(ភ្នំពេញ)៖ ហិង្សា គឺជាអំពើដែលបង្កើតឲ្យមានផលវិបាកធ្ងន់ធ្ងរលើរូបរាងកាយ ផ្លូវចិត្ត ផ្លូវភេទ និងសេដ្ឋកិច្ចដល់ជនរងគ្រោះ ក្រុមគ្រួសារ និងសង្គមជាតិ ។ ហេតុដូច្នេះ ដើម្បីបង្ការ និងកាត់បន្ថយជាអតិបរិមានូវអំពើដែលផ្តល់ផលអវិជ្ជមានក្នុងសង្គមនេះ បទល្មើសហិង្សាដោយចេតនា និងកំរិតទោសដែលត្រូវផ្តន្ទាសម្រាប់អ្នកប្រព្រឹត្តអំពើហិង្សា ត្រូវបានបញ្ញត្តក្នុងក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ។ តើអំពើហិង្សាដោយចេតនាមានន័យដូចម្តេច? ហើយអ្នកដែលប្រពឹ្រត្តនឹងត្រូវទទួលទោសទណ្ឌកំរិតណា?
កម្មវិធីយល់ដឹងផ្នែកច្បាប់របស់ អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សូមលើកយកប្រធានបទស្ដីពី «បទហិង្សាដោយចេតនា» មកបង្ហាញជូនបងប្អូនប្រជាពលរដ្ឋបានស្វែងយល់ដូចតទៅ៖
ហិង្សាដោយចេតនា គឺជាអំពើបៀតបៀនលើរូបរាងកាយរបស់អ្នកដទៃដោយចេតនាតាមគ្រប់មធ្យោបាយទុច្ចរិត ដែលបណ្តាលឲ្យមានរបួស ឬគ្មានរបួស ឬខូចសុខភាពជាដើម។ ចំពោះកម្រិតទោសត្រូវផ្តន្ទាទោសលើជនដែលបានប្រព្រឹត្តបទហិង្សាដោយចេតនា ត្រូវបានកំណត់ និងបែងចែកខុសៗគ្នាតាមរូបភាពនៃអំពើ ឬ/និងទំហំព្យសនកម្ម (ការខូចខាត) ដូចខាងក្រោម៖
១៖ បទហិង្សាដោយចេតនា
មាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌបានបញ្ញត្តថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល ។
២៖ ត្រូវចាត់ទុកថាជាបទហិង្សាដោយចេតនាដូចគ្នាផងដែរ (មាត្រា២២៥-មាត្រា២២៧) ចំពោះអំពើដូចខាងក្រោម៖
• អំពើដែលឲ្យអ្នកដទៃផឹក លេប ឬបញ្ចូលទៅក្នុងខ្លួនអ្នកដទៃ តាមមធ្យោបាយណាក៏ដោយ ដោយចេតនានូវសារជាតិពុលដែលបណ្ដាលឲ្យខូចសុខភាព។
• អំពើលក់ ធ្វើអនុប្បទាន ឬឲ្យចំណី ឬភេសជ្ជៈ ដោយដឹងថាចំណី ឬភេសជ្ជៈនោះមានសារជាតិពុលនាំឲ្យខូច សុខភាព ។
• អំពើប្រព្រឹត្តឡើងដោយចេតនា ដោយដាក់បញ្ចូលនូវសារជាតិពុលនាំឲ្យខូចសុខភាពទៅក្នុងទឹកសម្រាប់ហូបជាសាធារណៈ ។
៣៖ ស្ថានទម្ងន់ទោសចំពោះបទហិង្សាដោយចេតនា (មាត្រា២១៨ - មាត្រា២២២)
៣-១៖ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០០០ (បួនលាន) រៀល ដល់ ១០,០០០,០០០ (ដប់លាន) រៀល កាលបើអំពើហិង្សានេះបានប្រព្រឹត្តទ្បើងក្នុងស្ថានភាពណាមួយដូចខាងក្រោម៖
• ប្រព្រឹត្តទ្បើងដោយមានការគិតទុកជាមុន។
• ប្រព្រឹត្តទ្បើងដោយប្រើអាវុធ ឬគំរាមគំហែងនឹងអាវុធ ។
• ប្រព្រឹត្តដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត
• ប្រព្រឹត្តលើបុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ។
• ប្រព្រឹត្តលើនារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង ។
• ប្រព្រឹត្តលើបុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជំងឺ ឬពិការភាព កាលបើស្ថានភាពបុគ្គលនេះត្រូវបានគេឃើញជាក់សែ្តង ឬកាលបើជនល្មើសបានដឹង។
• ប្រព្រឹត្តលើជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីរារាំងជននេះកុំឲ្យប្តឹងបរិហារពីបទល្មើស ឬសុំឲ្យធ្វើការជួសជុលព្យសនកម្ម។
• ប្រព្រឹត្តលើសាក្សី ដើម្បីរារាំងកុំឲ្យឆ្លើយផ្តល់ភស្តុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬនៅក្នុងនីតិវិធីនៃបណ្តឹងផ្សេងទៀត ។
• ប្រព្រឹត្តលើជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី ពីព្រោះជននេះបានបរិហារពីបទល្មើស ឬ សុំឲ្យជួសជុលព្យសនកម្ម ។
• ប្រព្រឹត្តលើសាក្សី ដោយមូលហេតុសាក្សីនេះបានផ្តល់ភស្តុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬ នៅក្នុងនីតិវិធីនៃបណ្តឹងផ្សេងទៀត ។
• ប្រព្រឹត្តដោយអ្នករាជការសាធារណៈនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ នៅក្នុងពេលបំពេញមុខងាររបស់ខ្លួន ។
• ប្រព្រឹត្តដោយសហព័ទ្ធ (ប្តី ឬ ប្រពន្ធតាមច្បាប់) ឬដោយអនីតិសង្វាសជន (ជនដែលរស់នៅជាមួយគ្នាដូចប្តី-ប្រពន្ធតែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍) របស់ជនរងគ្រោះ។
៣-២៖ អំពើហិង្សាដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ កាលបើអំពើនេះនាំឲ្យមានការកាត់អវយវៈ ឬ ឲ្យមានពិការភាពជាអចិន្រ្តៃយ៍ដល់ជនរងគ្រោះ (មាត្រា២២៣) ។
៣-៣. អំពើហិង្សាដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ កាលបើអំពើនេះបណ្ដាលឲ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់ (មាត្រា២២៤) ។
៤៖ បទហិង្សាស្រាល (បទលហុ)
អំពើប្រព្រឹត្តទៅលើអ្នកដទៃនូវហិង្សាស្រាល ដែលមិននាំឲ្យមានរបួសនោះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥,០០០ (ប្រាំពាន់) រៀល ទៅ ១០០,០០០ (មួយសែន) រៀល (មាត្រា២២៨) ។
សរុបមកបទហិង្សាដោយចេតនាក្នុងក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បញ្ញត្តយ៉ាងច្បាស់លាស់ អំពីគោលការណ៍ដើម្បីធានាប្រសិទ្ធិភាព កំណត់ការផ្តន្ទាទោស ទោសពិន័យ ពីអំពើដែលជនល្មើសបានប្រព្រឹត្តទៅលើអ្នកដទៃ ក៏ដូចជាបង្កចលាចលដល់សង្គម ធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ ។
រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា មាស រ៉ាវីន ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំនិងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group។