(ភ្នំពេញ)៖ ក្នុងរយៈពេលប្រមាណ៩ខែ ឆ្នាំ២០១៨នេះ ប្រទេសកម្ពុជាមានអគារខ្ពស់ៗ កម្ពស់ចាប់ពី ៥ជាន់ឡើងទៅចំនួន ៩២អគារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលអង្គភាពសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ។
តាមរបាយការណ៍ដដែលបានឲ្យដឹងថា ទីក្រុងរណប បុរីលំនៅស្ថាន និងលំនៅស្ថានមានលក្ខណៈបុរី សរុបចំនួន ៤១ទីតាំង។ គិតរហូតមកដល់បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានទីក្រុងរណប បុរីលំនៅស្ថាន និងលំនៅស្ថានមានលក្ខណៈបុរី សរុបចំនួន ២២៨ទីតាំង។ ជាមួយគ្នានេះ បើគិតពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ន មានសំណង់អគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងទៅ សរុបចំនួន ១.០៨៨អគារ។
សម្រាប់វិស័យសំណង់ ក្រសួងបានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ២.៥៤១គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ១០.៧៩០.៥៩៧ម៉ែតការ៉េ មានតម្លៃប៉ាន់ស្មាន ៤.៨២០.២០៨.៨៤៦ ដុល្លារអាមេរិក។ ក្នុងនោះការបោះទុនវិនិយោគ របស់វិស័យឯកជនមកពីបរទេសមានចំនួន ៣៣គម្រោង មានផ្ទៃក្រឡាសំណង់សរុប ១.១៤៩.៣៥៣ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន ទុនវិនិយោគសាងសង់ ៤៧៧.៧៨៤.០០០ដុល្លារអាមេរិក។ វិស័យសំណង់នេះ បានផ្តល់ដល់អ្នកជំនាញ កម្មករ ប្រមាណ២២ម៉ឺននាក់ ក្នុង១ថ្ងៃ ដែលធ្វើការតាមការដ្ឋាន សំណង់ទូទាំងប្រទេស។
បើតាមរបាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា វិស័យសំណង់ដែលសម្រចបានក្នុងរយៈពេល ៩ខែនេះ បង្ហាញថា នៅតែជាវិស័យមួយក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងជាតិ និងអភិវឌ្ឍប្រទេសជាតិ៕