(បាត់ដំបង)៖ រថយន្តដឹកទឹកកក១គ្រឿង បានបែកកង់រេចង្កូតជ្រុលទៅបុកអ្នកជិះម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវក្រាលគ្រួសក្រហម ចំណុច ក្រុមទី៧ ភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

តាមសមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍មកភ្នាក់ងារ Fresh News ឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងម៉ូតូ បើកបរបញ្ជ្រាសទិសគ្នា។

សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តម៉ាក ហ៉ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ បប 3A 1819 អ្នកបើកបរដោយជនមិនស្គាល់​អត្តសញ្ញាណ ក្នុងទិសដៅពីជើងទៅត្បូង។ លុះដល់ចំណុចខាងលើបានបែកកង់រេចង្កូតទៅបុកម៉ូតូ ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2018 ពាក់ស្លាកលេខ បប 1AB 9273 បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ជនរងគ្រោះរហូតបាត់បង់ជីវិតនេះ ឈ្មោះ អោក សុខណាង ភេទស្រី អាយុ ៣១ឆ្នាំ មានលំនៅឋានក្នុងក្រុមទី៥ ភូមិតាង៉ែនឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ ​

បើតាមសមត្ថកិច្ច អ្នកបើករថយន្ត បានរត់គេចខ្លួនបាត់។ រីឯសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ហើយរថយន្តនិងម៉ូតូ ត្រូវបានជំនាញចរាចរណ៍ខេត្ត បានយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមច្បាប់៕