(ព្រះវិហារ)៖ ស្រ្តីម្នាក់ឈ្មោះ ឈិម រតនៈសុវណ្ណា អាយុ៣៣ឆ្នាំ រស់នៅភូមិ២០ឧសភា ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានគេប្តឹងរឿងជំពាក់ប្រាក់ និងចេញសែកស្អុយពាក់ព័ន្ធការទិញថ្មយកទៅលក់ឲ្យក្រុមហ៊ុនធ្វើផ្លូវ។
ស្រ្តីរូបនេះ ត្រូវបានជនរងគ្រោះដាក់ពាក្យប្តឹងទៅតុលាការ រហូតតុលាការចេញដីកាតាមចាប់ខ្លួន ប៉ុន្តែរហូតមកដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនត្រូវចោទរួបនេះ មិនទាន់ត្រូវបានចាប់ខ្លួននៅ ឡើយទេ។
ជាមួយគ្នានេះ ជនរងគ្រោះដែលរងនូវអំពើឆបោកខាងលើនេះ បានទទូចដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមមេត្តាតាមស្រាវជ្រាវដើម្បីតាមចាប់ខ្លួនស្រ្តីរូបនេះ យកមកផ្តន្ទាទោសតាមច្បាប់ ឲ្យខាងតែបាន។
មន្រ្តីនគរបាលជាន់ខ្ពស់ខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា រហូតមកដល់ពេលនេះកម្លាំងនគរបាលមិនទាន់តាមចាប់ខ្លួនស្រ្តីរូបនេះនៅឡើយទេ ដោយកំពុងបន្តតាមស្រាវជ្រាវតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់។
នៅក្នុងដីកាបង្គាប់ចាប់ខ្លួនរបស់លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨កន្លងទៅ បានបង្ហាញថា មន្រ្តីនគរបាលយុត្តិធម៌បង្ខំបុគ្គលខាងលើ ឲ្យចូលបង្ហាញខ្លួន នៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីសាកសួរពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តទៅនៅភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សាច់ប្រាក់។
ជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ដោយប្តឹងស្រ្តីរូបនេះ ដោយចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងរំលោភលើសេចក្តិទុកចិត្ត» ដែលប្រព្រឹត្តទៅនៅភូមិទំនបន់ សង្កាត់ប៉ាហាល ក្រុង-ខេត្តព្រះវិហារ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨៕