(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមរាជរដ្ឋភិបាលកម្ពុជា នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតយុទ្ធជនជុំញពិភពលោក ជាពិសេសយុទ្ធជនកម្ពុជា ដែលបានបាត់បង់អាយុជីវិត ក្នុងបេសកកម្ម ចូលរួមការពារសេរីភាពនិងសន្តិភាព ក្នុងសង្រ្គាមលោកលើកទី១ នៅប្រទេសបារាំង លើកទី១០០។
ពិធីនេះធ្វើឡើងនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដោយមានការអញ្ជើញចូលពីសំណាក់ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នពាក់ព័ន្ធប្រមាណ១៥០នាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត ដោយបានពាក់ផ្កា coppy flower ពណ៌ក្រហម ឬខៀវ ជាទីរំលឹកយូរអង្វែងដល់អ្នកដែលស្លាប់នៅក្នុងជម្លោះនៃសង្គ្រាមលោកលើកទី១។
ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ស្នើសុំឲ្យប្រទេសទាំងអស់ជុំវិញពិភពលោក សូមដោះស្រាយបញ្ហាទាំងឡាយ ដោយសន្តិវិធីមិនត្រូវប្រើប្រាស់អាវុធ ដើម្បីដោះស្រាយបញ្ហាដូចអតីតកាលឡើយ ពីព្រោះ សង្រ្គាមបានធ្វើឲ្យមានសោកវិនាសសកម្មយ៉ាងខ្លាំង ចំពោះមនុស្សជាតិទូទាំងពិភពលោក។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី សូមអំពាវនាវដល់យុវជនកម្ពុជា ជំនាន់ក្រោយទាំងអស់ ត្រូវបន្តចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីរក្សាការពារ សន្តិភាព ដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី បានខិតខំនាំមកជូនជាតិ មាតុភូមិ តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ និងការយកអាយុជីវិតរបស់សម្តេច ទៅប្តូរដ៏លំបាកដ៏បំផុត៕
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស្ថានទូតនៃប្រទេសចំនួន១៣ ប្រចាំនៅកម្ពុជា បានរំលឹកខួប១០០ឆ្នាំ នៃទិវារំលឹកសន្តិភាព ការបញ្ចប់សង្គ្រាមលោកលើកទី១។ ពិធីនេះផ្តួចផ្តើមរៀបចំដោយ ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយប្រតិភូកម្ពុជា និងស្ថានទូតអាល្លឺម៉ង់ ស្ថានទូតរូស្ស៊ី ស្ថានទូតអង់គ្លេស ស្ថានទូតអាមេរិក ស្ថានទូតអូស្ត្រាលី និងស្ថានទូតជប៉ុនជាដើម។
ពិធីដែលបានរៀបចំឡើងនៅព្រឹកនេះ គឺដើម្បីជាការរំលឹកការចងចាំ និងជាការគោរពដល់កងកម្លាំងប្រដាប់អាវុធដែលបានពលីជីវិតនៅក្នុងពេលបំពេញកាតព្វកិច្ចក្នុងអំឡុងសង្គ្រាមលោកលើកទី១ និងដើម្បីសម្គាល់នូវសន្តិភាពនៃការបញ្ចប់នូវសង្គ្រាមលោកលើកទី១។
សង្គ្រាមលោកលើកទី១ (World War I ឬ First World War) គឺជាសង្គ្រាមសកលមួយ ដែលមានប្រភពចេញពីទ្វីបអឺរ៉ុប ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។ ជាលទ្ធផល មនុស្សច្រើនជាង១៥លាននាក់ បានស្លាប់នៅក្នុងសង្គ្រាមនេះ។ សង្គ្រាមលោកលើកទីមួយ គឺជាចំបាំងរវាងប្រទេសស្ទើរតែទាំងអស់ នៅក្នុងទ្វីបអឺរ៉ុប៕