសម្ពាធអន្ដរជាតិ គឺលោក កឹម សុខា និងដោះត្រូវដោះលែងនៅថ្ងៃទី២៩ ខែធ្នូ ចុងឆ្នាំនេះ ឬយ៉ាងយូរថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ក្រោមលក្ខខណ្ឌបើសម្ដេចចាញ់ សុំឲ្យចុះចេញពីដំណែងផ្ទុយទៅវិញ បើលោកចាញ់វិញសុខចិត្ដវិលមកជាប់គុតនោះ គឺជារឿងហួសហេតុ និងពុំមានភាពសុចរិតក្នុងគំនិតនយោបាយមកលើលោក កឹម សុខា» នោះទេ។

លោក រ័ត្ន សណ្ដាប់ ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយនាយកប្រតិបត្តិ Fresh News នៅរសៀលថ្ងៃទី១១​​​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះបន្តទៀតថា បើនិយាយពីគុណធម៌អ្នកនយោបាយ ត្រូវមានភាពសុចរិតខ្លួនឯង និងក្រុមខ្លួនដោយក្ដីស្មោះត្រង់បំផុត។ មានន័យថា «បើនិយាយពីការចង់បានលើកលែងទោស ឬដោះលែងនេះ គឺលោក សម រង្ស៊ី ចង់បានមិនខុសពីលោក កឹម សុខា» នោះទេ។ ដោយហេតុថាចំពោះករណីនេះទំាងមតិជាតិ និងអន្ដរជាតិ នរណាក៏ដឹងដែរថា លោក សម រង្ស៊ី ជាបុគ្គលមានទោសជាប់ខ្លួនច្រើនជាងលោក កឹម សុខា រាប់មិនអស់ហើយដែលបានរត់គេចខ្លួនទៅនៅក្រៅប្រទេសនោះ។

ស្ថិតក្នុងន័យនេះហើយទើបលោក រត្ន័ សណ្ដាប់ បានចោទជាសំនួរថា បើដូចនេះបើលោក សម រង្ស៊ី ដឹងច្បាស់ថារាជរដ្ឋាភិបាលបានរងសម្ពាធអន្ដរជាតិ បង្ខំឲ្យមានការដោះលែង លោក កឹម សុខា យ៉ាងពិតប្រាកដមែននោះ តើហេតុអ្វីលោក សម រង្ស៊ី មិនយកករណីដោះលែងខ្លួនឯងមកធ្វើជាល្បែងភ្នាល់ជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការវិលចូលស្រុកវិញ ឬមួយក៏អន្ដរជាតិឈប់ចាប់អារម្មណ៍នឹងខ្លួនហើយ? ពីព្រោះថាបើរាជរដ្ឋាភិបាល ឬតុលាការ ត្រូវរងសម្ពាធអន្ដរជាតិដូចលោក សម រង្ស៊ី អះអាងយ៉ាងខែងរ៉ែងមែននោះ តើមានរឿងអ្វីដែលត្រូវលោក សម រង្ស៊ី ព្រួយនោះ។

បើដូច្នេះត្រង់ចំណុចនេះប្រាកដណាស់! លោក សម រង្ស៊ី បានដឹងយ៉ាងច្បាស់អំពីឯករាជ្យភាព និងអធិបតេយ្យជាតិយ៉ាងពិតប្រាកដ! ទើបលោក ពុំយកករណីលើកលែងដោះលែងទោស ឬដោះលែងខ្លួនមកភ្នាល់ជាមួយសម្ដេចតេជោ ហ៊ុន សែន នោះ។ បើហេតុនេះបានសេចក្ដីថា​ «លោក សម រង្ស៊ី មានភាពទុច្ចរិតក្នុងគំនិតនយោបាយលើលោក កឹម សុខា ជារបៀបស្វាស៊ីចេក» ហ្នឹងឯង។

ជាចុងក្រោយលោក រត្ន័ សណ្ដាប់ យល់ថា ចំពោះអ្វីដែលយើងឃើញសម្ដេចតេជោ ហ៊ុន សែន ព្រមភ្នាល់ជាមួយលោក សម រង្ស៊ី ជាបុគ្គលមានទោសនេះ គឺសម្ដេច គ្រាន់តែចង់បញ្ជាក់ប្រាប់ដល់អតីតគណបក្សសង្រ្គាះជាតិឲ្យឃើញថា «លោក សម រង្ស៊ី ជាបុគ្គលមានគំនិតទុច្ចរិតនយោបាយ» តែប៉ណ្ណឹងឯង។ ពីព្រោះសម្ដេចក៏ដឹងយ៉ាងច្បាស់ដែរ អំពីចរិតលោក សម រង្ស៊ី ជាបុគ្គលដែលពុំប្រកាន់ពាក្យសច្ចៈ និងភូតភរដល់កម្រិត ISO នោះ។ មិនតែប៉ុណ្ណោះ សម្ដេចក៏ចង់ប្រាប់ផងដែរថា ថ្ងៃនេះ គេហ៊ានយកលោក កឹម សុខា ជាអតីតមេដឹកនំាកំពូលគណបក្សសង្រ្គាះជាតិ មកធ្វើល្បែងប្រមាថលេងសើចជាមួយសម្ដេច ចុះថ្ងៃក្រោយ តើមានសមាជិកប៉ុន្មាននាក់ទៀតដែលត្រូវលោក សម រង្ស៊ី យកមកលេងសើចនោះ? បើដូច្នេះតើលោក សម រង្ស៊ី សាកសមជាមេដឹកនំាដែរឬទេ?៕