(កំពង់ចាម)៖ បន្ទាប់ពីដំណាំស្រូវប្រជាកសិករជាច្រើនហិកតា ក្នុងខេត្តកំពង់ចាម កំពុងជួបប្រទះគ្រោះរាំងស្ងួត អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានកោះប្រជុំភ្លាមៗ ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីរិះរកមធ្យោបាយ សង្គ្រោះដំណាំស្រូវឲ្យបានទាន់ពេលវេលា។ ការកោះប្រជុំបន្ទាន់នេះ បានធ្វើឡើងនៅថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម។
លោក គឹម សាវឿន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានឲ្យដឹងថា គ្រោះរាំងស្ងួតបានកើតឡើង ក្នុងស្រុកចំនួន៥ ស្មើនឹង ៣៨ឃុំ កំពុងជួបគ្រោះរាំងស្ងួត មានផ្ទៃដីជាង ១៥.៣១១ហិកតា ក្នុងនោះផ្ទៃដីស្រូវវស្សាចំនួ ១៤.២៣៧ហិកតា និងស្រូវប្រាំង ១.០៧៤ហិកតា។
ដោយឡែក លោក អុំ វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានរាយការណ៍ថា បច្ចុប្បន្នបានបូមទឹកជួយសង្រ្គោះស្រូវរាំងស្ងួតមានចំនួន ១.៨៧០ហិកតា។ ចំណែកផ្ទៃដី ដែលរងគ្រោះមានទំហំធំជាងគេ គឺនៅស្រុកព្រៃឈរ ដែលរងគ្រោះចំនួន ៥.០៤៩ហិកតា និងមានឃុំចំនួន៥ ទៀតដែលមិនមានប្រភពទឹក ចំនួន ១.៥៧១ហិកតា ផងដែរ។
ដើម្បីជួយស្តារឡើងវិញក្នុងការសង្គ្រោះស្រូវ ដែលជួបគ្រោះរាំងស្ងួត នៅតាមមូលដ្ឋាននេះ លោក គួច ចំរើន បានបញ្ជាឲ្យមន្រ្តីជំនាញ ត្រូវត្រូវរិះរកវិធានការជាបន្ទាន់ ដោយត្រូវយកចិត្តទុកដាក់ពីកន្លែងរាំងស្ងួត គ្មានប្រភពទឹក និងកន្លែងរាំងស្ងួត មានប្រភពទឹក ជួយសង្រ្គោះដល់ដំណាំស្រូវ របស់ប្រជាកសិករ ដែលកំពុងជួបគ្រោះរាំងស្ងួត។
លោកអភិបាលខេត្តកំពង់ចាម បានថ្លែងថា ការបូមទឹកជួយសង្រ្គោះស្រូវ ជួបគ្រោះរាំងស្ងួតនាពេលនេះ គឺជារឿងចាំបាច់បំផុត ដើម្បីជួយដល់ប្រជាកសិករ ដោយមិនអាចបង្អែរបង្អង់បានឡើយ ព្រោះពួកគាត់កំពុងតែត្រូវការជំនួយជាបន្ទាន់ ពីសំណាក់អាជ្ញាធរនៅតាមូលរដ្ឋាន។ ការជួយនេះដែរ មិនមែនជួយតែមួយពេលនេះទេ ត្រូវខ្នះខ្នែងជួយពួកគាត់ រហូតដល់ដំណាក់កាលពួកគាត់ បានច្រូតកាត់ ប្រមូលផលតែម្តង។
សូមបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំចប់ លោកអភិបាលខេត្ត បានដឹកនាំមន្រ្តីជំនាញ ចុះទៅពិនិត្យដំណាំស្រូវ និងការបូមទឹកបញ្ចូលស្រែ របស់ប្រជាកសិករ នៅតាមមូលដ្ឋាន ដែលកំពុងរងគ្រោះដោយការរាំងស្ងួត ទាំងតំបន់ដែលគ្មានប្រភពទឹក និងតំបន់ដែលមានប្រភពទឹក នៅក្នុងស្រុកព្រៃឈរ។លោកបានចុះពិនិត្យមើលស្ថានភាពប្រជាកសិករ បូមទឹកពីក្នុងប្រឡាយ ដែលបានមកពីការអន្តរាគមន៍ ដាក់បញ្ចូលស្រែរៀងៗខ្លួន រួចទើបបន្តទៅមើល ស្ថានីយបូមទឹកសម្ដេចតេជោ ទី១៥ កំពុងបូមទឹកចូលប្រឡាយមេ ឃុំសំរោង ស្រុកព្រៃឈរផងដែរ៕