(ភ្នំពេញ)៖ រដ្ឋមន្រ្ដីក្រសួងវប្បវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានប្រកាសបើកការប្រកួត មហោស្រពភាពយន្ដខ្នាតខ្លីកម្ពុជាលើកទី២ជាផ្លូវការ នៅយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ក្នុងនោះលោកស្រីរដ្ឋមន្រ្ដី បានប្រកាសគាំទ្រ និងជំរុញទឹកចិត្តដល់ផលិតករវ័យក្មេង ព្រមទាំងអ្នកសិល្បៈទាំងអស់ ឲ្យខិតខំប្រឹងប្រែងលើវិថីសិល្បៈបន្ថែមទៀត ដើម្បីឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត។
សូមជម្រាបថា ការបង្កើតឲ្យមានការប្រកួតមហោស្រពភាពយន្ដខ្នាតខ្លីកម្ពុជាលើកទី២នេះ ធ្វើឡើងក្រោមពាក្យស្លោក «ភាពយន្ដខ្នាតខ្លីជាជំហានឆ្ពោះទៅរកភាពយន្ដខ្នាតវែង» ក្នុងគោលបំណងជំរុញលើកទឹកចិត្តយុវជន ក្នុងការអភិវឌ្ឍសមត្ថភាព និងការបង្កើតគំនិតច្នៃប្រឌិត ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យភាពយន្ដជាតិ ឲ្យតែល្អប្រសើរ និងល្បីល្បាញលើឆាកជាតិ និងអន្ដរជាតិ។
លោកស្រី ភឿង សកុណា បានឲ្យដឹងថា «កន្លងមកក្រសួវប្បធម៌ និងវិចិត្រសិល្បៈបានខិតខំស្វះស្វែងរកដៃគូរសហការ បង្កើតសាលបណ្ដុះបណ្ដាលរយៈពេលខ្លី លើមុខវិជ្ជាជីវៈពាក់ព័ន្ធនានាលើវិស័យភាពយន្ដ ពិសេសក្រសួងបានជំរុញ និងគាំទ្រឲ្យមានការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញ របស់វិស័យឯកជនផងដែរ។ បច្ចុប្បន្ននេះទាំងវិស័យរដ្ឋ និងឯកជនបានខិតខំនាំគ្នាជំរុញលើវិស័ភាពយន្ដ ឲ្យមានការវិវត្តន៍រីកចម្រើនបន្ថែមទៀត»។
លោកស្រីបន្ដទៀតថា ក្រសួងវប្បធម៌បានចាត់ទុកថា ការរៀបចំមហោស្រពជាតិខ្នាតខ្លីកម្ពុជាលើកទី២នេះ ពិតជាមានសារៈសំខាន់ក្នុងការផ្ដល់ឱកាស និងការគាំទ្រដល់យុវជនកម្ពុជា ក្នុងការអភិវឌ្ឍន៍គំនិតច្នៃប្រឌិត និងជាការបង្កើតទស្សនៈទានថ្មីៗ ដើម្បីបង្កើតស្នាដៃភាពយន្ដប្រកដោយទេពកោសល្យចូលរួមប្រកួតប្រជែង។
លោកស្រីបញ្ជាក់ទៀតថា «ខ្ញុំសង្ឃឹមថាក្មួយៗផលិតករទាំងអស់នឹងក្លាយជា ធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ ឧស្សាហកម្មខ្សែភាពយន្ដកម្ពុជានាថ្ងៃអនាគត។ ជាមួយគ្នានេះខ្ញុំសូមអំពាវនាវ ដល់ផលិតករវ័យក្មេងបន្ដខិតខំប្រឹងប្រែង បណ្ដុះការយល់ដឹងពីតម្លៃពិតនៃសិល្បៈភាពយន្ដ ដើម្បីក្លាយខ្លួនជាអ្នកបន្ដវេនខ្សែភាពយន្ដកម្ពុជាឲ្យកាន់តែរីចម្រើន»។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋាន សិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ឲ្យដឹងថា ការប្រកួតភាពយន្ដខ្នាតខ្លីនេះ
មានការចូលរួមប្រកួតស្នាដៃចំនួន៤១រឿង ក្នុងចំណោម៤១រឿងនឹងចំរាញយក៦រឿង ទៅប្រកួតក្នុងវគ្គផ្ដាចព្រ័ត្ត ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកបន្ដទៀតថា ក្នុងចំណោម៦រឿងនឹងត្រូវជំរាញយក៣រឿង ដើម្បីទទួលបានជ័យលាភីលេខ១, លេខ២ និងលេខ៣។ ក្នុងនោះជ័យលាភីលេខ១ទទួលបានពានមាសមួយ និងទឹកប្រាក់ចំនួន១២លានរៀល, លេខ២ទទួលបានពានប្រាក់១ និងទឹកប្រាក់៨លានរៀល និងលេខ៣ទទួលបានពានសម្រិត១ និងទឹកប្រាក់៤លានរៀល។
សូមជម្រាបថា ខ្សែភាពយន្ដទាំង៤១ស្នាដៃនេះ នឹងត្រូវបានគណៈកម្មការចំនួន៧រូប សុទ្ធសឹងតែជាអ្នកមានបទពិសោធន៍ច្រើនឆ្នាំលើវិថីសិល្បៈ នឹងធ្វើការជ្រើសរើសយកខ្សែភាពយន្ដចំនួន៦ ក្នុងចំណោម៤១រឿងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្តដោយសុក្រិតភាព និងយុត្តិធម៌៕