(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់នៅវេលាម៉ោងប្រមាណ ៤រសៀលថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នឹងយាងពន្លត់ភ្លើងជ័យ ដែលបានដុតបំភ្លឺអស់រយៈពេល៣ថ្ងៃនៅក្នុងវិមានឯករាជ្យ ចាប់តាំងពីថ្ងៃទី០៩ ខែវិច្ឆិកា មកនោះ។
ក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យនេះ នឹងមានការយាង និងអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដាអង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំកម្ពុជា មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ រាជវង្សានុវង្ស និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស យ៉ាងច្រើនកុះករ។
មិនខុសពីឆ្នាំកន្លងទៅនោះទេ ព្រះរាជពិធីពន្លត់ភ្លើងជ័យ នឹងត្រូវពន្លត់ដោយព្រះករុណាព្រះបាទព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី នៅលើវិមានឯករាជ្យដែលអមព្រះរាជដំណើរដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ ៩ វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ព្រះកាយពល និង ព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ដើម្បីតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីអាណានិគមបារាំង។ តាមប្រវត្តិសាស្ត្រ បារាំងបានដាក់អាណានិគម គ្រប់គ្រងលើប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៨៦៣ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបប្រទេសបារាំង ប្រកាសប្រគល់ឯករាជ្យពេញលេញដល់កម្ពុជាវិញ។
ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ក៏ដូចជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទលើកទី៦៥ ឆ្នាំ២០១៨នេះ ក៏មិនខុសពីបណ្តាឆ្នាំកន្លងទៅផងដែរ រយៈពេល៣ថ្ងៃនេះ នៅពេលរាត្រីមានការបាញ់កាំជ្រួចលាន់ឮកងរំពឹងនៅលើដងទន្លេបួនមុខ មុខព្រះបរមរាជវាំង។ ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនបាននាំគ្នាទៅកម្សាន្តនៅតាមដងទន្លេ ក៏ដូចជារងចាំទស្សនាពន្លឺភ្លើងកាំជ្រួចក្រោមផ្ទាំងទស្សនីយភាពពេលរាត្រីដ៏ស្រស់ត្រកាល ក្នុងគ្រាដែលមានតុភូមិកម្ពុជាដ៏កម្សត់ពីអតីតកាលមួយនេះកំពុងមានភាពសុខដុមក្រោមម្លប់សុខសន្តិភាព។
ព្រះមហាក្សត្រខ្មែរកាលពីថ្ងៃទី០៩ ខែវិច្ឆិកា កន្លងទៅនេះ បានសព្វព្រះរាជហឫទ័យថ្លែងព្រះរាជសុន្ទរកថាទៅកាន់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងមហាជនក្នុងមហាអង្គមេទ្ទិញ ដែលរៀបចំឡើងនៅមុខព្រះបរមរាជវាំង។ អង្គព្រះមហាក្សត្រខ្មែរ បានបង្ហាញទឹកព្រះទ័យពេញចិត្តពេញថ្លើមចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលនាំឲ្យជាតិមាតុភូមិមានសុខសន្តិភាព មានភាពសប្បូរណ៍សប្បាយ រីកចម្រើន ហើយប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុម។
ក្នុងឱកាសនោះព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ រួមគ្នាថែរក្សានូវសុខសន្តិភាព និងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខថែមទៀត៕