Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមជល់មាន់២ក្រុម នៅខេត្តកំពង់ស្ពឺ កើតជម្លោះពាក្យសម្តី ឈានដល់ការកាប់គ្នាស្ទើរដាច់ដៃ, សមត្ថកិច្ចកំពុងតាមចាប់ជនបង្ក ដើម្បីមកទទួលទោសតាមច្បាប់

11-11-2018 11:28

(កំពង់ស្ពឺ)៖ ក្រុមជល់មាន់ចំនួន២ក្រុម បានបង្កជម្លោះពាក្យសម្តីជាមួយគ្នា និងឈានទៅដល់ការកាប់ដៃ បុរសម្នាក់ស្ទើរដាច់ប្រអប់ដៃ ដោយសារតែស៊ីសងលុយគ្នាមិនត្រូវ។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុច លួចលាក់ជុលមាន់១កន្លែង ក្នុងព្រៃខាងកើតភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។

មន្ដ្រីនគរបាលមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឲ្យដឹងថា ក្រុមជល់មាន់២ក្រុមនេះ បានបង្កជម្លោះពាក្យសម្តីជាមួយគ្នា និងឈានទៅដល់ការកាប់ដៃ បុរសម្នាក់ស្ទើរដាច់ប្រអប់ដៃ មូលហេតុដោយសារតែក្រុមទាំង២ បានជល់មាន់ជាមួយគ្នា ប៉ុន្ដែស្នើគ្នាមិនស៊ីសង តែភាគីម្ខាងទៀតមិនព្រម ក៏បង្កជម្លោះកាប់គ្នាបណ្តាលឲ្យកាប់គ្នារងរបួសបែបនេះតែម្ដង។

មន្ដ្រីនគរបាល បានបន្ថែមថា បុរសរងគ្រោះឈ្មោះ ប៊ុន សីហ (ហៅតែ) អាយុ២៦ឆ្នាំ នៅភូមិបឹងឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល របួសដៃឆ្វេងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកជនបង្កឈ្មោះ ហួត លីវ៉ើយ អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រត់គេចខ្លួនបាត់។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងចុះស្រាវជ្រាវករណីខាងលើនេះ ដើម្បីចាប់ជនបង្កមកទទួលទោសតាមច្បាប់៕